ប្រិយមិត្តមួយចំនួន ទំនងជាបានជ្រាបរួចមកហើយថា មុននឹងក្លាយជាតារាកំប្លែងដ៏ល្បី មានផ្ទះធំទ្រនំខ្ពស់ដូចសព្វថ្ងៃនេះ បើក្រឡេកទៅមើលជីវិតអតីតកាលរបស់នាយក្រូច កាលពីជាង១០ឆ្នាំមុនវិញ ឃើញថា ដុនដាបខ្លាំងណាស់ រកអង្ករច្រកឆ្នាំសឹងពុំបានផង។ បើនិយាយពីផ្ទះវិញ គឺដំបូលប្រក់មេឃ ពេលភ្លៀងម្តងៗ សុំផ្ទះគេជ្រកទៀតផង។
នាយ ក្រូច មានឈ្មោះពិតថា សេន សុប៊ុន កើតនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ១៩៧៩ នៅភូមិត្រាចកុះ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នាយក្រូច ជាកូនទី២ក្នុងចំណោមបងប្អូន៣នាក់(ស្រី២ប្រុស១)ដែលមានឪពុកឈ្មោះ ញ៉ែម ប៊ឿន អាយុ៥៨ឆ្នាំ ជាគ្រូខ្មែរព្យាបាលជំងឺជាច្រើនមុខ និង ម្តាយឈ្មោះ ឃឹម យ៉ាន អាយុ៦២ឆ្នាំអតីតតួល្ខោនសព្វថ្ងៃជាស្ត្រីមេផ្ទះ។ រីឯប្អូនស្រីពៅរបស់នាយ គឺនាង អ៊ីត ជាតារាកំប្លែងរួមក្រុមសព្វថ្ងៃដែលមានឈ្មោះពិតថា សេន ចិន្តា។
នៅក្នុងអំឡុងពេលធ្វើការនៅរោងចក្រ នាយក្រូចបានរៀបការជាមួយនឹងនារីរួមស្រុកឈ្មោះ ប្រាក់ សុវណ្ណ តាមការចាត់ចែងរបស់ចាស់ទុំ ដែលនៅពេលនេះនាយមានកូនពីរនាក់(ស្រី១ប្រុស១)។ រីឯនាង អ៊ីត វិញក៏មានគ្រួសាររួចហើយដែរ។
នាយ ធ្លាប់រៀបរាប់ពីប្រវត្តិដ៏កម្សត់របស់ខ្លួន ពេលមកភ្នំពេញដំបូងថា ៖ «មកភ្នំពេញដំបូង ចង់ធ្វើរោងចក្រ តែគេសុំ១៥០ដុល្លារមុន អត់ប្រាក់ទេ ម្តាយក៏លក់គោឲ្យទម្រាំបាន លុះឲ្យប្រាក់គេសង្ឃឹមបានធ្វើការ តែចាំយូរទៅៗ ទើបដឹងថាគេបោក ពេលនោះ ខ្ញុំចាប់ផ្តើមវេទនាមែនទែន ផ្ទះក៏អត់នៅ ទៅស្រុកក៏អត់ហ៊ានទៅព្រោះខ្មាសគេ ខ្ញុំក៏ត្រាច់ចរពេញភ្នំពេញហ្នឹងតែម្តង ចុងក្រោយខ្ញុំទៅដេកនៅសំយាបសាលាឥន្ទ្រទេវី ខ្ញុំសល់តែ២០០០រៀលប៉ុណ្ណោះ ទិញនំបុ័ងហូបសន្សំសំចៃបន្តិចម្តងៗ ផឹកទឹកទុយោ អស់រយៈពេល១សប្តាហ៍។ ពេលនោះខ្ញុំមិនមែនជាមនុស្សទេ ដូចខ្មោចអ៊ីចឹង មូសខាំពេក សូម្បីតែធ្វើសំណង់ក៏គេលែងយកដែរ»។
នាយ ក្រូច បន្តថា ៖ «សំណាងដែរ នៅពេលស្ទើរតែដាច់ពោះទៅហើយ ក៏បានជួបនឹងអ្នកស្គាល់គ្នាគេនាំឲ្យចូលធ្វើការរោងចក្រក៏បានប្រាក់ខែខ្លះ តែធ្វើមិនបានប៉ុន្មានផង ខ្ញុំក៏សម្រេចចិត្តឈប់វិញ ព្រោះប្រាក់ខែ៤០ដុល្លារពេលនោះចាយអត់គ្រប់ ហើយម្តាយខ្ញុំបានឲ្យខ្ញុំត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីហាត់រៀនកំប្លែង ហើយខ្ញុំ និងអាអ៊ីត ក៏ទៅហាត់បន្តនៅខេត្តកំពង់ស្ពឺ ពេលនោះរៀនផង រត់ម៉ូតូឌុប រត់រ៉ឺម៉ក និងលក់ធ្យូងផង។ តែឆ្លៀតពេលខ្ញុំតែងឈប់មើលលោកគ្រូកុយ គ្រូសានម៉ៅ ច្រៀងកំប្លែងកាត់សក់នៅតាមរោងការ ខ្ញុំមានកូនសៀវភៅមួយសម្រាប់កត់ត្រាថា អ្នកណាលេងស្ទីលអីៗ ហើយយកមកបំបែកខ្លួនឯង»។
ដោយក្តីព្យាយាម នាយ ក្រូច ក៏មានឱកាសបានបញ្ចេញសមត្ថភាពយូរៗម្តងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ជាមួយនាយ តឹង និងនាយ តាក់ស៊ី ហើយក្រោយមកនាយតាក់ស៊ីក៏បានបបួលទៅប្រឡងនៅស៊ីធីអិន តែជំហានដំបូងនាយក្រូចបានបដិសេធ ព្រោះនាយតែងវង្វេងផ្លូវនៅភ្នំពេញ និងខ្លាចការប្រឡងមានការប្រើលុយកាក់ជាសំណូក។ ទីបំផុតក្រោយប្រឡងនាយ ក្រូច ក៏បានក្លាយជាតារាកំប្លែងប្រចាំទូរទស្សន៍ស៊ីធីអិន ព្រមគ្នាជាមួយនឹងប្អូនស្រីរបស់ខ្លួនគឺនាង អ៊ីត និងក្មួយប្រុស គឺនាយ ចឺម។
ទោះយ៉ាងណា នេះគ្រាន់តែជីវិតពីអតីតកាលប៉ុណ្ណោះ ខណៈបច្ចុប្បន្នវិញ នាយក្រូច មានជីវភាពធូរធារខ្លាំងណាស់ ហើយកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ នាយក្រូច បានធ្វើពិធីឡើងគេហដ្ឋានថ្មីនេះ ជាមួយនឹងការស្លៀកពាក់ឈុតប្រពៃណីជាមួយភរិយា។
ដោយឡែក នៅថ្ងៃនេះ ជាថ្ងៃខួបកំណើតរបស់លោកនោះ ស្រីអ៊ីត ដែលជាប្អូនស្រី បានធ្វើការបង្ហោះរូបថត១សន្លឹក ជាមួយគ្នា ហើយរៀបរាប់ថា «រីករាយថ្ងៃខួបកំណើតបងប្រុស ថ្ងៃដែលបងកើតពីផ្ទៃម្តាយឃើញពិភពលោក ថ្ងៃដែលយើងកើតមករួមសាច់ឈាមជាបងប្អូននឹងគ្នា អោយបងមានសុខភាពល្អ ជៀសផុតពីអ្វីមិនល្អ មានលុយច្រើនៗ ហេង ហេង 5.2.2023»។
ងាកមក នាយក្រូច ក៏បានបង្ហោះរូបថតជាច្រើនសន្លឹក ហើយជូនពរខ្លួនឯងថា «ថ្ងៃទី05/02/1979»05/02/2023ឆ្នាំនេះអាយុ44ឆ្នាំភ្លេចៗអត់ដឹងខ្លួនចាស់ ខំរកស៊ីពាក់កណ្ដាលជីវិត្តហើយ ថ្ងៃនេះជាថ្ងៃកំណើតខ្ញុំសូមជូនពរខ្លួនឯង និងជូនពរបងប្អូនទាំងអស់អោយជួបតែសំណាងល្អ សុខភាពល្អ រកស៊ីមានបាន មានសុភមង្គលពេញមួយជីវិត្ត ថ្ងៃកំណើតក៏នៅរកស៊ីដែរអោយតែបងប្អូនពេញចិត្ត»៕