ឱក សុគន្ធកញ្ញា ជាតារាចម្រៀងម្នាក់ ដែលចាប់ផ្ដើមប្រឡូកសិល្បៈដំបូងបញ្ចេញស្ទាយលេងខ្លួនដូចមនុស្សប្រុសអញ្ចឹង តែក្រោយមក នាងក៏បានផ្ដាស់ប្ដូរការតុបងតែងខ្លួន ធ្វើឲ្យរូបសម្រស់លេចធ្លោងាយឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងណាស់។
ស្ទាយលេងខ្លួនកាន់តែប្រសើរទៀតនោះ ក្រោយពេលអ្នកនាងមានស្វាមី មានកូន ដោយបង្ហាញខ្លួនក្នុងកម្មវិធីណាមួយ ឃើញសម្លៀកបំពាក់ផ្លាស់ប្ដូរគ្រប់ម៉ូដ ហើយមើលទៅសុទ្ធតែស្រស់ស្អាត ធ្វើឲ្យសម្រស់របស់នាងកាន់តែលេចធ្លោតែម្ដង។
ទោះយ៉ាងណា ការលេងសម្លៀកបំពាក់របស់កំពូលតារាចម្រៀងរូបនេះ កម្រមានភាពស៊ិចស៊ីខ្លាំងណាស់ ហើយពេលទៅណាមកណា តែងតែមានអ្នកគាំទ្រសុំថតជានិច្ច ព្រោះតែក្ដីស្រឡាញ់ចំពោះកំពូលតារាចម្រៀង ដែលមានចរិតរួសរាយរាក់ទាក់រូបនេះ។ ក្នុងនោះ ក្នុងចំណោម អ្នកគាំទ្ររបស់ ឱក សុគន្ធកញ្ញា ក៏មានតារាចម្រៀងដូចគ្នាផងដែរ។
ជាក់ស្ដែង ថ្មីៗនេះ តារាចម្រៀងOriginal Song កញ្ញា Nikki Nikki បានបង្ហោះវីដេអូ បង្ហាញពីសកម្មភាពសុំតារាចម្រៀង ឱក សុគន្ធកញ្ញា ថត ជាមួយនឹងការពោលពាក្យថា «OMG! ខ្ញុំ បានជួបបង ឱក សុគន្ធកញ្ញា កាលពីយប់មិញ ដែលនេះ ជាការជួបលើកទី២ហើយ។ គាត់ពិតជាអស្ចារ្យណាស់, ស្អាត, ចេះបន្ទាបខ្លួន, legendary, ស្រឡាញ់បងខ្លាំងណាស់។ អរគុណចំពោះពាក្យសរសើរក្រុមរបស់នាងខ្ញុំ»។
នៅក្នុងវីដេអូនោះ គេឃើញ Nikki Nikki បានបង្ហាញអារម្មណ៍រំភើប ភ័យ ញ័រដៃ ញ័រជើង បែកញើសជោក ពេលបានជួបអាយដលក្នុងចិត្តជាលើកទី២នោះ ហើយអ្នកនាង ឱក សុគន្ធកញ្ញា វិញ ក៏បានបញ្ជាក់ និងបង្ហាញពីអារម្មណ៍រំភើបដូចគ្នា។
ចំពោះអារម្មណ៍ភ័យផង រំភើបផង រហូតចង់យំនោះ ត្រូវបានកញ្ញា Nikki Nikki បញ្ជាក់ក្នុងវីដេអូដែរថា រយៈពេល១៤ ឆ្នាំ លើវិស័យសិល្បៈ នាងបានជួប អ្នកនាង ឱក សុគន្ធកញ្ញា បាន ២ លើកតែប៉ុណ្ណោះ ហើយមូលហេតុ ដែលនាងមានប្រតិកម្មដល់ថ្នាក់ចង់យំបែបនេះ ក៏ព្រោះតែអ្នកនាង ឱក សុគន្ធកញ្ញា ជាតារាចម្រៀងក្នុងដួងចិត្តរបស់នាង ដែលនាងបានច្រៀងចម្រៀងរបស់អ្នកនាង ឱក សុគន្ធកញ្ញា តាំងពីក្មេងមក៕ ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖