បើនិយាយដល់គ្រួសារត្រកូល «ខាត់» ច្បាស់ណាស់ថា ប្រិយមិត្តប្រាកដជានឹកដល់កេរ្តិ៍ឈ្មោះដ៏ពីរោះ និងក្រអូបសាយ របស់តារាពហុជំនាញអ្នកនាង ខាត់ សុឃីម ដែលជាតារាមួយរូប មានភាពល្បីល្បាញខ្លាំងក្នុងចំណោមតារាជាច្រើនទៀតក្នុងសង្គមសិល្បៈខ្មែរ។
តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម បានសម្រេចចិត្តចូលរោងការតាមប្រពៃណី ជាមួយស្វាមី លោក អ៊ិន សុបញ្ញា ហៅ ផាណូ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ដោយគិតមកដល់ពេលនេះមាន រយៈពេល១០ឆ្នាំ មកហើយ។ រហូតមកដល់ពេលនេះ អ្នកនាង ខាត់ សុឃីម មានកូនចំនួន២នាក់។
បើនិយាយដល់កូនប្រុស របស់អ្នកនាង «Skyz» ភ្លាម ប្រិយមិត្តមួយចំនួនច្បាស់ជាបានជ្រាបហើយថា ពេលនេះរូបគេ បានពេញកំលោះបាត់ទៅហើយ។ ស្ថិតក្នុងវ័យ១៧ឆ្នាំ Skyz មានរូបរាងខ្ពស់សង្ហា រហូតដល់អ្នកនាង ខាត់ សុឃីម ជាម្ដាយ ធ្លាប់ដាក់បម្រាបកុំឲ្យកូនមានសង្សារច្រើនទៀតផង។
ទោះយ៉ាងណា Skyz មិនមែនជាតំណក់ឈាមរួមគ្នារវាងលោក ផាណូ និង អ្នកនាង ខាត់ សុឃីម នោះទេ ប៉ុន្ដែកន្លងមក លោក ផាណូ តែងរំលេចពីក្ដីស្រឡាញ់ និង មើលថែគ្រួសារតូចរបស់លោកយ៉ាងល្អ ថែមទាំងបង្ហាញភាពស្និទ្ធស្នាល ចាត់ទុក Skyz ដូចជាកូនប្រុសបង្កើតអ៊ីចឹង។
ជាក់ស្ដែង កាលពីពេលថ្មីៗកន្លងទៅនេះ លោក ផាណូ បានថតរូបជាមួយ Skyz ហើយបង្ហោះនៅលើបណ្ដាញសង្គម អមដោយសារផ្ដាំទៅកូនប្រុសបែបលេងសើចថា ៖ «ពេលនេះកូនខ្ពស់ជាងប៉ាហើយ ឱកាសកូនក៏មានច្រើនជាងប៉ាដែរ អ៊ីចឹងទុកផ្លូវឱ្យប៉ាដើរផង មើលតែស៊េរីកូនបានហើយ»។
ដោយឡែក ថ្មីៗនេះ អ្នកនាង ខាត់ សុឃីម បានបង្ហោះរូបថតកូនប្រុសរបស់ខ្លួនខាងលើនេះ អៀវខ្លួននៅលើទឹកដីអាមេរិក ហើយពោលពាក្យគួរឲ្យចាប់អារម្មណ៍ថា «My សង្សារ បញ្ញាស្កាយ យសស័ក្ដិ»៕