រាជធានីភ្នំពេញ ៖ កាលពីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីតារាចម្រៀងស្រីរបស់ផលិតកម្មរស្មីហង្សមាស គឺកញ្ញា វី ឌីណែត ដែលគេស្គាល់ថាជាកូនស្រីរបស់កំពូលតារាជើងចាស់លោក ហួរ ឡាវី បានបញ្ចេញអារម្មណ៍សោកសៅមួយនៅទំព័រហ្វេសប៊ុករបស់ខ្លួន ដោយកញ្ញាបានរៀបរាប់ពីជីវិតពិតក្នុងពេលបច្ចុប្បន្ន បន្ទាប់ពីម្ដាយបានចែកឋានទៅកាលពីប៉ុន្មានខែមុននេះ ។
ដោយភ្ជាប់ជាមួយរូបភាពអង្គុយយ៉ាងស្រងេះស្រងោយ កញ្ញា វី ឌីណែត បានសរសេរជាសំណេរដែលហាក់លាតត្រដាងឱ្យដឹងពីអារម្មណ៍ពិតរបស់នាងថា «មានទេអ្នកយល់អារម្មណ៍មួយនេះ? មានទេអ្នកដែលឯកា? មានទេអ្នកដែលយល់ពីចិត្តខ្ញុំ មានទេអ្នកដែលក្បែរខ្ញុំ? ខ្ញុំជឿជាក់ថាអ្នកដែលធ្លាប់ធ្លាក់ដល់សូន្យដូចខ្ញុំទើបយល់អារម្មណ៍មួយនេះ ម៉ាក់កូននឹកម៉ាក់ សង្ឃឹមថាម៉ាក់បានស្ដាប់លឺណាម៉ាក់» ។
ទន្ទឹមនឹងនោះ ក៏មានមិតជាច្រើនបានចូលរួមលើកទឹកចិត្តដល់តារាស្រីដែលរូបឆោមស្រស់ស្អាតរូបនេះ បើទោះបីការរៀបរាប់ខាងលើនេះជាអារម្មណ៍មួយនៅក្នុងបទចម្រៀងថ្មីក្ដី ប៉ុន្តែគេសន្និដ្ឋានថា នេះគឺជាអារម្មណ៍ពិតក្នុងជីវិតរបស់នាងផងដែរ ព្រោះបទចម្រៀងថ្មីដែលមានចំណងជើងថា «សូន្យ» គឺនិពន្ធទំនុកច្រៀងដោយរូបនាងផ្ទាល់តែម្ដង ។
ហើយបទចម្រៀងនេះ ពិតជាមានអត្ថន័យចាក់ដោតយ៉ាងខ្លាំង រហូតដល់លោក ហួរ ឡាវី ជាឪពុកក៏ទប់អារម្មណ៍មិនជាប់ និងបានរៀបរាប់យ៉ាងសោកសង្រេងថា «អរគុណណាស់កូនស្រីសម្រាប់បទចំរៀងមួយបទនេះ ប៉ាពិតជានឹកដល់ម៉ាក់កូនណាស់ តែទោះជាយ៉ាងណាក៏កូនត្រូវតែរឹងមាំដើម្បីបន្តទៅមុខទៀត ស៊ូៗកូន» ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖