រហូតមកដល់ពេលនេះ ឧកញ៉ាព្រាប សុវត្ថិ បានរៀបការជាមួយភរិយាជាង២០ឆ្នាំមកហើយ ដោយទទួលបានចំណងដៃកូនប្រុស៣នាក់ ប៉ុន្តែ ជីវិតប្ដីប្រពន្ធរបស់លោកវិញ ហាក់កាន់តែមានភាពផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យសរសើរខ្លាំងណាស់។
មហាជន បានចាត់ទុកគ្រួសារកំពូលតារាចម្រៀងរូបនេះ ជាគ្រួសារគំរូមួយ ព្រោះមានកូនប្រុសទាំងបីប្រកប ដោយគន្លងធម៌ ហើយមិនដែលលេចឮរឿងអាស្រូវណាមួយកើតឡើងនោះឡើយ។
ជាការកត់សម្គាល់ រាល់ការទៅចូលរួមកម្មវិធីនានារួមទាំងការប្រគំតន្ត្រីជាដើម លោកជំទាវ ឡុង ស្រីមុំ តែងតែទៅជួយមើលការខុសត្រូវស្វាមីលើការរៀបចំសំលៀកបំពាក់តុបតែងមុខមាត់ជាដើម ដូចព្រះរាជបុត្រអញ្ចឹង ហើយនៅលើបណ្ដាញសង្គម ឧកញ៉ាព្រាប សុវត្ថិ និងភរិយា ក៏ឧស្សាហ៍ បង្ហាញភាពផ្អែមល្ហែមជាមួយគ្នាផងដែរ។
ដោយឡែក នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ឧកញ៉ា ព្រាប សុវត្ថិ បានបង្ហោះរូបថតចំនួន២សន្លឹក ហើយឲ្យអ្នកគាំទ្រធ្វើការទស្សន៍ទាយថា «រូបថតអនុស្សាវរីយ៍ បងប្អូនទាយមើល តើក្នុងពោះរបស់គាត់ជាកូនទីប៉ុន្មាន?»។
ដោយឃើញបែបនេះ អ្នកគាំទ្រចូលខំមិនឆ្លើយខុសៗគ្នាថា «ទី១, ទី២, កូនពៅ, ពៅ ព្រោះមានក្មេងនៅជិត២នាក់, បើតាមការស្មានរបស់ខ្ញុំគឺកូនទី១»។ ក្នុងចំណោមខំមិនជាច្រើននោះ មានខំមិនមួយសួរត្រង់ៗថា «បងស្រីគ្រប់អាយុទេបង កាលការ»។ ជាការឆ្លើយតប ឧកញ៉ា ព្រាប សុវត្ថិ បញ្ជាក់ថា «បាទអូនកាលការគ្រប់អាយុដូចគ្នា»។
គួរបញ្ជាក់ថា កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានរៀបការជាមួយភរិយាឈ្មោះ ឡុង ស្រីមុំ ក្នុងឆ្នាំ ១៩៩៧ នៅភ្នំពេញ ហើយរហូតមកទល់ពេលនេះ ទទួលបានចំណងដៃកូនប្រុសចំនួន៣នាក់ ដែលជាតារាចម្រៀងផងដែរ រួមមាន សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវឌ្ឍ៕