ក្រោយពីស្រឡាញ់គ្នាអស់រយៈពេល៦ឆ្នាំនោះ, កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងឯករាជ្យ ងួន ចាន់ដេវីត ហៅG-DevithឬDITWAY និង តារាចម្រៀង ទេព បូព្រឹក្ស បានមានដំណក់ឈាមរួមគ្នា បង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង។
រហូតមកដល់ពេលនេះ តារាចម្រៀង ទេព បូព្រឹក្ស បានពពោះកូនដំបូងរបស់ខ្លួនជាមួយG-Devithអស់រយៈពេល៨ខែទៅហើយ ជាមួយនឹងពោះខ្ទាតកាន់តែធំ។ ប៉ុន្តែ កន្លងមក ពួកគេ មិនទាន់បញ្ជាក់នៅឡើយថា ជាកូនស្រី ឬកូនប្រុសនោះ។
ងាកមកអ្នកគាំទ្ររបស់ពួកគេវិញ មានអ្នកខ្លះទាយថា ជាកូនស្រី អ្នកខ្លះក៏ទាយថាកូនប្រុស ដោយលើកយកហេតុផលផ្សេងៗមកបញ្ជាក់។ ចំណែក សុភ័ក្រ កុសុម៉ា ដែលជាមិត្តសម្លាញ់ទេព បូព្រឹក្ស ធ្លាប់បានទាយថា ទារកក្នុងផ្ទៃ ទេព បូព្រឹក្ស គឺជាកូនស្រី ព្រោះឃើញនាងចាក់អាវអំបោះពណ៌ផ្កាឈូក។
ទោះយ៉ាងណា នៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ ទេព បូព្រឹក្យ និង ងួន ចាន់ដេវីត បានរៀបចំពិធីជប់លៀង១ ដោយអញ្ជើញអ្នកសិល្បៈមួយចំនួនចូលរួម ហើយក៏បើកបង្ហាញពីភេទ កូនរបស់ខ្លួនឲ្យអ្នកចូលរួមបានដឹងរួចហើយ។
ជាក់ស្ដែង នៅមុននេះបន្តិច Alex CoNan ដែលជាអ្នកចូលរួម បានបញ្ជាក់ច្បាស់ៗថា កូនរបស់តារាចម្រៀងឯករាជ្យទាំង២នាក់ខាងលើនេះ ជាកូនប្រុស។ Alex CoNan បានបញ្ជាក់ដូច្នេះថា «ចែTep Boprekបានកូនប្រុសនិយាយលែងចេញម៉ង មិនអីទេចាំក្មួយប្រុសខ្ញុំធំឡើងអាយុ4ឆ្នាំបង្រៀនតែងស្រីដូចមីងតា»។
តាមរយៈនេះ ឃើញថា ខុសពីការទស្សន៍ទាយរបស់ សុភ័ក្រ កុសុម៉ា រួមនឹងអ្នកគាំទ្រមួយចំនួន ពិសេស ធ្វើឲ្យ Alex CoNanដាច់ចង្កេះភឹងតែម្ដង គិតថាកូនស្រី បែរជាបានកូនប្រុសទៅវិញ។ ទោះយ៉ាងណា Alex CoNanប្ដេជ្ញា តែងខ្លួនស្រីឲ្យដដែលនៅពេលកូនរបស់ទេព បូព្រឹក្ស និងG-Deivithអាយុ៤ឆ្នាំនោះ៕