លោកឌួង ឆាយ ត្រូវបានគេមើលឃើញថា ជាបុគ្គលមួយរូប ដែលសកម្មទៅនឹងការងារមនុស្សធម៌ដោយលោក តែងតែជួយអ្នកដទៃតាមរយៈការបង្ហោះសារដាស់តឿន, ជូនដំណឹង, ការផ្ដល់ការងារ ពិសេសការជួយជាថវិកាដល់អ្នកខ្វះខាត, អ្នកមានប្រវត្តិតស៊ូជាដើមនោះ។
ជាក់ស្ដែង កាលពីអំឡុងខែមេសា ឆ្នាំ២០២២ លោកធ្លាប់បង្ហោះសារដាស់តឿនស្មារតីយុវជនថា «យុវជនជាច្រើនចង់ជោគជ័យ។ ប៉ុន្តែនៅលេងហ្គេម។ ប្តូរពីការលេងហ្គេមមកធ្វើការយកបទពិសោធន៍ ឬ សិក្សាស្រាវជ្រាវជំនាញបន្ថែមបានជោគជ័យ»។
បន្ថែមលើនេះ, នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ លោកបានទម្លាយរឿងអាខោនមួយ ដែលប្រើរូបស្រីស្អាត ទាក់ទាញលោកឲ្យបង្កើតអាខោនល្បែងតាមអនឡាញ។ តែលោកមិនតបតនោះទេ ហើយស្ក្រីនសតយកមកបង្ហោះ ដាស់តឿនអ្នកគាំទ្ររបស់ខ្លួនតែម្ដង។
បង្ហោះភ្ជាប់ជាមួយស្ក្រីនសតនោះ, លោក ឌួង ឆាយ បានក្រើនរំលឹកដូច្នេះថា «សូមពូមីងបងប្អូនជឿខ្ញុំទៅណា កុំលេងល្បែងស៊ីសងណា ពាក្យចាស់លោកពោលថា មេមិនដែលក្រោមពងទេណាជារឿងពិតហើយចុះទម្រាំលេងល្បែងតាម Online ទៀត។ ហើយខ្ញុំក៏សូមចិត្តបើមិនបានជួយខ្មែរទេសូមកុំព្យាយាមបំផ្លាញខ្មែរ។
ឌួង ឆាយ»។
តាមរយៈនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានបង្ហាញការគាំទ្រលោក ដោយលើកឡើងថា «ត្រូវហើយបងល្បែងតែងតែវិនាស, មែនតើបងលេងតែល្បែងហើយតាំងស្រែកថា ក្រក្រស្រុកខ្ញុំសំបូណាស់អ្នកលេងបៀជល់មាន់, ត្រឹមត្រូវណាស់លោក ឧកញ៉ាចិត្តធម៌»៕