កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ លោកគ្រូ អ្នកគ្រូ ក្រុមប្រឹក្សាយុវជន បានចុះអនុវត្តវិន័យ នៅវិទ្យាល័យសម្ដេចតេជោហ៊ុនសែន សំពៅលូន ធ្វើឲ្យអ្នកលេងបណ្ដាញសង្គម ផ្ទុះការវែកញែក និងស្នើកុំឲ្យធ្វើវិធីចាស់គំរឹលបែបនេះតទៅទៀត។
ការវែកញែកនេះ នៅពេលពួកគេឃើញរូបថតជាច្រើនសន្លឹក ដែលវិទ្យាល័យសម្តេចតេជោហ៊ុនសែន សំពៅលូន ធ្វើការបង្ហោះ កាលពីថ្ងៃទី២៣ ខែមករា អមដោយCaptionបញ្ជាក់ថា «ការចុះអនុវត្តវិន័យ របស់លោកគ្រូអ្នកគ្រូនឹងក្រុមប្រឹក្សាយុវជន…
ថ្ងៃច័ន្ទ ២ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី23 ខែមករា ឆ្នាំ2023»។
ក្រោយពីមានការរិះគន់ជាច្រើននោះ ខាងសាលា ក៏បានធ្វើការបកស្រាយរួចហើយថា នេះជាវិន័យរបស់សាលាមានតាំងពីយូរណាស់មកហើយ ដោយតម្រូវឲ្យសិស្សប្រុសទាំងអស់កាត់សក់ប៉េអឹម។ ចំពោះវិន័យនេះ ក៏បានប្រជុំជាមួយអាណាព្យាបាលសិស្សរួចហើយដែរ។
ជុំវិញរឿងនេះផងដែរ ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ជាង៣ពាន់នាក់ កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣, សម្ដេចតេជោ បានមានប្រសាសន៍ថា បើសិនជាយើងចង់តម្រូវនោះ មិនចាំបាច់ទៅយកកន្ត្រៃត្រង់ដឺ ទៅឈូសគ្នាកណ្ដាលថ្នាក់អញ្ចឹងទេ។
សម្ដេច បន្តថា កូនសិស្សរបស់យើង ដូចកូនរបស់យើងអញ្ចឹង ហៅទៅ សក់ហ្នឹងវាមិនទាន់ត្រូវខ្នាតទេ អញ្ចឹងរៀបចំកាត់សក់ឲ្យសិស្សទៅ គង់តែមានត្រង់ដឺដែរនោះ ហើយសក់ហ្នឹង មើលទៅក៏មិនជាសក់វែងអីដែរ សឹងតែសក់គ្រូនោះ វែងជាងសក់សិស្សទៅទៀត។ បន្ថែមលើនេះ សម្ដេច បានស្នើឲ្យកែប្រែឥរិយាបថពីការប្រើវិធីបង្ខំបែបនេះ ទៅជាមួយនឹងការអប់រំណែនាំឲ្យសិស្សកាត់វិញ៕