កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ លោកគ្រូ អ្នកគ្រូ ក្រុមប្រឹក្សាយុវជន បានចុះអនុវត្តវិន័យ នៅវិទ្យាល័យសម្ដេចតេជោហ៊ុនសែន សំពៅលូន ធ្វើឲ្យអ្នកលេងបណ្ដាញសង្គម ផ្ទុះការវែកញែក និងស្នើកុំឲ្យធ្វើវិធីចាស់គំរឹលបែបនេះតទៅទៀត។
ការវែកញែកនេះ នៅពេលពួកគេឃើញរូបថតជាច្រើនសន្លឹក ដែលវិទ្យាល័យសម្តេចតេជោហ៊ុនសែន សំពៅលូន ធ្វើការបង្ហោះ កាលពីថ្ងៃទី២៣ ខែមករា អមដោយCaptionបញ្ជាក់ថា «ការចុះអនុវត្តវិន័យ របស់លោកគ្រូអ្នកគ្រូនឹងក្រុមប្រឹក្សាយុវជន…
ថ្ងៃច័ន្ទ ២ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី23 ខែមករា ឆ្នាំ2023»។
ក្រោយពីមានការរិះគន់ជាច្រើននោះ ខាងសាលាក៏បានធ្វើការបកស្រាយរួចហើយថា នេះជាវិន័យរបស់សាលាមានតាំងពីយូរណាស់មកហើយ ដោយតម្រូវឲ្យសិស្សប្រុសទាំងអស់កាត់សក់ប៉េអឹម។ ចំពោះវិន័យនេះ ក៏បានប្រជុំជាមួយអាណាព្យាបាលសិស្សរួចហើយដែរ។
ទោះយ៉ាងណា សំឡេងនៃការរិះគន់នៅតែមាន ទើបទំព័រហ្វេសប៊ុកមួយឈ្មោះ «ឌី ចាន់នី – Education First» ធ្វើការវែកញែករឿងនេះ ដោយលើកហេតុផលមកពន្យល់យ៉ាងលម្អិតដូច្នេះថា « កាត់សក់សិស្ស ឡើងប្រាក់ខែ? ឡើងតំណែង? ចម្លើយ គឺអត់ទេ មានតែនាំទុក្ខដាក់ខ្លួន និងផលវិបាកដល់គ្រួសារ នៅក្នុងសាលាមានគ្រូ ៤ប្រភេទ៖ ទី1- គ្រូខ្លះខ្លាចសិស្ស ទៅបង្រៀនសុំតែសុខ សុំតែម៉ារួចខ្លួនទេ ទី2- គ្រូខ្លះមិនខ្វល់ច្រើន ទៅបង្រៀនដើម្បីបំពេញកិច្ច ហើយប្រញាប់ទៅផ្ទះវិញរកស៊ី ទី3- គ្រូខ្លះបង្រៀនគួរ មិនចង់មានបញ្ហាជាមួយសិស្សទេ ព្រោះខ្លាចបាត់សិស្សគួររបស់ខ្លួន ទី4- គ្រូខ្លះ មិនខ្លាចសិស្សទេ ចង់ពង្រឹងវិន័យ ចង់ឲ្យមានសណ្តាប់ធ្នាប់ល្អក្នុងសាលា។ ល។
👉មិនថាគ្រូបង្រៀនប្រភេទណាទេ គាត់នឹងទទួលបានប្រាក់ខែស្មើៗគ្នាពីរដ្ឋ (ចំពោះកម្រិតដូចគ្នា)។
ចំណែកសិស្សវិញមាន៖ ពូកែ ឧស្សាហ៍ ស្លូត ខូច ព្រហើន ច្រឡឺម ខ្ជិល កូនអ្នកក្រ កូនអ្នកមាន កូនអ្នកធំ។ ល។
ការប៉ះពាល់សិស្ស (ភាគច្រើន គឺប៉ះសិស្សខូច ខិល និងច្រឡឺមៗ)។ សិស្សក្រុមនេះតែងតែមានគ្នា មានបក្សមានពួក ចេះគុំគួន និងមិនសូវគោរពគ្រូទេ។ ប្រសិនបើមានការប៉ះពាល់ក្រុមនេះ គ្រូអាចគ្រោះថ្នាក់បាន តាមបទពិសោធន៍កន្លងមក វាបានកើតឡើងរួចហើយ គ្រូមួយចំនួនត្រូវរបួស ហើយក៏មានករណីដល់ស្លា,,ប់ក៏ធ្លាប់មាន។ បើប៉ះចំកូនអ្នកធំ នោះកាន់តែធ្ងន់ បញ្ហាមានច្រើនមិនអាចស្មានមុនបាន។
👉ចំពោះឪពុកម្តាយសិស្សខ្លះវិញ នៅជាមួយកូនខ្លួនច្រើនជាងគ្រូ ប៉ុន្តែមិនស្គាល់ចរិតកូនខ្លួនច្បាស់ ឬចាំតែការពារកូនគាត់ទេ។ ពេលខ្លះគាត់មករករឿងគ្រូដល់សាលា ឬគ្រូត្រូវរងការរិះគន់ និងបណ្តឹងផ្សេងៗ ដោយសារការប៉ះពាល់កូនគាត់។
👉ក្រសួងអប់រំវិញ មានភារកិច្ចអនុវត្តតាមច្បាប់ ចំពោះករណីធ្ងន់ធ្ងរ ឬជ្រុលដៃ នោះគ្រូត្រូវទទួលទោសតាមច្បាប់មិនខាន។
👉មហាជន និងអ្នកសារព័ត៌មាន ចាំតែវិភាគ និងនិយាយខុសត្រូវតាមការយល់ឃើញរបស់ខ្លួន ឬរិះគន់ ជេរស្តី។ ល។ ប៉ុន្តែខ្មែរយើងនៅមានពាក្យមួយដែលនៅប្រើនៅឡើយគឺ “បើសិស្សខ្សោយថាគ្រូមិនល្អ បើសិស្សពូកែថាមកពីពូជអញ”។
គ្រូណា ដែលមិនចង់ឲ្យសិស្សល្អនោះ? ប៉ុន្តែបើគ្រាន់តែចង់ឲ្យសិស្សល្អ ចង់ឲ្យកូនគេល្អ ហើយត្រូវប្រថុយ ត្រូវរងការមើលងាយ រិះគន់ ការប្រ,មាថ ត្រូវប្រឈមមុខហ្នឹងបញ្ហា ឬត្រូវរងគ្រោះ,,ថ្នាក់ ហេតុអ្វីបានជាមានគ្រូខ្លះតនៅតែធ្វើជាគ្រូប្រភេទទី៤ធ្វើអ្វីទៅ?
បើនិយាយពីប្រាក់ខែគឺនៅដដែល និងដូចគេដូចឯង អ៊ីចឹងធ្វើជាគ្រូទី១ ទី២ និងទី៣ទៅ នោះហ្នឹងមានសិស្សស្រលាញ់ចូលចិត្តច្រើនផង។ មានអីមិនល្អ គ្រួសារក៏សុខសាន្ត គ្មានអ្នកគុំកួន និងគ្មានអ្នករំខាន។
គ្រូបង្រៀនប្រភេទី៤ ក៏មានគ្រួសារត្រូវមើលថែរដូចអ្នកដែរ។ បើចង់ពង្រឹងវិន័យ ត្រូវគ្រោះ,,ថ្នាក់ដោយសារការគុំកួន តើអ្នកណាជាអ្នកមើលថែគ្រួសារគាត់ជំនួសគាត់ កូនតូចៗ ឪពុកម្តាយចាស់ តើទៅពឹងអ្នកណា?? បើដឹងហើយថា ធ្វើជាគ្រូប្រភេទទី៤ គ្មានអ្វីចំណេញសោះ មានតែបន្ថែមទុក្ខ ហេតុអ្វីប្រឹងម្ល៉េះ ហេតុអ្វីនៅតែហ៊ានធ្វើ? នោះគឺមនសិការ និងឈ្មោះថា “គ្រូបង្រៀន”៕
ជូនចំពោះលោកពូ ផែង វណ្ណ: (Facebook: Vannak Pheng) ក្មួយយល់ថា គ្រូម្នាក់នេះគាត់ប្រហែលជ្រុលដៃបន្តិច តែគាត់គ្មានជំងឺ “រោគចិត្ត” អីទេ នោះក៏ដោយសារគាត់គឺជាគ្រូប្រភេទទី៤។ សូមលោកពូមេត្តា និងយល់អធ្យាស័យ ចំពោះការប្រើពាក្យធ្ងន់ៗបែបនេះ “មានជំងឺរោគចិត្ត” ចំពោះគ្រូបង្រៀនផងចុះ ក្មួយសុំ។
លោកពូជាមនុស្សសង្គម មានគេស្គាល់ គេគោរពច្រើន ពាក្យសម្តីរបស់លោកពូ ពិតជាមានឥទ្ធិពល និងទៅដល់ដៃមនុស្សរាប់លាននាក់បាន។ ជូនចំពោះមហាជនទាំងឡាយ សូមមេត្តាយកបេះដូងរបស់អស់លោកអ្នកទៅដាក់ក្នុងបេះដូងរបស់គ្រូបង្រៀន ទាំង៤ប្រភេទនេះសិន ហើយចាំធ្វើការវិនិច្ឆ័យចុះ។
ពាក្យមួយឃ្លាដែលមនុស្សទូទៅតែងតែប្រើនៅពេលពួកគេជួបប្រទះ ឬមិនពេញចិត្តជាមួយនណាម្នាក់ គឺជាពាក្យមួយដែលពាក់ព័ន្ធទៅហ្នឹង “គ្រូបង្រៀន”។ ពាក្យនោះគឺ “មនុស្សគ្មានការអប់រំ”។ មិនថាសង្គមជាតិ ឬជាតិសាសន៍ណាទេ ពេលជួបរឿងល្អៗ ពេលរីករាយ គេមិនសូវលើកយកការអប់រំមកនិយាយទេ ហើយគ្រូបង្រៀនក៏មិនសូវបានត្រូវបានគេចងចាំដែរ ប៉ុន្តែគេតែងតែនឹកឃើញដល់ការអប់រំ នៅពេលដែលគេខកចិត្តជាមួយបុគ្គលណាម្នាក់ ហើយគេតែងតែពោលពាក្យថា “អាមនុស្សគ្មានការអប់រំ”។
ខ្ញុំមិនកាន់ជើងគ្រូបង្រៀនទេ សព្វថ្ងៃខ្ញុំតែងតែមិនពេញចិត្ត និងប្រតិកម្មហ្នឹងគ្រូបង្រៀនមួយចំនួន ដែលជ្រុលហួសហេតុ ពិសេសគឺច្របាច់កសិស្សឲ្យរៀនគួរ។ លើសពីនេះទៀត ខ្ញុំមិនដែលពេញចិត្តហ្នឹងពាក្យថា “គ្រូបង្រៀនគឺជាមនុស្សឪពុកម្តាយទី២នោះទេ ពិសេសសម្រាប់គ្រូបង្រៀនណាដែលកំពុងតែបំផ្លាញ ឈ្មោះដ៏ផូផង់របស់ “គ្រូបង្រៀន”។
ឌី ចាន់នី 24.01.2023»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ លោក ផែង វណ្ណៈ បានបង្ហោះរូបថតគ្រូអនុវត្តវិន័យកាត់សក់សិស្ស១សន្លឹក អមដោយសាររៀបរាប់ថា «មិនមែនគ្រប់យ៉ាងគ្រូបង្រៀនធ្វើសុទ្ធតែត្រូវទេ ករណីបុគ្គលគ្រូបង្រៀនម្នាក់នេះ ធ្វើហួសហេតុពេកហើយ សិស្សកាត់សក់ខ្លីហើយ បែជាយកអំណាចគ្រូបង្រៀនមកឈូសសក់គ្នាតាមអំពើចិត្ត ។ ខ្ញុំមិនគាំទ្របុគ្គលគ្រូម្នាក់នេះទេ ។ ខ្ញុំសង្ស័យបុគ្គលគ្រូបង្រៀនម្នាក់នេះ កើតរោគចិត្តច្រើនជាង ។ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង មេត្តាពិនិត្យមើលទង្វើរបស់បុគ្គលម្នាក់នេះផង តើគាត់មានជំងឺរោគចិត្តឬយ៉ាងណា ?»៕