កាលពីពេលថ្មីៗកន្លងទៅនេះ, លោកតាអាយុ៨២ឆ្នាំម្នាក់ បានបង្ហាញពីបំណង ចង់ជួបសម្ដេចតេជោ ដោយផ្ទាល់ ដើម្បីប្រគល់វត្ថុបុរាណមួយ ដែលមានអាយុជាង៣០០ឆ្នាំ ទុកជាវត្ថុអនុស្សាវរីយ៍ អរគុណដល់សម្តេច ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីបុព្វហេតុជាតិ។
បង្ហោះភ្ជាប់ជាមួយរូបថតលោកតា អមដោយរូបសម្ដេចតេជោ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣, គណនីហ្វេសប៊ុកឈ្មោះ «Sana Meas» បានរៀបរាប់ថា «កុង ទ្រី នៅចោមចៅ ជន្មាយុ 82ឆ្នាំ កុង ចង់ជួបសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីផ្ទាល់ ដើម្បីជូនវត្ថុបុរាណមួយ ដែលមានអាយុកាលជិត300ឆ្នាំ ដើម្បីទុកជាវត្ថុអនុស្សាវរីយ៍ អរគុណដល់សម្តេច ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីបុព្វហេតុជាតិតាំងពីបាតដៃទទេរហូតមានការរីកចម្រើន មានសុខសន្តិភាពក្នុងប្រទេសកន្លងជាង 40 ឆ្នាំមកនេះ សូមបងប្អូនជួយស៊ែរសម្រេចបំណងលោកតាផង»។
ជុំវិញរឿងនេះ គេមិនដឹងថា សម្ដេចតេជោ បានទទួលជ្រាបហើយ ឬយ៉ាងណានោះទេ។ តែនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ គណនីហ្វេសប៊ុករបស់ឯកឧត្តម ហ៊ុន ម៉ាណែត ដែលត្រូវជាកូនប្រុសច្បងរបស់សម្ដេច បានចែករំលែក(ស៊ែរ) ផុសខាងលើរួចហើយ។
តាមរយៈនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់ បានចែករំលែកព្រោងព្រាត និងជូនពរលោកតា ទ្រី បានសម្រេចបំណងនេះផងដែរ។ ជាក់ស្ដែង ពួកគេ បានជូនពរថា «ជូនពរលោកតាបានសម្រេចបំណងប្រាថ្នា, សូមអោយកុងបានសម្រេចដូចបំណង, សូមគោរពបំពេញបំណងដល់លោកតាផងនៃជីវិតចុងក្រោយរបស់គាត់»៕