តារាចម្រៀង ដែលបានអភិវឌ្ឍខ្លួនពីតារាកំប្លែង លោក សុខ មេសា ហៅនាយចឺម កាលពី២០២១ឆ្នាំកន្លងទៅនេះ បានជួយធ្វើផ្លូវអ្នកភូមិ នៅស្រុកកំណើតរបស់ខ្លួន ស្ថិតក្នុង ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ធ្វើឲ្យអ្នកគាំទ្រពេញចិត្តជាខ្លាំង។
ក្រោយពីធ្វើផ្លូវជូនអ្នកភូមិហើយនោះ, កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ, ចឺម ត្រូវបានព្រះមហាក្សត្រ ប្រោសប្រទានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាថ្នាក់ ធិបឌិន្ទ។ តែមនុស្សមួយចំនួនហាក់មិនពេញចិត្តនោះឡើយ ដោយបានបញ្ចេញមតិរិះគន់ជាច្រើនទៅលើអតីតតារាកំប្លែងរូបនេះ។
ក្រោយពីមានការរិះគន់បែបនេះ ចឺម បានចេញមុខបញ្ជាក់តាមរយៈសារព័ត៌មានមួយថា គ្រឿងឥស្សរិយយសនេះ ជាការលើកទឹកចិត្ត ដែលលោកបានជួយជាតិ ជួយសង្គម។ ចឺមថា ដំបូងលោក គ្រាន់តែជួយសង្គម ជួយជាតិអញ្ចឹងទៅ អ្វីដែលរកបានខ្លះ ទុកខ្លះ ធ្វើបុណ្យខ្លះ ជួយគន្ធបុប្ផាខ្លះ ជួយជួសជុលផ្លូវខ្លះ មិនគិតថាចង់បានអ្វីទេ។ តែដល់មេប្រទានឲ្យ ក៏សប្បាយរីករាយ។
ចំពោះការរិះគន់ពីមហាជនវិញ ចឺម ថា លោកអត់ធ្វើការបកស្រាយនោះទេ គេថាអ្វីក៏ថាទៅ ខ្លួនធ្វើតែបុណ្យទេ ខ្លួនធ្វើបុណ្យជាតិនឹង ឃើញជាតិហ្នឹង ខ្លួនទទួលបានល្អហើយ។ បន្ថែមលើនេះ ចឺម បញ្ជាក់ជំហរថា ខ្លួនធ្វើបុណ្យអត់ចេះស៊ីជោរដូចគេ ដើម្បីយកមុខមាត់ អត់នោះទេ, ធ្វើបុណ្យធ្វើទានទាន់នៅរស់។
ក្រោយពីឃើញក្មួយខ្លួននិយាយបែបនេះ ស្រីអ៊ីត ក៏បានពោលពាក្យថា «ត្រូវក្មួយ ធ្វើបុណ្យ នឹងម៉ែឪ បងប្អូន អ្នកក្រខ្លះ បុណ្យជួយវិញមិនបាច់ជាតិក្រោយ មួយទៀតនេះជាកិត្តិយសមួយសម្រាប់ក្មួយ អ្នកខមិន ភាគច្រើនមិនសូវយល់ ចាំតែជេរ និងតែស្ក អរគុណបងប្អូនដែលស្រលាញ់គាំទ្រក្មួយខ្ញុំ»។
អ្វីជាការចាប់អារម្មណ៍នោះ ក្រោយគាំទ្រសម្ដីរបស់ក្មួយហើយនោះ ស្រាប់តែនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ ស្រអ៊ីត បានបង្ហោះរូបថតជាច្រើនសន្លឹក អរគុណ ចឺម ដោយប្រើពាក្យថា «អរគុណឧកញ៉ាក្មួយ ទិញកាដូរអោយមីង សូមជូនពរអោយក្មួយសំណាងល្អ ជោគជ័យ ហេង ហេង លុយហូរចូលច្រើនៗ»។ តាមរយៈការពោលពាក្យបែបនេះ មិនដឹងថា ចឺម ឡើងជាឧកញ៉ា មែន ឬគ្រាន់តែជាការនិយាយលេង រុញទូកបណ្ដោយទឹក ឆ្លើយតបទៅកាន់អ្នករិះគន់ ឬយ៉ាងណានោះទេ៕