តារាចម្រៀងទ្រនំហង្សមាសកញ្ញា សុខ សីឡាលីន បច្ចុប្បន្ន កាន់តែទទួលបានប្រជាប្រិយភាពថែមមួយកម្រិតទៀត ក្រោយបង្ហាញខ្លួនធ្វើជាគណៈកម្មការក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤ ដែលទើបបញ្ចប់កាលពីប៉ុន្មានខែមុន។
កន្លងមក ពេលជំងឺកូវីដ១៩កំពុងរីករាយដាលខ្លាំងនៅកម្ពុជានោះ, គេប្រទះឃើញតារាចម្រៀងរូបនេះ បង្ហោះនូវរូបភាពមួយសន្លឹកដ៏ស្រស់ស្អាត មានពាក់នូវរបាំងការពារវីរុសកូវីដយ៉ាងប្រុងប្រយ័ត្នថែមភ្ជាប់ដោយសារដាស់តឿនទៅកាន់មហាជន ក៏ដូចជាអ្នកគាំទ្រផងដែរ។
រូបភាពស្ថិតក្នុងឯកសណ្ឋានជាមន្ត្រីនគរបាលចេញរាងដ៏ស្រស់ស្អាត តែបង្ហាញនូវភាពរឹងមាំ ជាស្ដ្រីថ្លៃថ្នូរខ្ពង់ខ្ពស់នេះដែរ ត្រូវបានអ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្រសរសើរភ្លូកទឹកភ្លូកដី ខណៈធ្លាប់តែឃើញនាងស្លៀកសម្លៀកបំពាក់សិចស៊ី ស៊ីវិល័យ អមដោយការតុបតែងមុខយ៉ាងស្រស់ស្អាត ពេលឡើងឆាកស្រែកច្រៀង ជូនទស្សនិកជនបានកម្សាន្តអារម្មណ៍នោះ។ តែពេលស្លៀកឯកសណ្ឋានជាមន្ត្រីនគរបាលវិញគឺស្អាតប្លែកភ្នែកមិនសរសើរមិនបានតែម្ដង។
ម្ចាស់បទ «ពេលលែងមានអូនក្បែរ» បានជាប់ជាស្ថាពរក្នុងការប្រឡងក្របខ័ណ្ឌមន្ត្រីនៃសាលាបណ្ឌិត្យសភានគរបាលកម្ពុជាកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ហើយមូលហេតុ ដែលចូលបម្រើជាមន្ត្រីនគរបាលនេះ គឺដោយសារតែចិត្តស្រឡាញ់ និងដើម្បីស្របតាមបំណងរបស់ឪពុកម្ដាយរបស់នាងផងដែរ។
ដោយឡែក នៅក្នុងឱកាសចូលឆ្នាំចិននេះ, តារាចម្រៀង សុខ ស៊ីឡាលីន បានបង្ហោះរូបថតប៉ុន្មានក្នុងឯកសណ្ឋានជាប៉ូលិស មានទាំងរូបថតជាមួយលោក ហេង ប៊ុនលាភ ហើយពោលពាក្យថា «ស្រលាញ់ការងារត្រូវទំនួលខុសត្រូវលើការងារ ដែលយើងកំពុងធ្វើ វិន័យនាំមកនូវគុណភាពការងារ និងសេចក្តីថ្លៃថ្នូររបស់ខ្លួនយើង #គ្រូនគរបាលជាតិ#បណ្ឌិត្យសភានគរបាលកម្ពុជា»។
តាមរយៈនេះ អ្នកគាំទ្រ បានលើកឡើងថា «Police ស្អាតៗ, បាទល្អណាស់អាយដល, ស្អាតហើយសក្ដិសមណាស់អាយដល, បើបានធ្វើការមួយចែ ដឹងល្អមិចទេ បើប៉ូលីសស្អាតៗ ម្លឹងៗ, មើលអត់ចង់ស្គាល់បងស្រី ស្អាតណាស់ ទឹកមុខរឹងមាំ, ស្អាតៗណាស់ក្មួយៗឯកសន្ឋាននេះអុំចូលចិត្ត, បងហេងប៊ុន លាភសង្ហាណាស់»៕