អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលគេស្គាល់ស្ទើរគ្រប់គ្នាថា ជាអតីតពលករនៅប្រទេសកូរ៉េនោះ, នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ បានចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការដឹកនាំក្រុមហ៊ុន ក្នុងនោះឆ្លៀតនិយាយពីកំហុសដ៏ធំរបស់ខ្លួនផងដែរ។
បង្ហោះភ្ជាប់ជាមួយវីដេអូ ក្នុងកម្មវិធីជួបជុំមហាសាមគ្គី បុគ្គលិកតាមតំបន់ អ្នកឧកញ៉ាចិត្តធម៌រូបនេះ បានលើកឡើងថា « ការដឹកនាំដោយគុណធម៌ សច្ចៈធម៌ ម៉ឺងម៉ាត់ និងការប្រើភាសាបេះដូង យុទ្ធសាស្ត្រឈ្នះឈ្នះ ចែកគ្នារស់ទៅតាមសមត្ថភាព មិនយកអ្នកណាធ្វើសត្រូវ មិនបង្កបញ្ហា តែបើជួបបញ្ហាត្រូវតែដោះបញ្ហា។
នៅលើលោកនេះបច្ចុប្បន្ន យើងធ្វើអំពើល្អឬការដឹកនាំល្អ ទាមទារឲ្យយើងចេះនិយាយ បើចេះតែធ្វើហើយមិនចេះនិយាយ ពិបាកប្រកួតប្រជែងជាមួយគេ។ កំហុសដ៏ធំរបស់ខ្ញុំ គឺចេះធ្វើតែមិន ចេះនិយាយ។
ការដឹកនាំអង្គភាពការដឹកនាំក្រុមហ៊ុន មិនអាចយក ទម្រង់បែបបទតែមួយមកដឹកនាំនោះទេ។ ព្រោះកាលៈទេសៈផ្សេងគ្នា ក្រុមហ៊ុនផ្សេងគ្នា រាល់ការដោះបញ្ហា គឺមានរបៀបផ្សេងគ្នា។ យើងមិនអាច វាយតម្លៃអ្នកណាម្នាក់ដឹកនាំខុសឡើយ បើមិនមានបទពិសោធន៍ក្នុងការងារនោះច្បាស់ ហើយមិនទាន់ឃើញលទ្ធផល។
ការដឹកនាំក្រុមហ៊ុនអាចនិយាយថាខុសឬត្រូវ គឺមើលលទ្ធផលចុងក្រោយ បើគេជាមនុស្សបរាជ័យ នោះកាដឹកនាំរបស់គេប្រាកដជាខុស។ ទម្លាប់របស់ខ្ញុំការដឹកនាំបែបក្មេងខ្ចី រៀបផែនការអោយច្បាស់អោយលឿនអនុវត្តអោយលឿន ដើរមិនខ្លាចជាន់មីន ជោគជ័យមិនរំភើបបរាជ័យមិនស្ដាយ ព្រោះដោយសារតែខ្ញុំ បានឆ្លងការហ្វឹកហាត់ និងរៀនសូត្រពីថៅកែជនជាតិកូរ៉េជាច្រើននាក់»៕