ប្រិយមិត្តអ្នកស្នេហាវិស័យកីឡា បានជ្រាបរួចមកហើយថា ព្រឹត្តិការណ៍ប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ និងពានរង្វាន់របស់ព្រះមហាក្សត្រថៃឆ្នាំ២០២២ «THAI FIGHT 100 Years Nakhon Ban» បានធ្វើឡើង កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងប្រទេសថៃ។
នៅក្នុងព្រឹត្តិការណ៍នោះ, អ្វី ដែលចាប់អារម្មណ៍, ធឿន ធារ៉ា កូនសិស្ស ស្តេចប្រដាល់ អេ ភូថង បានប៉ះកំពូលជើងខ្លាំង សៃយុគ ហើយជាលទ្ធផល កីឡាករប្រដាល់ ធឿន ធារ៉ា បានវាយផ្តួលកីឡាករថៃត្រឹមទឹកទី១ ឈានទៅយកខ្សែក្រវាត់ និងពានរបស់ព្រះមហាក្សត្រថៃ។
ក្រោយពីធឿន ធារ៉ា បានឈ្នះខ្សែក្រវ៉ាត់នេះមក ប្រជាពលរដ្ឋកម្ពុជា មានការអបអរសាទរជាខ្លាំង ហើយមានបុគ្គលល្បីៗមួយចំនួន ដូចជា លោក ជឿន ប៊ុកចក់, អ្នកស្រី ទ្រី ដាណា , ស្រីអូន ជាដើម បានឧបត្ថម្ភប្រាក់លើកទឹកចិត្តដល់កីឡាកររូបនេះថែមទៀតផង។
ទោះយ៉ាងណា ស្រាប់តែនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ មានផ្ទុះដំណឹងមួយថា កីឡាកររូបនេះ បានមានស្រីថ្មី ធ្វើឲ្យអ្នកខ្លះប្រកាសឈប់គាំទ្រទៀតផង។ ជាក់ស្ដែង លោក ម៉ៃ សុគន្ធ បានបង្ហោះរូបថតជាច្រើនសន្លឹក អមដោយស្ក្រីនសតរបស់ប្រពន្ធធឿន ធារ៉ា ហើយរៀបរាប់ថា «អោយតែល្បីគឺចឹងឯង ឈប់គាំទ្រហើយបានល្បី មានអ្នកថ្មីចោលអ្នកចាស់(ប្រពន្ធធ្លាប់កំសត់នឹងគ្នានៅថៃ)កាលគ្រាក្រក្រី ស្រីល្អនោះនៅឯណា ?
បងល្បីឈ្មោះប្រហែលតារា បានលុយ បានឡូយហ៊ឺហា បានដីឡូតិ៍ បងដាក់មេប្រូច ចោលប្រពន្ធចោលកូនស្រីកម្សត់កម្រជាមួយគ្នា ទៅជាមួយស្រីថ្មី ចប់ដោយគ្មានវាចា ប្អូនធារ៉ាអើយស៊ូៗ ម៉ីម៉ី ដើម្បីអនាគតខ្លួនឯងហើយនិងកូនស្រី»។
មុននឹងម៉ៃ សុគន្ធ ទម្លាយរឿងនេះ, ទំព័រហ្វេសប៊ុកមួយឈ្មោះ «ម៉ីម៉ី ធារ៉ា» បានបង្ហោះរូបថតជាច្រើនសន្លឹក ហើយប្រកាសថា «ខ្ញុំជាប្រពន្ធអ្នកស្រ.បច្បា.ប់ ខ្ញុំតែងតែលើកលែងរាល់កំហុស ដែលអ្នកធ្វើដាក់ខ្ញុំ តែពេលនេះខ្ញុំទ្រាំលែងបានហើយ ហើយក៏លែងទុកមុខឱ្យអ្នកទៀតដែរ អ្នកយកគេចេញមុខទាំង ដែលមិនទាន់លែងគ្នាជាមួយនឹងខ្ញុំ សូម្បីតែកូនឈឺក៏អ្នកឯងមិនខ្វល់ មិនមកមើលកូន។ ជួយShare ឱ្យគេស្គាល់.មី.ស្រីយ.កប្ដីគេផង ខ្ញុំទ្រាំលេងបានហើយបងប្អូន»។
ជុំវិញរឿងនេះ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនប្រកាសឈប់គាំទ្រ ខណៈមួយចំនួនទៀតថា រង់ចាំព័ត៌មានច្បាស់ការសិនចាំសម្រេចចិត្តថាឈប់គាំទ្រនោះ។ រហូតមកដល់ពេលនេះ មិនទាន់មានការបកស្រាយពីកីឡាករ ធឿន ធារ៉ា នោះឡើយ៕