បុណ្យចូលឆ្នាំប្រពៃណីចិន ជាបុណដ៏សំខាន់មួយ របស់បងប្អូនជនជាតិចិន ឬបងប្អូនជនជាតិខ្មែរ ដែលជាប់សែស្រឡាយចិន តែងតែប្រារព្ធជារៀងរាល់ឆ្នាំមិន ដែលអាក់ខានឡើយ។ ជាប្រពៃណី ពិធីបុណ្យនេះ ចាប់ផ្ដើមនៅថ្ងៃទីមួយ នៃខែទីមួយតាមច័ន្ទគតិ (ភាសាចិន៖ 正月, pinyin៖ zhēng yuè) ក្នុងប្រតិទិនចិន ហើយបញ្ចប់ទៅវិញ នៅថ្ងៃទី១៥ ដែលគេហៅថ្ងៃនេះថា ពិធីបុណ្យបង្ហោះគោម។
ពិធីបុណ្យនេះ ត្រូវប្រារព្ធឡើង នៅតំបន់ដែលមានចំនួនប្រជាជន ដ៏ច្រើនសន្ធឹកសន្ធាប់ ដូចជាប្រទេសកម្ពុជាយើងជាដើម។ នៅឆ្នាំ២០២៣នេះ ថ្ងៃសែនចូលឆ្នាំចិន ត្រូវចំថ្ងៃសៅរ៍ ទី២១ ខែមករា។ សម្រាប់ថ្ងៃបុណ្យចូលឆ្នាំចិន រយៈពេល៣ថ្ងៃ គឺថ្ងៃទី២២, ២៣ និង២៤ ខែមករា ឆ្នាំ២០២៣។
ក្រោយពីឃើញ ទាំងខ្មែរទាំងចិន សែនស្ទើរតែគ្រប់ផ្ទះ, លោកបណ្ឌិត សុខ ទូច បានបង្ហោះទស្សនៈរបស់ខ្លួន ដោយយល់ឃើញថា «នៅពេលនេះទាំងខ្មែរទាំងចិនសែនស្ទើរតែគ្រប់ផ្ទះ ការធ្វើបែបនេះគេយល់ឃើញថាមានបាន តែមិនបានមើលគេ៖ ១- គេខំរកស៊ី ដោយគ្មានទំនេរ តែយើងទំនេរច្រើន
២- គេដាំគ្មានសល់ដី ដាំដំណាំឆ្លាស់គ្នា យើងដីនៅសល់ធ្វើស្រែតែមួយរដូវ ហើយជួលគេទៀតតើអាចមានទេ?
៣- គេចូលចិត្តធ្វើជាម្ចាស់(ថៅកែ) ឯយើងចូលចិត្តធ្វើកម្មករគេ ពេលទំនេមើល Facebook ឬចាក់ធុងបាសរាំ។ ៤- គេកែច្នៃឱ្យអស់ពីលទ្ធភាព ឯយើងចូលចិត្តលក់វត្ថុធាតុដើម ៥- គេមានជំនាញ ឯយើងលក់កម្លាំងពលកម្ម ហើយពូកែលើកហេតុផលផ្សេងៗ ៦- គេខ្ចីប្រាក់មករកសុី យើងខ្ចីប្រាក់មកទិញម៉ូតូឬទូរស័ព្ទ។ ដូចនេះខំសែនយ៉ាងដូចម្តេច ក៏មិនមានដូចគេដែរ ត្រូវតែប្ដូរភាពអវិជ្ជមានទាំងអស់នេះ»។
តាមរយៈនេះ មានមតិស្រប និងមតិផ្ទុយ។ ចំពោះមតិស្របលើកឡើងថា «ខ្ញុំឯកភាពភាគច្រើន តែសំខាន់ខ្មែរយើងមិនអោយតម្លៃចំណេះ និងជាពិសសេសជំនាញ ចង់រៀនតែរបៀបធ្វើមេ គឺចង់ធ្វើមេដែលគ្មានជំនាញ ហើយពេលខ្លះរដ្ឋយើងមិនផ្តល់ឱកាសអោយអ្នកចេះធ្វើទេ។ រឿងសែនគឺគ្រាន់តែជាអំពើមួយកើតឡើងខ្លីហើយក៏ចប់ទៅវិញទេ បើបងប្អូនចង់ធ្វើក៏ធ្វើទៅអោយតែសប្បាយចិត្តនិងចង់ធ្វើ។ សូមអរគុណបងដែលលើករឿងនេះមកពិច្ចារណា»។
ដោយឡែក មតិផ្ទុយ លើកឡើងថា «លោកបណ្ឌិតយើងចេះតែច្រឡំថាពួកយើងនេះខ្ចិល តែបើតាមខ្ញុំរស់នៅជាមួយពួកគាត់មិនខ្ចិលទេ អោយតែផលិតផលរបស់គាត់លក់ទៅបានចំណេញហើមិនជុញទីផ្សារទោះរែកទឹកស្រោចក៏គាត់ធ្វើដែរ ហើយចំណុចដែរខ្ចិលមាន ១/ផលិតហើយលក់បានថោកមិនរួចខ្លួន។ ២/គាត់គ្មានជំនាញទីផ្សារបើដឹកទៅលក់ដល់ឯផ្សារទោះឈ្មួញកណ្តាលអោយថោកប៉ុណ្ណាក៏ត្រូវតែលក់ ៣/គ្មានទេបច្ចេកទេសដាំដុះ ដាំតាមគ្នា បើគេធ្វើបានធ្វើតាមគេ ៤/វិទ្យាសាស្រ្តកាន់តែជឿនលឿន បើដាំមិនប្រើថ្នាំមិនប្រើជីមិនបានស៊ីទេ ព្រោះស្រែនិងចំការរបស់អ្នកដទៃគេប្រើជីនិងថ្នាំ ហើយសត្វល្អិតមកស៊ីរបស់យើងខ្ទេច បើយើងប្រើអស់លុយច្រើន សូមលោកបណ្ឌិតពិចារណារនិងសិក្សាការពិតផងចុះ »៕