“ដណ្ដើមហុងស៊ុយ” គឺជាខ្សែភាពយន្តខ្លីបែបអប់រំ ឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គមបច្ចុប្បន្ន ដែលកំពុងផ្ទុះការចាប់អារម្មណ៍ពីអ្នកទស្សនានៅលើបណ្ដាញសង្គមហ្វេសប៊ុក និងមានអ្នកចូលមើលរាប់លានដង។
ខ្សែភាពយន្តខាតខ្លី “ដណ្ដើមហុងស៊ុយ” កំពុងផ្ទុះការចាប់អារម្មណ៍អំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណី ចិន-វៀតណាម ដែលតែងតែធ្វើការសែនព្រេនសុំសេចក្ដីសុខសប្បាយ និងរកស៊ីមានបានពីញាតិសន្ដានដែលបានចែកឋានទៅ។ ក្រោមការនិពន្ធ និងដឹកនាំរឿងពីលោក នាង គួនណូចិត្រា ហៅ Mizter Roy បានឆ្លុះបញ្ចាំងពីការធ្វើបុណ្យដោយគ្មានការពិចារណា ដែលពាក្យចាស់ពោលថា “ធ្វើបុណ្យទាន់ខែភ្លឺ” កុំចាំដល់ឪពុកម្ដាយស្លាប់ហើយទើបធ្វើបុណ្យជូន។
នៅក្នុងសាច់រឿងនេះ បានបង្ហាញពីបងប្អូន ៤ នាក់ កំពុងមានការឈ្លោះប្រកែកគ្នាពីការដណ្ដើមយកហុងស៊ុយ ពីការសែនព្រេនជូនម្ដាយ ដែលបានចែកឋានទៅហើយ តែពេលម្ដាយនៅមានជីវិតម្នាក់ៗមិនខ្វល់ខ្វាយមើលថែ បារម្ភយកចិត្តទុកនោះទេ សូម្បីម្ហូបឆ្ងាញ់ៗក៏គ្មានអ្នកណានឹកឃើញយកជូនអ្នកមានគុណនោះដែរ រហូតដល់លោកលាចាកលោកផុតទៅ ទើបម្នាក់ៗនាំគ្នាយកមកសែននៅមុខផ្នូរហូរហៀរ។
រឿងអប់រំ ដែលមានរយៈពេល ៩ នាទី ចង់បញ្ជាក់ឲ្យកូនៗទាំងអស់គ្នាដឹងថា ម្ដាយឪពុករបស់យើងមានតែមួយទេ គួរណាធ្វើបុណ្យទាន់លោកនៅមានជីវិត មើលឃើញ ស្ដាប់លឺ ប៉ះបាន នោះទើបប្រសើរជាងពេលឪពុកម្ដាយលាចាកលោកហើយទើបខំប្រឹងធ្វើបុណ្យជូនលោក ព្រោះនៅពេលនោះគាត់មើលមិនឃើញ ស្ដាប់មិនឮទៀតទេ។ ដូច្នេះសូមកូនៗទាំងអស់គ្នា ត្រូវធ្វើបុណ្យទាន់ខែភ្លឺ កុំចាំខែងងឹតមើលលែងឃើញហើយទើបធ្វើ។
គួរបញ្ជាក់ថា លោក នាង គួនណូចិត្រា ហៅ Mizter Roy មិនត្រឹមតែជាអ្នកនិពន្ធរឿងនោះទេ លោកក៏ជាផលិតករ អ្នកដឹកនាំ ថតស្ពត និងជាអ្នកថតរូបក្នុងកម្មវិធីធំៗផងដែរ។ លើសពីនោះលោក ក៏តែងតែផលិតរឿងអប់រំខ្នាតខ្លីជាច្រើនដូចជា រឿងកុហក រឿង អ្នកក្រ វគ្គ ១ វគ្គ ២, រឿង មរតក ១៤ កុម្ភៈ, រឿង Mother’s Valentine Day ដែលសុទ្ធសឹងតែទទួលបានការគាំទ្រជាហូរហែលមកផងដែរ៕