បុណ្យចូលឆ្នាំប្រពៃណីចិន ជាបុណដ៏សំខាន់មួយ របស់បងប្អូនជនជាតិចិន ឬបងប្អូនជនជាតិខ្មែរ ដែលជាប់សែស្រឡាយចិន តែងតែប្រារព្ធជារៀងរាល់ឆ្នាំមិន ដែលអាក់ខានឡើយ។ ជាប្រពៃណី ពិធីបុណ្យនេះ ចាប់ផ្ដើមនៅថ្ងៃទីមួយ នៃខែទីមួយតាមច័ន្ទគតិ (ភាសាចិន៖ 正月, pinyin៖ zhēng yuè) ក្នុងប្រតិទិនចិន ហើយបញ្ចប់ទៅវិញ នៅថ្ងៃទី១៥ ដែលគេហៅថ្ងៃនេះថា ពិធីបុណ្យបង្ហោះគោម។
ពិធីបុណ្យនេះ ត្រូវប្រារព្ធឡើង នៅតំបន់ដែលមានចំនួនប្រជាជន ដ៏ច្រើនសន្ធឹកសន្ធាប់ ដូចជាប្រទេសកម្ពុជាយើងជាដើម។ នៅឆ្នាំ២០២៣នេះ ថ្ងៃសែនចូលឆ្នាំចិន ត្រូវចំថ្ងៃសៅរ៍ ទី២១ ខែមករា។ សម្រាប់ថ្ងៃបុណ្យចូលឆ្នាំចិន រយៈពេល៣ថ្ងៃ គឺថ្ងៃទី២២, ២៣ និង២៤ ខែមករា ឆ្នាំ២០២៣។
ងាកមក អ្នកឧកញ៉ា គិត ម៉េង ក៏បានចូលរួមសែនចូលឆ្នាំចិននៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣នេះផងដែរ ហើយបានពោលពាក្យសរសើរដល់ប្រជាជនកម្ពុជាថា «រីករាយថ្ងៃបុណ្យចូលឆ្នាំចិន ឆ្នាំ២០២៣ ឆ្នាំថោះ!រឿងមួយក្នុងចំណោមរឿងរាប់មិនអស់ ដែលខ្ញុំស្រឡាញ់ប្រទេសរបស់យើង គឺយើងតែងតែ អបអរវប្បធម៌ចម្រុះ និងការរួបរួមគ្នា។
ជារៀងរាល់ឆ្នាំ យើងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីជាច្រើន ក្នុងនោះមាន ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល នៅថ្ងៃទី១ ខែមករា បន្ទាប់មក ពិធីបុណ្យចូលឆ្នាំចិន និងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែររបស់យើងនៅក្នុងខែមេសា។
ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនេះមានន័យថា ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលសម្បូរទៅដោយជនជាតិជាច្រើន ហើយយើងគោរពវប្បធម៌ចម្រុះ និងភាពចម្រុះជាតិសាសន៍។
ដូចពាក្យដែលមនុស្សគ្រប់គ្នានៅជុំវិញពិភពលោកតែងតែនិយាយថាតៗគ្នាថា ប្រទេសកម្ពុជាគឺជាប្រទេសដែលផ្តល់ការស្វាគមន៍ និងភាពកក់ក្តៅបំផុតនៅក្នុងពិភពលោក។ យើងគឺជាជាតិសាសន៍ដែលផ្តល់ការស្វាគមន៍ និងផ្តល់ភាពកក់ក្តៅបំផុតនៅក្នុងពិភពលោកពិតមែន។ខ្ញុំសូមជូនពរបងប្អូនដែលប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីចិននេះ ជួបតែសេចក្តីសុខគ្រប់ប្រការ នៅក្នុងឆ្នាំថោះនេះ។ សូមឱ្យពុកម៉ែ បងប្អូនមានសេចក្តីសុខ សេចក្តីចម្រើនពេញមួយឆ្នាំ៕
***»៕