អ្នក​ឧកញ៉ា​ គួ​ច​ ​ម៉េង​លី ៖ បើមិនចង់ខូចអនាគត សូមកុំចូលរៀនវគ្គជោគជ័យមួយចំនួនអី

ក្រោយពីសង្កេតឃើញថា អ្នក​ជោគជ័យរីកដូចផ្សិតនោះ, លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបង្ហោះសារដាស់តឿនទៅកាន់ជនប្រុសស្រីថា «បើមិនចង់ខូចអនាគត សូមកុំចូលរៀនវគ្គជោគជ័យមួយចំនួនអី»។

បង្ហោះភ្ជាប់ជាមួយរូបថតរបស់ខ្លួន១សន្លឹកនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង បានលើកឡើងដូច្នេះថា «[…] រាល់ថ្ងៃនេះ ខ្ញុំឃើញអ្នកជោគជ័យរីកដូចផ្សិត។ ប៉ុន្តែមិនមែនផ្សិតហូបបានទេ គឺផ្សិតពុល។ អ្នកជោគជ័យខ្លះ ប្រៀបដូចជាមាសជ្រលក់ថ្នាំ ហើយដើរបោកប្រាស់គេសឹងតែគ្រប់គ្នា។

អ្នកខ្លះឃើញសម្បកគេហ៊ឹកហ៊ាក់ ក៏ជ្រួលជ្រើមចង់ជោគជ័យដូចគេដែរ ទាំងដែលខ្លួនឯងមិនដឹងថាគេនោះ មានបានដោយសារសមត្ថភាពពិតឬក្លែងក្លាយឡើយ។ នៅពេលគេបើកវគ្គជោគជ័យស្អីមួយ អ្នកខ្លះក៏ផ្អើលទៅដូចគោដាច់កន្លុះ។

កន្លែងខ្លះ ពេលទៅចូលរៀនម្តងៗសុទ្ធតែបង់លុយ ហើយក្រោយពីរៀនចប់ គេក៏ផ្លុំត្រចៀកឱ្យយកលុយទៅវិនិយោគនេះ វិនិយោគនោះ។ ចុងក្រោយ ម្នាក់ៗទឹកភ្នែកជូតក្បាលជង្គង់ក៏មាន។ អ្នកខ្លះ អត់ហ៊ានប្រាប់គេឱ្យដឹងទេ ព្រោះខ្លាចខ្មាសគេ។ ដល់អ្នកក្រោយគ្នាអត់ដឹង ក៏បុកទៅមួយខ្យល់ទៀត ទឹកភ្នែកលើសដើម។ ចំណែកអ្នកខ្លះវិញ ខ្លួនឯងចាញ់បោកគេហើយ នៅអូសបងប្អូន សាច់ញាតិ មិត្តភក្តិឱ្យចាញ់បោកគេទៀត។ នេះពិតជាគ្រោះថ្នាក់មែនទែន។

អ៊ីចឹង បើក្មួយៗមិនចង់ខូចអនាគតទេ សូមកុំចូលរៀនវគ្គជោគជ័យមួយចំនួនអី ព្រោះភាគច្រើនគេបំផុសបំផុលឱ្យក្មួយពុះកញ្ជ្រោលស្លឈាម។ ក្មួយខ្លះ ពេលទៅអង្គុយស្តាប់គេ ក៏បែកគំនិតចង់ជោគជ័យផ្លូវកាត់ ហើយលែងចង់រៀនសូត្រតែម្តង។

នេះនឹងធ្វើឱ្យក្មួយៗខូចអនាគតពាក់កណ្តាលទីហើយ។ កន្លងមក មានអ្នកស្តាយក្រោយមិនតិចទេ ឥឡូវចង់បកក្រោយក៏ហួសពេលដែរ។ ក្មួយត្រូវគិតគូរឱ្យមែនទែន ព្រោះអ្នកបំផុសបំផុលខ្លះ គឺជាមេបោកប្រាស់យ៉ាងស្ទាត់ជំនាញ។ ប៉ុន្តែមិនមែនថា វគ្គជោគជ័យទាំងអស់សុទ្ធតែមិនល្អទេ គ្រាន់តែវាមានតិចតួចបំផុត។

អ៊ីចឹងក្មួយត្រូវចាំថា លុយក្នុងហោប៉ៅយើង បើយើងមិនឱ្យគេ គ្មានអ្នកណាមកយកបានទេ។ ក្បាលនៅនឹងកយើង បើយើងមិនឱ្យគេជាន់ ក៏គ្មានអ្នកណាគេហ៊ានជាន់ដែរ។ បើក្មួយដើរផ្លូវខុស គឺខុសហើយ។ អ្វីដែលលោកគ្រូនិយាយនេះ គ្រាន់តែចង់បំភ្លឺផ្លូវនេះឱ្យភ្លឺ ដើម្បីកុំឱ្យក្មួយៗមួយចំនួនដើរទៅផុង ដើរទៅជាន់បន្លា ឬក៏ត្រូវខ្លាចាប់ហែកសាច់ស៊ីតែប៉ុណ្ណោះ។ […]#សម្រង់ប្រសាសន៍អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី»៕

Related posts