និយាយដល់ឈ្មោះតារាកំប្លែង និងសម្ដែង លោកចាបចៀន ប្រិយមិត្តច្បាស់ជាជ្រាបជាក់ជាមិនខាន ថា រហូតមកដល់បច្ចុប្បន្ននេះ លោក បានបន្សល់ទុកនូវស្នាដៃសិល្បៈជាច្រើន ហើយប្រជាប្រិយភាពរបស់លោក ហាក់មិនថមថយនោះឡើយ បើទោះមានវ័យកាន់តែជ្រេក៏ដោយចុះ។
លោក ចាបចៀន មានឈ្មោះ ពិតប្រាកដ ថា “អ៊ុក សុវណ្ណារិទ្ធ” ។លោក កើតនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ១៩៦៤ នៅសង្កាត់លេខ៣ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ (កើតនៅមន្ទីរពេទ្យកាល់ម៉ែត)។ លោក មានបងប្អូនបង្កើតចំនួន៤នាក់ ប្រុស៣នាក់ និងស្រី១នាក់ ហើយគាត់ជាកូនបងគេក្នុងចំណោមកូនទាំង៤នាក់នោះ។
លោក បានរៀបមង្គលការ ជាមួយអ្នកស្រី “សែន សុវណ្ណធី” នៅឆ្នាំ១៩៩៦-១៩៩៧ ដែលពេលនេះ គាត់ទទួលបានកូនចំនួន៣នាក់ហើយ ក្នុងនោះស្រី២នាក់ និងប្រុស១នាក់។ ចំពោះកូនស្រីបងឈ្មោះ “អ៊ុក រិទ្ធីនាថ” ពេលនេះ មានអាយុប្រហែល២៣ឆ្នាំ, កូនប្រុសទី២ ឈ្មោះ “អ៊ុក រិទ្ធរ៉ូឡិនឌូ” អាយុប្រហែល២០ឆ្នាំ និងកូនស្រីម្នាក់ទៀត ឈ្មោះ “អ៊ុក រិទ្ធីរីហាណា” អាយុប្រហែល១១ឆ្នាំ។
អ្វីដែលគួរឲ្យសរសើរនោះ ពេលនេះ កូនស្រីច្បងរបស់លោក បានរៀនចប់មហាវិទ្យាល័យហើយ និងជាសិស្សឆ្នើមប្រចាំថ្នាក់ទៀតផង។ បង្ហោះភ្ជាប់ជាមួយរូបថតកូនស្រីច្បង ទទួលសញ្ញាប័ត្រ លោក ចាប ចៀន បានបង្ហាញអារម្មណ៍ថា «(7.1.2023.)សម្រាប់ជីវិតខ្ញុំ នេះគឺជាថ្ងៃដែលខ្ញុំសប្បាយរីករាយបំផុតរកអ្វីប្រៀបផ្ទឹមពុំបានព្រោះបានឃើញកូនស្រីច្បងរៀនចប់មហាវិទ្យាល័យ ហើយបានទទួលលទ្ធផលល្អ ជាសិស្សឆ្នើមប្រចាំថ្នាក់រហូតបំណាច់ឆ្នាំ។
បន្ទាប់មក កូនប្រុសទី២ទើបតែប្រលងជាប់បាក់ឌុបបញ្ចប់ថ្នាក់ទី១២ត្រៀមចូលមហាវិទ្យាល័យ ហើយខ្ញុំសង្ឃឹមថា កូនប្រុសខ្ញុំនឹងទទួលបាននិទ្ទេសល្អដូចបងស្រីគេជាក់ជាពុំខាន។ ចំណែកឯកូនស្រីពៅ ទើបតែរៀនថ្នាក់ទី៦នៅឡើយទេ ប៉ុន្តែខ្ញុំជឿជាក់ ថាកូនស្រីពៅខ្ញុំនឹងយកបងៗរបស់គេធ្វើជាគំរូ។
កូនល្អស្តាប់ហេតុផលម៉ែ សិស្សពូកែស្តាប់ហេតុផលគ្រូ គ្រូពូកែស្តាប់ហេតុផលសិស្ស ឪពុកម្តាយល្អស្តាប់ហេតុផលកូន។ នៅលើលោកនេះ គ្មានអ្វីប្រាស់ចាក ហេតុនិងផល ឡើយ។ ស្របជាមួយពុទ្ធឱវាទមួយឃ្លា បុគ្គលដែលសាបព្រួសពូជណា រមែងតែងតែទទួលផលពូជហ្នឹង។ សូមអរគុណ!»៕