គេនៅចាំថា កាលពីយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ សួ វិចិត្រ បានក្លាយជាម្ចាស់ជ័យលាភី កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best បន្ទាប់ពីឆ្លងកាត់ការចម្រាញ់អស់រយៈពេលជាច្រើនសប្ដាហ៍នោះ។
ភាពជោគជ័យធំសម្បើមមួយនេះ មិនមែនជាសំណាង ឬជាភាពចៃដន្យនោះឡើយ ប៉ុន្តែគឺជាការផ្ដល់ឱ្យយ៉ាងសុក្រិតភាពពីទស្សនិកជនតាមរយៈការបោះឆ្នោតជាសំឡេងសារគាំទ្រ។ នេះ គឺជាគោលបំណងធំបំផុតមួយនៅក្នុងជីវិត ដែលសួ វិចិត្រ បានប៉ងប្រាថ្នាចាប់តាំងពីថ្ងៃដំបូងនៃការឈានជើងចូលប្រឡង។
សួ វិចិត្រ ធ្លាប់បានបញ្ជាក់មុនពេលក្លាយជាម្ចាស់ពានថា «ការខិតខំរបស់ខ្ញុំ គឺដើម្បីម្តាយ និងប្អូន ដើម្បីដណ្ដើមជ័យជម្នះ នឹងត្រូវតស៊ូឱ្យក្លាយជាតារាហង្សមាសឲ្យបាន» ហើយទីបំផុតការតាំងចិត្តរបស់សួ វិចិត្រ ក៏លេចចេញជាផ្លែផ្កាពិតមែន។
ក្រោយក្លាយជាម្ចាស់ពាន សួ វិចិត្រ ទទួលបានឱកាសការងារច្រើន និងមានលទ្ធភាពជួយជ្រោមជ្រែងគ្រួសាររបស់ខ្លួន។ ចំពោះរឿងស្នេហាវិញ គេមិនច្បាស់ថា សួ វិចិត្រ មានម្ចាស់បេះដូងហើយ ឬយ៉ាងណានោះទេ។ តែពេលនេះ ស្រាប់តែលោកថតរូបជាមួយនារីម្នាក់ បង្ហាញភាពផ្អែមល្ហែមជាមួយគ្នា ហើយត្រូវបានអ្នកគាំទ្រគិតថាជាម្ចាស់បេះដូងលោកនោះ។
បង្ហោះភ្ជាប់ជាមួយរូបថតថើបនារីម្នាក់ និងកាន់ដៃគ្នាជាសញ្ញាបេះដូងបង្ហាញពីក្ដីស្រឡាញ់ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ, សួ វិចិត្រ បានបញ្ជាក់យ៉ាងខ្លីថា «ថ្ងៃនេះមកលេងម្លេចពីរនាក់ (MLECH) កំពត»។
តាមរយៈនេះ អ្នកគាំទ្រ ចូលទៅខំមិនព្រាតថា «ចង់ក្លាយជាតួស្រី, ពុទ្ធោ idol ខ្ញុំទៅស្និតស្នាលជាមួយស្រីផ្សេង ឈឺចុកចាប់ពេញឱរ៉ា»។ ជាមួយគ្នានេះដែរ ជឿន ចិត្ត ដែលជាមិត្តភក្ដិសម្លាញ់របស់លោក បានចូលខំមិនបែបលេងសើចថា «អាណព្វទុកខ្លះអាញវើយ»៕