កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី៣ បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ ហើយម្ចាស់ពាន បានទៅលើកុមារា សារុំ បញ្ញាស័ក ដែលជាកូនក្រុមរបស់តារាចម្រៀងហ្សូណូ។
ងាកមកCoach សុគន្ធ និសា ទោះកូនក្រុមរបស់ខ្លួនមិនបានឈ្នះពានក៏ពិតមែន តែអ្នកនាង បានបំពេញតួនាទីបានយ៉ាងល្អជាមួយនឹងការពន្យល់កូនក្រុមបានយ៉ាងក្បោះក្បាយផងដែរ។ ទោះយ៉ាងណា តារាចម្រៀងសំឡេងស្រទន់រូបនេះ ត្រូវបានមតិមួយចំនួនតូចយល់ឃើញថា អ្នកនាង ធ្វើជាគណៈកម្មការ អត់ចេះនិយាយអីទៅវិញ។
ឆ្លើយតបទៅនឹងការលើកឡើងនេះ នៅក្នុងការឡាយ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ តារាចម្រៀង សុគន្ធ និសា បានទទួលស្គាល់ថា ខ្លួនអត់សូវចេះនិយាយទេ ហើយក៏អត់សូវមានពាក្យពេចន៍វោហារស័ព្ទអ្វីខ្លាំងដែរ។ ខំប្រឹងហើយ ទើបបានប៉ុណ្ណឹងនោះ ខ្លួនអត់សូវពូកែសម្ដីនោះទេ។
បន្ថែមលើនេះ អ្នកនាង នៅតែធ្វើការអរគុណដល់អ្នកផ្ដល់យោបល់នេះ ដោយលើកឡើងថា យោបល់នេះ ខ្លួនទទួលយក ហើយខ្លួនខំប្រឹងដែរ តែធ្វើម៉េចបានតែប៉ុណ្ណឹង។ ទោះយ៉ាងណា ខ្លួននឹងព្យាយាមបន្ថែមទៀត សង្ឃឹមថា ការងារពីម្ដងទៅម្ដង អាចហ្វឹកហាត់ខ្លួនឯងឲ្យកាន់តែប្រសើរ។
តាមរយៈនេះ អ្នកគាំទ្រ បានលើកឡើងថា «គាត់អត់សូវនិយាយទេ តែពេលបង្វឹកកូនសិស្សខ្លាំង, ស្រលាញ់ចូលចិត្តគាត់ សុភាពរាបសារ សំដីសំដៅទន់ភ្លន់, ស្រឡាញ់គាត់ត្រង់នេះឯង សំដីតិចតែផ្អែម មានន័យ, និយាយតិចតែន័យច្រើនប្រសើរជាងនិយាយច្រើនតែគ្មានន័យ, ស្រលាញ់បងត្រង់សុភាពបែបនារីខ្មែរ ទោះបីបងមិនសំបូរសម្តីក៏ពិតមែន»៕ សូមទស្សនាវីដេអូ ខាងក្រោម ៖