រាជធានីភ្នំពេញ៖ មហាជនជាច្រើនប្រហែលមិនដឹងឡើយថា ថ្ងៃទី២៣ ខែសីហា គឺជាថ្ងៃចាប់កំណើតរបស់អធិរាជសំលេងមាស លោកតា ស៊ីន ស៊ីសាមុត (២៣ សីហា ១៩៣៣)។ បើសិនជាបច្ចុប្បន្នលោកនៅរស់រានមានជីវិត លោកមានវ័យប្រមាណជិត៩០ឆ្នាំទៅហើយ ប៉ុន្តែជារឿងដ៏សោកសៅបំផុតគឺសិល្បករដ៏មានទេពកោសល្យពេញខ្លួនលោកតា ស៊ីន ស៊ីសាមុត បានលាចាកលោកកាលពីកំឡុងឆ្នាំ ១៩៧៦។ បើទោះបីជាលោកបានលាចាកលោកអស់រយៈពេលរាប់សិបឆ្នាំក៏ពិតមែន ប៉ុន្តែស្នាដៃ និងទឹកដមសម្លេងដ៏ក្រអួនក្រអៅ របស់អ្នកនិពន្ធបទចម្រៀង និងជាអ្នកចម្រៀងខ្មែរដ៏ល្បីល្បាញខ្លាំងនាអំឡុងទសវត្សរ៍ឆ្នាំ ៥០ ដល់ ៧០លោក ស៊ីន ស៊ីសាមុត នៅតែដក់ជាប់ក្នុងដួងចិត្តប្រជាជនកម្ពុជា។
ខ្សែអាត់សំលេងរបស់លោកភាគច្រើនត្រូវបានបំផ្លាញនៅសម័យខ្មែរក្រហម។ ចំណែកខ្សែអាត់ដែលនៅសេសសល់ត្រូវបានអ្នកស្រលាញ់សំលេងមាសរបស់លោកយកទៅថតបន្តជា កាសែត និងស៊ីឌី។ ហេតុនេះហើយសំលេងរបស់លោកនៅតែរស់រវើកមកទល់នឹងបច្ចុប្បន្ន។ចំពោះភាពល្បីល្បាញរបស់លោក ស៊ីន ស៊ីសាមុត គឺបានពីទឹកដមសំឡេងដ៏ក្រអួនក្រអៅ ពីរោះរណ្ដំចិត្ត គួបផ្សំនឹងបទចម្រៀងមនោសញ្ចេតនាគ្រប់រស់ជាតិ អន្លង់អន្លោច សប្បាយ កម្សត់ខ្លោចផ្សារផ្សេងៗ ដែលជាស្នាដៃនិពន្ធផ្ទាល់របស់លោក និងជាមួយដៃគូអ្នកនិពន្ធដ៏ទៃទៀតក្នុងជំនាន់នោះ ដែលលោក “ស៊ីន ស៊ីសាមុត” មានបទចម្រៀងសរុបប្រមាណ ១,២០០ បទ ក្នុងចំណោមបទចម្រៀងទាំងនោះ លោកក៏មានបទចម្រៀងផ្ទាល់ខ្លួនផងដែរ ចំនួនជាង ៥០០ បទ ដោយស្មើនិង ៥០ អាលប៊ុម អាលប៊ុមដែលលោកបានច្រៀងនៅ ផលិតកម្មឆ្លងដែន មានចំនួន ២៥០ អាលប៊ុម ផលិតកម្មវត្តភ្នំ (Original) មានចំនួន ១៥៨ អាលប៊ុម ផលិតកម្ម Sayonara Cover ពីអ្នកចម្រៀងបរទេស មានចំនួន ៩០ អាលប៊ុម និង ផលិតកម្ម រស្មីពានមាស មានចំនួន ៥០ អាលប៊ុម ដែលជា Original Master Albums ។
ជុំវិញការលើកយកនូវស្នាដៃរបស់ អធិរាជសម្លេងមាស មកអធិប្បាយក្នុងឱកាសថ្ងៃកំណើតរបស់លោក គឺធ្វើឡើងដើម្បីឧទ្ទិសនូវស្នាដៃដ៏ល្អល្អះមិនអាចកាត់ថ្លៃបានរបស់សិល្បករពោរពេញដោយសមត្ថភាពប្រៀបដូចគ្រាប់ពេជ្រមានតម្លៃមហាសាល ដែលបន្សល់ទុកដល់កូនចៅខ្មែរជំនាន់ក្រោយ ជាពិសេសសូមឱ្យកូនខ្មែរគ្រប់ជំនាន់ចងចាំនូវក្នុងបេះដូង នឹងប្រឹងប្រែងថែរក្សាការពារចំពោះស្នាដៃរបស់អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត ឱ្យបានគង់វង្សគ្រប់ៗគ្នា៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖