អាង សុជាតា ជាតារាសម្ដែងវ័យក្មេងមួយរូប ដែលមានទេពកោសល្យពីធម្មជាតិ រួមនឹងសម្រស់ផូរផង់ផងនោះ ជាហេតុធ្វើឲ្យនាងដើរតាមគន្លងអ្នកម្តាយ សឿន ផាភួង បាន យ៉ាងងាយស្រួល ខណៈបច្ចុប្បន្ន មានទីផ្សារការងាររីកទូលាយមិនថាការសម្តែងរឿង ឬថតផ្សាយពាណិជ្ជកម្មនោះទេ។
ដោយឡែកកាលពីថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ ជាថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នោះ គេឃើញ តារាស្រីស្ថិតក្នុងវ័យ ១៧ឆ្នាំ អាង សុជាតា បានបង្ហាញវត្តមានក្នុងការប្រឡងនោះផងដែរ។
ក្រោយប្រឡងចប់, តារាស្រីវ័យក្មេងរូបនេះ បានផ្តល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន «ផ្ទះតារា» ដោយប្រាប់ថា ខ្លួនរៀនអត់សូវបានគ្រប់គ្រាន់ ដេកភ័យបុកពោះ តែ ពេលដល់មណ្ឌលប្រឡងមានអារម្មណ៍រាងបាត់ភ័យដែរ ហើយធ្វើបានរៀងច្រើនដែរ តែលទ្ធផលយ៉ាងណា នាងទទួលយកបាន។
ក្រៅពីការផ្ដល់បទសម្ភាសន៍នេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកវិញ, តារាស្រីរូបនេះ បានបង្ហោះរូបថត១សន្លឹក បញ្ជាក់ពីការប្រឡងរបស់ខ្លួនបានបញ្ចប់រួចរាល់ ហើយទីបំផុតលទ្ធផលនៃការប្រឡងក៏ត្រូបានក្រសួងប្រកាសរួចហើយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ។
តារាសម្ដែង អាង សុជាតា ជាសិស្សសាលាប៊ែលធីអន្តរជាតិសាខាទី៨ ប្រឡងថ្នាក់វិទ្យាសាស្ត្រសង្គម ទទួលបានលទ្ធផលមុខវិជ្ជា ភាសាខ្មែរ និទ្ទេសD, គណិតF, ផែនដីB, ភូមិB, ប្រវត្តិD, សីលធម៌C, ភាសាE សរុបជារួម បានប្រឡងជាប់និទ្ទេសD ដែលជា និទ្ទេសល្អបង្គួរ។
ទោះជាប់និទ្ទេសDពិតមែន តែតារាស្រីវ័យក្មេងរូបនេះ បានទទួលអាហារូបករណ៍១០០ភាគរយពីសាលាមួយនេះថែមទៀតផង។ បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹកកាលពីពេលថ្មីៗនេះ សាកលវិទ្យាល័យIU បានបញ្ជាក់ថា «សាកលវិទ្យាល័យអន្តរជាតិ សូមស្វាគមន៍ កញ្ញា អាង សុជាតា ដែលមកទទួលយកអាហារូបករណ៍100% សម្រាប់សិក្សាលើថ្នាក់បរិញ្ញាបត្រជំនាញគ្រប់គ្រង នៅសាកលវិទ្យាល័យអន្តរជាតិ»។
តាមរយៈនេះ មានការលើកឡើង ប្រតិកម្មជាច្រើនថា «យុទ្ធសាស្រ្តទីផ្សារ, និទ្ទេសA 100% B 50 % C 30% D&E 20% តារា100%, ធ្វើបែបនេះវាល្អសម្រាប់មនុស្សម្នាក់ តែវាអាក្រក់មើលសម្រាប់មនុស្សទូទៅ។ វាបង្ហាញពីការបែងចែករវាងអ្នកធូរធារ អ្នកមានមុខមានមាត់ និងរវាងអ្នកក្រខ្សត់ អ្នកលំបាកតោកយ៉ាក ដែលគ្មានលទ្ធភាពសឹងតែបោះបង់ការសិក្សាម្តងៗ មកត្រូវបង់ថ្លៃសិក្សាពេញឬបញ្ចុះភាគរយខ្លះៗ ផ្ទុយពីគេអ្នកមានធូរធារទទួលបានការសិក្សាដោយ Free។ មិនបន្ទោសខាងសាលាដែលផ្តល់អាហារូបករណ៍ដល់នរណាទេ តែគួរពិចារណាមុននិងធ្វើអ្វីមួយពីផលវិជ្ជមាននិងអវិជ្ចមាន។ អរគុណ…!, តាមការគិតរបស់ខ្ញុំ អាហារូបករណ៍នេះប្រៀបដូចជាការជួយផ្សព្វផ្សាយឱ្យសាលាកាន់តែល្បីសុះសាយបន្ថែម និងលើកតម្កើងដល់សិល្បករឱ្យខំរៀនសូត្រផង»៕