ប្រិយមិត្តមួយចំនួន បានជ្រាបរួចមកហើយថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៥ ធ្នូ ២០២២ បានប្រព្រឹត្តិទៅរយៈពេល២ (៥-៦ ខែធ្នូ) កន្លងទៅ មានបេក្ខជនអវត្តមានចំនួន ២៤០០ នាក់ ស្រី ១០៣៦ នាក់ ត្រូវជា ១,៨៧ ភាគរយ ក្នុងចំណោមបេក្ខជនសរុបចំនួន ១២៨១៣៥ នាក់។
ក្រោយពីការប្រឡងរយៈពេលជិតកន្លះខែ ការប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ត្រូវបានក្រសួងប្រកាស កាលពីថ្ងៃទី២២, ២៣ ខែធ្នូ ឆ្នាំ២០២២នេះ ដោយមានបេក្ខជនប្រឡងជាប់សរុបមានចំនួន៩០ ៩៥០ នាក់ ត្រូវជា ៧២.៣៣ ភាគរយ, អ្នកធ្លាក់ចំនួន៣៧ ១៨៥នាក់ ក្នុងចំណោមបេក្ខជនសរុបចំនួន ១២៨ ១៣៥នាក់។ ក្នុងនោះ បេក្ខជនជាប់និទ្ទេស A ចំនួន ១ ០៤៩ នាក់ , បេក្ខជន និទ្ទេស B ចំនួន ៧ ២៣២ នាក់, និទ្ទេស C ចំនួន ១៩ ០៥៣ នាក់ , និទ្ទេស D ចំនួន ៣១ ១៦៦ នាក់ , និងនិទ្ទេស E ចំនួន ៣ ២៤៥០ នាក់។
ក្នុងចំណោមអ្នកជាប់និទ្ទេសAជាច្រើននាក់នោះ ក៏មាន យុវសិស្សមួយចំនួន ដែលគ្រួសារស្ថិតក្នុងជីវភាពខ្វះខាតផងដែរ។ ជាក់ស្ដែងកន្លងមក គណនីហ្វេសប៊ុកឈ្មោះ «Kheum Sovann» បានបង្ហោះរូបប្អូនស្រីនិទ្ទេសA ស្ថិតក្នុងជីវភាពក្រីក្រម្នាក់ ហើយរៀបរាប់ថា «ក្រីក្រតែជីវភាព តែបញ្ញាមិនក្រឡើយ យុវសិស្ស មាង ហន រៀននៅថ្នាក់ទី១២ B នៃវិ.បាភ្នំ។ ប្អូនស្រីជាសិស្សក្រីក្រ កំព្រាម្ដាយ មានឪពុកឈ្មោះ ម៉ូញ មាង បច្ចុប្បន្នប្អូនស្រី រស់នៅជាមួយអ៊ំ ស្ថិតនៅក្នុងភូមិ ពងពស់ ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។
ទោះបីមានជីវភាពក្រីក្រលំបាក តែប្អូនស្រីខិតខំរៀនសូត្រយ៉ាងយកចិត្តទុកដាក់មិនដែលឈប់ឡើយ។ ដោយមើលឃើញការលំបាករបស់ប្អូន លោកគ្រូ អ្នកគ្រូ តែងលើកចិត្តគាត់ ហើយបង្រៀនគួរមិនយកប្រាក់ពីគាត់ឡើយ។ ដោយការខិតខំប្រឹងប្រែងរៀនសូត្រ ប្អូនទទួលបានលទ្ធផលនិទ្ទេស A នាសម័យប្រឡង ០៥ ធ្នូ ២០២២ កន្លងទៅថ្មីៗនេះ ( សិស្សថ្នាក់វិទ្យាសាស្ត្រ )។ ក្ដីស្រមៃរបស់ប្អូនស្រីគឺបន្តការសិក្សានៅមហាវិទ្យាល័យ ប៉ុន្តែកត្តារាំងស្ទះគឺបញ្ហាជីវភាព។ ដូចនេះសូមអំពាវនាវដល់បងប្អូនសប្បុរជន ជិតឆ្ងាយមេត្តាជួយឧបត្ថម្ភទៅតាមលទ្ធភាព ដើម្បីជួយដល់ធនធានមនុស្សម្នាក់នេះផង។
ទោះយ៉ាងណា ពេលនេះ ប្អូនស្រីខាងលើ បានសម្រេចបំណងហើយ ដោយថ្មីៗនេះ គណនីហ្វេសប៊ុកដដែល បានបញ្ជាក់ថា «ស្នាមញញឹម ក្ដីស្រមៃ និងក្ដីសង្ឃឹម
……………………………………………………ថ្ងៃនេះជាលើកទី១ ដែលយុវតី មាង ហន ជាសិស្សក្រកំព្រាម្ដាយ រស់នៅជាមួយអ៊ំស្រី ជាស្ត្រីមេម៉ាយ ប្រឡងជាប់និទ្ទេស A បានធ្វើដំណើរទៅដល់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ( NPIC ) ដើម្បីស្គាល់ទីតាំងវិទ្យាស្ថាន មុននឹងការសិក្សាចាប់ផ្ដើមនៅខែ កុម្ភៈ ឆ្នាំ ២០២៣។
យុវតី មាង ហន នឹងត្រូវបន្តការសិក្សានៅទីនេះបន្តទៀត ក្នុងនាមជានិស្សិតអាហាររូបករណ៍ដែលផ្ដល់ជូនដោយ ឯកឧត្តមនាយកវិទ្យាស្ថាន ។
ដើម្បីទ្រទ្រង់ជីវភាពក្នុងការសិក្សារបស់យុវតី ដ៍កំសត់ម្នាក់នេះ បងប្អូនមានចិត្តអាណិតក្មួយស្រីអាចជួយគាត់ ១ដុល្លា ៥០០០រៀល ……..តាមACLEDA ទាន់ចិត្តៈ
មាង ហន 096 556 0736»៕