ប្រិយមិត្តមួយចំនួន បានជ្រាបរួចមកហើយថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៥ ធ្នូ ២០២២ បានប្រព្រឹត្តិទៅរយៈពេល២ (៥-៦ ខែធ្នូ) កន្លងទៅ មានបេក្ខជនអវត្តមានចំនួន ២៤០០ នាក់ ស្រី ១០៣៦ នាក់ ត្រូវជា ១,៨៧ ភាគរយ ក្នុងចំណោមបេក្ខជនសរុបចំនួន ១២៨១៣៥ នាក់។
ក្រោយពីការប្រឡងរយៈពេលជិតកន្លះខែ ការប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ត្រូវបានក្រសួងប្រកាស កាលពីថ្ងៃទី២២, ២៣ ខែធ្នូ ឆ្នាំ២០២២នេះ ដោយមានបេក្ខជនប្រឡងជាប់សរុបមានចំនួន៩០ ៩៥០ នាក់ ត្រូវជា ៧២.៣៣ ភាគរយ, អ្នកធ្លាក់ចំនួន៣៧ ១៨៥នាក់ ក្នុងចំណោមបេក្ខជនសរុបចំនួន ១២៨ ១៣៥នាក់។ ក្នុងនោះ បេក្ខជនជាប់និទ្ទេស A ចំនួន ១ ០៤៩ នាក់ , បេក្ខជន និទ្ទេស B ចំនួន ៧ ២៣២ នាក់, និទ្ទេស C ចំនួន ១៩ ០៥៣ នាក់ , និទ្ទេស D ចំនួន ៣១ ១៦៦ នាក់ , និងនិទ្ទេស E ចំនួន ៣ ២៤៥០ នាក់។
ក្នុងចំណោមអ្នកជាប់និទ្ទេសAជាច្រើននាក់នោះ ក៏មាន យុវសិស្សមួយចំនួន ដែលគ្រួសារស្ថិតក្នុងជីវភាពខ្វះខាតផងដែរ។ ជាក់ស្ដែងកន្លងមក គណនីហ្វេសប៊ុកឈ្មោះ «Kheum Sovann» បានបង្ហោះរូបប្អូនស្រីនិទ្ទេសA ស្ថិតក្នុងជីវភាពក្រីក្រម្នាក់ ហើយរៀបរាប់ថា «ក្រីក្រតែជីវភាព តែបញ្ញាមិនក្រឡើយ យុវសិស្ស មាង ហន រៀននៅថ្នាក់ទី១២ B នៃវិ.បាភ្នំ។ ប្អូនស្រីជាសិស្សក្រីក្រ កំព្រាម្ដាយ មានឪពុកឈ្មោះ ម៉ូញ មាង បច្ចុប្បន្នប្អូនស្រី រស់នៅជាមួយអ៊ំ ស្ថិតនៅក្នុងភូមិ ពងពស់ ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។
ទោះបីមានជីវភាពក្រីក្រលំបាក តែប្អូនស្រីខិតខំរៀនសូត្រយ៉ាងយកចិត្តទុកដាក់មិនដែលឈប់ឡើយ។ ដោយមើលឃើញការលំបាករបស់ប្អូន លោកគ្រូ អ្នកគ្រូ តែងលើកចិត្តគាត់ ហើយបង្រៀនគួរមិនយកប្រាក់ពីគាត់ឡើយ។ ដោយការខិតខំប្រឹងប្រែងរៀនសូត្រ ប្អូនទទួលបានលទ្ធផលនិទ្ទេស A នាសម័យប្រឡង ០៥ ធ្នូ ២០២២ កន្លងទៅថ្មីៗនេះ ( សិស្សថ្នាក់វិទ្យាសាស្ត្រ )។
ក្ដីស្រមៃរបស់ប្អូនស្រីគឺបន្តការសិក្សានៅមហាវិទ្យាល័យ ប៉ុន្តែកត្តារាំងស្ទះគឺបញ្ហាជីវភាព។ ដូចនេះសូមអំពាវនាវដល់បងប្អូនសប្បុរជន ជិតឆ្ងាយមេត្តាជួយឧបត្ថម្ភទៅតាមលទ្ធភាព ដើម្បីជួយដល់ធនធានមនុស្សម្នាក់នេះផង។ លេខទូរស័ព្ទប្អូនស្រី មាង ហន គឺ
096 556 0736 លោកគ្រូ ខឹម សុវណ្ណ 015 511 521, លោកគ្រូ ស សារ៉ាន 088 289 8354, លោកគ្រូ ស៊ុំ ហែម 097 922 2719, លោកគ្រូ ស៊ី ចាន់ធឿន 069 905 079, លោកគ្រូ អាន សុខគន្ធា 011 567 080»។
ទោះយ៉ាងណា ពេលនេះ ប្អូនស្រីខាងលើ បានសម្រេចបំណងហើយ ដោយថ្មីៗនេះ គណនីហ្វេសប៊ុកដដែល បានបញ្ជាក់ថា «ស្នាមញញឹម ក្ដីស្រមៃ និងក្ដីសង្ឃឹម
……………………………………………………ថ្ងៃនេះជាលើកទី១ ដែលយុវតី មាង ហន ជាសិស្សក្រកំព្រាម្ដាយ រស់នៅជាមួយអ៊ំស្រី ជាស្ត្រីមេម៉ាយ ប្រឡងជាប់និទ្ទេស A បានធ្វើដំណើរទៅដល់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ( NPIC ) ដើម្បីស្គាល់ទីតាំងវិទ្យាស្ថាន មុននឹងការសិក្សាចាប់ផ្ដើមនៅខែ កុម្ភៈ ឆ្នាំ ២០២៣។
យុវតី មាង ហន នឹងត្រូវបន្តការសិក្សានៅទីនេះបន្តទៀត ក្នុងនាមជានិស្សិតអាហាររូបករណ៍ដែលផ្ដល់ជូនដោយ ឯកឧត្តមនាយកវិទ្យាស្ថាន ។
ដើម្បីទ្រទ្រង់ជីវភាពក្នុងការសិក្សារបស់យុវតី ដ៍កំសត់ម្នាក់នេះ បងប្អូនមានចិត្តអាណិតក្មួយស្រីអាចជួយគាត់ ១ដុល្លា ៥០០០រៀល ……..តាមACLEDA ទាន់ចិត្តៈ
មាង ហន 096 556 0736»៕