ធ្ងន់ហើយ! ក្រោយ​ឡាយ​បកស្រាយ, អ្នកស្រី ទ្រី ដាណា ទុក​ពេល​១២​ម៉ោង​ ឲ្យ​ក្រុមហ៊ុន​ទេសចរណ៍​១​នេះ ​​សុំទោស​ បើ​មិន​ដូច្នេះ​ទេ…(មានវីដេអូ)

ក្រោយ​ពី​នាំ​កូនៗ​ទៅ​លេង​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ឱកាស​ឆ្លងឆ្នាំ​កន្លងទៅ​នេះ តាមរយៈ​ក្រុមហ៊ុន​ទេសចរណ៍​មួយ ហើយ​ទទួល​បាន​ការ​ខកចិត្តជា​ទម្ងន់នោះ, អ្នកស្រី ទ្រី ដាណា បាន​បង្ហោះសារជាបន្តបន្ទាប់ពាក់ព័ន្ធរឿងនេះ។

ជាក់ស្ដែង កាលពី​ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ អ្នកស្រី ទ្រី ដាណា ​​បានទម្លាយឈ្មោះក្រុមហ៊ុន, ​មុខម្ហូប និងបន្ទប់ ដែលក្រុមហ៊ុនទេសចរណ៍នោះ រៀបចំសម្រាប់គ្រួសារអ្នកស្រី អមដោយសាររៀបរាប់ថា «នាងខ្ញុំបានទុកពេលវេលាហើយ ប៉ុន្តែគ្មានការឆ្លើយតបសមស្របណាមួយពីក្រុមហ៊ុនទេសចរណ៍ 2World Travel Cambodia សម្រាប់នាងខ្ញុំ។

ខ្ញុំពិតជាសោកស្ដាយសម្រាប់ពេលវេលា និងឱកាសដ៏ល្អសម្រាប់កូនៗខ្ញុំក្នុងការមើលកាំជ្រួចឆ្លងឆ្នាំ ដែលមួយឆ្នាំមានតែម្ដង ខណៈសេវាកម្មទេសចរណ៍ ដែលនិយាយថាជាកញ្ចប់ VIP មិនអាចទទួលបានសូម្បីកន្លែងគេងដ៏ល្អសមស្រប។ ម្យ៉ាងវិញទៀត ខាងបុគ្គលិកក្រុមហ៊ុន បានរៀបចំអោយខ្ញុំ និងកូនៗទៅស្នាក់នៅកន្លែងមួយក្នុងប្រទេសម៉ាឡេស៊ី ជិតព្រំដែនប្រទេសសិង្ហបុរី ដែលជាកន្លែងស្ងាត់ គ្មានការរៀបចំកម្មវិធីអ្វីទាំងអស់ ទាំងដែលនាងខ្ញុំផ្ទាល់បានបញ្ជាក់ហើយថា ត្រូវការកន្លែងដែលគេ Countdown សប្បាយៗ ព្រោះនាងខ្ញុំផ្ទាល់ មិនធ្លាប់ចូលប្រទេសទាំង២នោះ ទើបរកសេវាកម្មពីក្រុមហ៊ុនទេសចរណ៍។ នៅពេលទំនាក់ទំនងទៅសួរព័ត៍មានផ្នែកលក់ឈ្មោះ រ័ត្ន ដែលនាងខ្ញុំបាននិយាយជាមួយផ្ទាល់កាលពីដំបូង និងជាអ្នករៀបចំដំណើរ គាត់បែរជានិយាយតបមកវិញ ដោយគ្មានសុជីវធម៍ គ្មានទំនួលខុសត្រូវ ថានេះជាការចង់បានរបស់នាងខ្ញុំ គេរៀបអោយទៅតាមការចង់បានចឹងហើយ ដែលនេះជាការមើលងាយមកលើនាងខ្ញុំ និងកូនៗខ្ញុំ។

នេះនាងខ្ញុំជាអ្នកនិយាយដោយផ្ទាល់ ចុះចំពោះបងប្អូនផ្សេងទៀត ដែលមានបញ្ហា តើធ្លាប់ទទួលបានបទពិសោធន៍យ៉ាងណាដែរ?
ខ្ញុំមិនសោកស្ដាយចំពោះកញ្ចប់ថវិកាជាង ១ម៉ឺនដុល្លារ សម្រាប់មនុស្សធំ ៥នាក់ និងក្មេង៣នាក់នោះទេ តម្លៃនេះមិនទាន់រាប់បញ្ចូលថ្លៃសំបុត្រទស្សនាផ្សេងៗ ដែលខ្ញុំត្រូវចេញដោយខ្លួនឯងអស់ខ្ទង់ពាន់ដុល្លារទៀត។

ខ្ញុំស្ដាយពេលវេលា ទំនុកចិត្តទៅលើក្រុមហ៊ុន ជាពិសេសអាណិតកូនៗ ដែលត្រូវមើលគេឆ្លងឆ្នាំតាមបណ្ដាញសង្គមយ៉ាងរីករាយ ទាំងដែលពួកគាត់ត្រូវស្នាក់នៅកន្លែងយ៉ាងស្ងប់ស្ងាត់ ហើយទទួលទានអាហារ មិនមានសូម្បីភេសជ្ជៈមួយកំប៉ុង សម្រាប់កូនៗខ្ញុំផឹក។ នាងខ្ញុំសង្ឃឹមថា បងប្អូនយើងទាំងអស់ សម្រេចចិត្តអោយបានច្បាស់លាស់ មុនពេលទទួលយកសេវាកម្មពីក្រុមហ៊ុនណាមួយ ចៀសវាងមានការខាតបង់ពេលវេលា ដូចនាងខ្ញុំ។

ក្រុមហ៊ុនត្រូវធ្វើលិខិតសុំទោសដល់រូបនាងខ្ញុំ ដោយអោយបុគ្គលិកឈ្មោះ រ័ត្ន ទទួលស្គាល់នូវកំហុសរបស់ខ្លួនទាំងអស់ និងការមើលងាយមកលើរូបខ្ញុំ។ ម្យ៉ាងទៀត ទឹកប្រាក់ 10760$ ក្នុងដំណើរកម្សាន្ត ត្រូវវិលត្រលប់ជាជំនួយដល់មន្ទីរពេទ្យគន្ធបុផ្ផាវិញជាដាច់ខាត។ នាងខ្ញុំនឹងបន្តតាមផ្លូវច្បាប់! ខ្ញុំតែងប្រាប់ថា អស់ប៉ុន្មានក៏បាន ត្រូវថែមប៉ុន្មានក៏បាន តែខ្វះការយកចិត្តទុកដាក់ ហើយអ្នកនាំដើរ ក៏មិនបានធ្វើតាមអ្វីដែលចង់បាន! មិនស្ដាយលុយ តែស្ដាយពេលវេលា និងអាណិតកូនៗ!»។

ដោយមិនអស់ចិត្តនៅយប់ថ្ងៃដដែលនេះ អ្នកស្រី បានបង្ហោះសារទៀតថា «ខ្ញុំនឹងរកយុត្តិធម៍តាមផ្លូវច្បាប់ចំពោះក្រុមហ៊ុនទេសចរណ៍ 2World Travel Cambodia ដែលបានរំលោភលើសេចក្តីទុកចិត្តរបស់ខ្ញុំ ប្រើពាក្យសម្ដីគ្មានការទទួលខុសត្រូវ មើលងាយខ្ញុំ ហើយបើខ្ញុំឈ្នះក្តីនេះ ថវិកាដែលឈ្នះក្តីខ្ញុំយកចូល មន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ហើយខ្ញុំនឹងបន្ថែមថវិកាពីលើនោះទៀត! ថវិកា 10760$ សម្រាប់មនុស្សធំ ៥នាក់ និងក្មេង៣នាក់ ខ្ញុំមិនស្ដាយទេ តែស្ដាយពេលវេលា និងអាណិតកូនៗ ហើយរឹតតែមិនអាចទទួលយកបាន គឺការគ្មានទំនួលខុសត្រូវ និងមើលងាយមកលើនាងខ្ញុំ!»។

ក្រោយពីរៀបរាប់ពីរឿងខាងលើអស់ចិត្តអស់រួចមក នៅថ្ងៃទី8 ខែមករា អ្នកស្រី បានធ្វើការឡាយបន្ថែមដើម្បីបកស្រាយជុំវិញរឿងនេះ ដោយដាក់ចំណងជើងថា «សុំបកស្រាយរឿងក្រុមហ៊ុនទេសចរណ៍ 2World Travel Cambodia ដែលបានបោកប្រាស់ទំនុកចិត្តនាងខ្ញុំ»។

បន្ទាប់ពីឡាយបកស្រាយរួចមក អ្នកស្រីក៏បានបង្ហោះសារទុកពេល១២ម៉ោង រាប់ពីពេលបង្ហោះ ឲ្យក្រុមហ៊ុនទេសចរណ៍ខាងលើ ចេញលិខិតសុំទោសជាសារធារណៈ និងសន្យាពង្រឹងសេវាកម្មឡើងវិញ ជូនអ្នកក្រោយៗ បើមិនដូច្នេះទេ អ្នកស្រីនឹងសម្រេចចិត្តដាក់ពាក្យ​បណ្ដឹងតាមផ្លូវច្បាប់។

ថៅកែហាងពេជ្រចិត្តធម៌រូបនេះ បានបង្ហោះសាររៀបរាប់ដូច្នេះថា «ទោះខ្ញុំទទួលរងនូវការមើលងាយ និងការខាតបង់ពេលវេលាដ៏មានតម្លៃ តែខ្ញុំចូលចិត្តទុកឱកាសដល់គេណាស់​ មុនពេលបង្ហោះជាសាធារណៈ និងឈានដល់ការឡាយនេះ នាងខ្ញុំបានអោយក្រុមការងារដាក់លិខិតទៅក្រុមហ៊ុនទេសចរណ៍ 2World Travel Cambodia បន្តបន្ទាប់ និងទុកពេល ២៤ម៉ោង ២ដង ដើម្បីសម្របសម្រួល និងចង់ទទួលបានការសុំទោសមួយសមស្រប ដោយនាងខ្ញុំមិនបង្ហោះអ្វីទាំងអស់ គ្រាន់ដើម្បីអោយអារម្មណ៍ខ្ញុំល្អឡើងវិញ។

ប៉ុន្តែជាក់ស្ដែង គេបែរជាមិនឆ្លើយតបជាមួយសំណើខ្ញុំ ហើយបែរជាកំណត់ពេលវេលា កំណត់ម៉ោងណាត់ជួបខ្ញុំ រំលងដល់ទៅមួយសប្ដាហ៍ ដើម្បីសួរចម្លើយពីខ្ញុំ វាហាក់ដូចជាមើលងាយខ្ញុំកាន់តែខ្លាំង។ ដូចខ្ញុំនិយាយក្នុងឡាយមុននេះ ទោះខ្ញុំអោយខាងមេធាវីរៀបចំឯកសាររួចអស់ តែខ្ញុំសម្រេចចិត្តទុកឱកាសចុងក្រោយ។

ប្រសិនបើទទួលស្គាល់នូវអ្វីកើតឡើង ចេញលិខិតសុំទោសជាសារធារណៈ និងសន្យាពង្រឹងសេវាកម្មឡើងវិញ ជូនអ្នកក្រោយៗ ក្នុងរយៈពេល ១២ម៉ោង គិតពីម៉ោងបង្ហោះសារនេះ នាងខ្ញុំនឹងមិនដាក់ពាក្យបណ្ដឹងទេ។ សម្រាប់ការបរិច្ចាគទៅគន្ធបុផ្ឋា ទឹកប្រាក់ប៉ុន្មានក៏បាន ទៅតាមលទ្ធភាពចុះ។ សង្ឃឹមអ្នក ទាំងអស់គ្នា មិនជួបរឿងដូចខ្ញុំ តែបើជួបរឿងដូចខ្ញុំ ត្រូវហ៊ានតតាំង ហ៊ាននិយាយការពិត មិនត្រូវអង្គុយតូចចិត្តខ្លួនឯង នាំអោយមានវិប្បដិសារីក្នុងជីវិតទេ»៕


Related posts