ប្រិយមិត្ត បានជ្រាបរួចមកហើយថា ក្នុងពេលកម្មវិធីCambodian Idolរដូវកាលទី៤ កំពុងដំណើរការនោះ, យុវជន លីម តិចម៉េង ជាបេក្ខជនលេចធ្លោជាងគេតាំងពីបង្ហាញសមត្ថភាពដំបូងវគ្គJugde Auditionរហូតមកដល់វគ្គផ្ដាច់ព្រ័ត្រ ទទួលបានសារបោះឆ្នោតច្រើនជាងគេ ក្លាយជាម្ចាស់ពាន។
ក្នុងពេលកម្មវិធីកំពុងដំណើរការនោះដែរ លីម តិចម៉េង ធ្លាប់ប្រាប់ពីជីវិតគ្រួសាររបស់ខ្លួនឆ្លើយតបទៅនឹងការចង់ដឹងរបស់អ្នកគាំទ្រថា ឪពុករបស់ខ្លួនធ្វើការជាអ្នកបើកឡានដឹកសិស្សនៅចម្ការលើ នៅសាលារៀន ប៊េដអែល។ ចំណែកម្ដាយ ធ្វើសន្តិសុខផង និងអ្នកលក់អីវ៉ាន់ចាប់ហួយផង នៅរោងចក្រនៅកំបូល។
នៅពេលនោះ អតីតក្មេងឃ្វាលគោរូបនេះ មិនបាននិយាយច្រើនជាងនេះឡើយ។ ប៉ុន្តែ ក្រោយក្លាយជាម្ចាស់ពាននោះ ស្រាប់តែនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ តារាចម្រៀងពន្លកថ្មីរូបនេះ បានបង្ហោះរូបថតអតីតរបស់ខ្លួន១សន្លឹក ហើយរៀបរាប់ពីជីវិតតស៊ូថា «អ្នករត់តុតាមរោងការ សន្តិសុខ…គ្រប់យ៉ាងត្រូវបានផ្លាស់ប្តូរដោយការតស៊ូ ការបង្កើតកម្មវិធីប្រលង នឹង ការជ្រើសរើសរបស់បងប្អូនមហាជននៅទូទាំងប្រទេស សូមអោយរឿងល្អៗ ក្តីសុខ មានគ្រប់ក្រុមគ្រួសាររបស់បងប្អូនខ្មែរទាំងអស់គ្នា»។
ក្រោយដឹងពីប្រវត្តិតស៊ូរបស់ កំលោះតូច លីម តិចម៉េង រួចមក អ្នកគាំទ្រ នាំគ្នាលើកឡើងថា «ដោយសារការតស៊ូ សមត្ថភាព មានសីលធម៌ គុណធម៌ ចេះដឹងគុណស្រ័យ ធ្វើអោយបង និង ហ្វេនដទៃទៀត កាន់តែស្រលាញ់ កាន់តែគាំទ្រ ជូនពរអូនកាន់តែជោគជ័យលើវិថីមួយនេះ love you idolតូច, ជាកូនប្រុសដ៏ល្អ ជាបងប្រុសដ៏ល្អ សូមសរសើរភាពតស៊ូរបស់idol ជ្រើសរើសយកអ្នកជាidolព្រោះអ្នកមានគុណសម្បត្តិគ្រប់គ្រាន់អោយកូនខ្មែរជំនាន់ក្រោយយកគំរូតាម ក្នុងនាមជាfanម្នាក់មិនចង់បានអ្វីឡើយ គ្រាន់តែចង់ឃើញអ្នកជោគជ័យមានពន្លឺនៅលើវិថីមួយនេះជារៀងរហូតទៅ,
អាយដល អាយុទើប២៥ឆ្នាំទេ តែឆ្លងកាត់បទពិសោធន៍ការតស៊ូ និងការងារច្រើន សូមសរសើរ ទម្រាំជោគជ័យថ្ងៃនេះ ពិតជាមិនមែនបានមកដោយស្រួលទេ ស្រលាញ់ការតស៊ូអាយដលពេញបេះដូង, ការតស៊ូ ជម្នះគ្រប់ឧបសគ្គធ្វើអោយបងជោគជ័យ ហើយអរគុណដល់កម្មវិធីប្រឡងដែលអោយខ្ញុំបានស្គាល់បង ជូនពរបងកាន់តែល្បីខ្លាំងៗ មានអ្នកស្រឡាញ់ចូលចិត្តកាន់តែច្រើនៗ និងជោគជ័យក្នុងជីវិតអាយដលតូចរបស់ហ្វេន»៕