និយាយដល់ឈ្មោះ លីន សោម៉ា ប្រិយមិត្តមួយចំនួន ច្បាស់ជានឹកឃើញភ្លាម ថា រូបនាង ជាម្ចាស់ពានក្នុងកម្មវិធីប្រឡងចម្រៀង «ផ្កាយរះក្នុងសួន» របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ១១ ដោយនៅពេលនោះ នាងទទួលបានជ័យលាភីលេខ១ ជាមួយនឹងទឹកប្រាក់ចំនួន៨លានរៀល។
នៅពេលនោះ លីន សោម៉ា ស្ថិតក្នុងវ័យកុមារភាពនៅឡើយ ជាមួយរូបរាងឡើងតូចច្រឡឹង សំឡេងផ្អែម ធ្ងន់ ពីរោះ រណ្ដំ ធ្វើឲ្យគ្រប់គ្នា ដែលស្ដាប់សំឡេងនាងនៅពេលនោះហើយ នាំគ្នាលាន់មាត់សរសើរពីសមត្ថភាពដ៏អស្ចារ្យកម្រមានមួយនេះទៀតផង។
ក្រោយមក ស្ថិតក្នុងវ័យជំទង់ អាយុ១៦ឆ្នាំ លីន សោម៉ា ក៏បង្ហាញវត្តមាននៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idolរដូវកាលទី៣ក្នុងឆ្នាំ២០១៧ ដោយនៅវគ្គJudge Audition នាងលើកយកបទ «មេឃកំពុងភ្លៀងហើយ» យកមកបកស្រាយ ធ្វើឲ្យគណៈកម្មការសរសើរមិនដាច់ពីមាត់ទៀតផង។
ទោះសមត្ថភាពលីន សោម៉ា ខ្លាំងប៉ុណ្ណា ក៏នាងនៅតែមិនអាចប្រជែងជាមួយបេក្ខជន បេក្ខនារីដទៃទៀតបាននោះទេ ធ្វើឲ្យរូបនាងត្រូវធ្លាក់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ក្រោយមក លីន សោម៉ា បានចូលរួមប្រឡងនៅក្នុងកម្មវិធីThe Mask Singer Cambodiaរដូវកាលទី១ ហើយជាលទ្ធផល ទោះបានត្រឹមTop 2 ក៏សំឡេងដ៏ក្រអួន ក្រអៅរបស់នាង នៅតែដក់ជាប់ក្នុងក្រអៅបេះដូងអ្នកគាំទ្រ ដដែល។
ដោយឡែកថ្មីៗនេះ ស្របពេលកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodiaរដូវកាលទី៣ ប្រកាសជិតចាប់ផ្ដើម តាមរយៈការបង្ហោះសារ «មកដល់ឆាប់ៗនេះ» នោះ ស្រាប់តែ តារាចម្រៀង លីន សោម៉ា បានចូលទៅខំមិនក្រោមផុសនោះជាភាសាអង់គ្លេសថា Can’t wait ដែលមានន័យជាភាសាខ្មែរថា «មិនអាចរង់ចាំបាន»។
តាមរយៈខំមិនយ៉ាងខ្លីនេះ ត្រូវបានគេគិតថា លីន សោម៉ា នឹងដាក់ពាក្យចូលរួមប្រឡងក្នុងកម្មវិធីនេះ ខណៈអ្នកគាំទ្រជាច្រើននាក់ ក៏កំពុងទន្ទឹងរង់ចាំវត្តមានរបស់នាង ដើម្បីដណ្ដើមពានផ្នែកសិល្បៈដ៏មានសក្ដានុពលមួយនេះនោះ៕