ប្រិយមិត្ត អ្នកស្នេហាវិស័យបាល់ទាត់ បានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមជម្រើសជាតិអាហ្សង់ទីន បានឈ្នះជើងឯកពានព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា បន្ទាប់ពីយកឈ្នះក្រុមបារាំង ដោយបាល់ប៉េណាល់ទី ៤-២ បន្ទាប់ពីលេងស្មើពេញម៉ោង៣-៣។
នេះជាការឈ្នះពានរង្វាន់ជើងឯកបាល់ទាត់ពិភពលោកជាលើកទី៣ ក្នុងប្រវត្តិសាស្ត្រនៃការចូលរួមប្រជែងពាន World Cup របស់ក្រុមជម្រើសជាតិអាហ្សង់ទីន បន្ទាប់ពីធ្វើបាននៅឆ្នាំ១៩៧៨ និងនៅឆ្នាំ១៩៨៦ ដ្បិតរងជើងឯក ៣លើកនៅឆ្នាំ១៩៣០, ១៩៩០ និងឆ្នាំ២០១៤។
ចំពោះក្រុមមាន់គកបារាំង បានត្រឹមរងជើងឯកឆ្នាំ២០២២ នេះ ដ្បិតនាមធ្លាប់ឈ្នះជើងឯក ២លើកនៅឆ្នាំ១៩៩៨ និងឆ្នាំ២០១៨ ធ្វើឲ្យពួកគេជាក្រុមរងជើងឯក ២លើក, និងធ្លាប់បានចំណាត់ថ្នាក់លេខ៣ ចំនួន ២លើកផងដែរ នៅឆ្នាំ១៩៥៨ និងឆ្នាំ១៩៨៦ និងបានលេខ៤ នៅឆ្នាំ១៩៨២។
ងាកមកចាប់អារម្មណ៍ ពេលការប្រកួតកំពុងដំណើរការវិញនោះ, នារីខ្មែរដ៏ស្រស់ស្អាតម្នាក់ ប្រើប្រាស់ទំព័រហ្វេសប៊ុកឈ្មោះ « J-Moch» បានជិះយន្តហោះ ទៅលំហែកាយ ដល់ប្រទេសកាតា ថែមទាំងបានចូលហាងមួយកន្លែង នៅក្នុងប្រទេសនេះ ញ៉ាំ Steak (ស្តេក) ទៀតផង។
អ្វីកាន់តែចាប់អារម្មណ៍ទៀតនោះ គ្រាន់តែ ស្តេក មួយដុំ មានតម្លៃរហូតដល់ទៅ ២៣១០ ដុល្លារ ឯណោះ ធ្វើឲ្យ អ្នកលេង បណ្ដាញសង្គមហ្វេសប៊ុកនៅខ្មែរឃើញហើយនាំគ្នាចូលខំមិនវែកញែកព្រោងព្រាតតាមការយល់ឃើញរបស់ពួកគេនោះ។
បង្ហោះភ្ជាប់ជាមួយវីដេអូ កាលពីពេលថ្មីៗកន្លងទៅនេះ, នារីខាងលើ បានដាក់Captionថា «រំភើបណាស់ ដែលបានញុំាស្តេក ដោយលោក Salt Bae រោយអំបិលដោយផ្ទាល់»។ តាមរយៈនេះ អ្នកលេងបណ្ដាញសង្គម បានលើកឡើងព្រោងព្រាតថា «វាគ្មានអីឆ្ងាញ់ជាងម៉ែ ឪ ខ្ញុំធ្វើម្ហូបឲ្យហូបទេ ជូនគាត់ត្រឹម១០ម៉ឺន ចង់ផ្អកៗ ចង់ម៉ាំៗ, Steak មកពីឋានសួគ៌ញ៉ាំទៅមិនចេះចាស់ណា ថ្លៃ $2310 បូក Tips $700 = $ 3000 US, គេហូបមួយពេលឯរកមួយឆ្នាំ»។
គួរបញ្ជាក់ថា លោក Nusret Gokce រហស្សនាមថា Salt Bae មានដើមកំណើតនៅប្រទេសតួកគី បានកសាងកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំង នៅតាមបណ្ដាញសង្គម ហើយបច្ចុប្បន្នលោក ក៏មានសាខាភោជនីយ៍ជាច្រើនកន្លែងក្នុងប្រទេសអ្នកមាននៅទូទាំងពិភពលោកផងដែរ។
នៅថ្ងៃក្រុមអាហ្សង់ទីនឈ្នះពាន World Cupនោះ, លោក Salt Bae បានចូល ទៅកាន់ទីលានអបអរជ័យជម្នះ ដោយគ្មានការអនុញ្ញាត ហើយទីបំផុត FIFA សម្រេចដាក់ពិន័យ ដោយ ហាមឃាត់ Salt Bae មិនអោយចូលរួមព្រឹត្តិការណ៍ធំៗមួយចំនួននៅឆ្នាំ ២០២៣ខាងមុខនេះ៕