គេនៅចាំបានថា នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៤ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២កន្លងទៅនោះ, បេក្ខជន នាង ដាវីន បានទទួលសំឡេងបោះឆ្នោតច្រើនពីទស្សនិកជនរហូតជាប់Top 2 ខណៈបេក្ខជនលេចធ្លោ ថុល សុភិទិ ជាប់ត្រឹមTop 3ប៉ុណ្ណោះ។
នៅពេលនោះ នាង ដាវីន ក្លាយជាទីចាប់អារម្មណ៍សម្រាប់មហាជន រហូតត្រូវបានអ្នកសារព័ត៌មានក្នុងស្រុកមិនតិចទេ សុំជីកកកាយជីវប្រវត្តិតស៊ូផ្ទាល់ខ្លួន តែត្រូវ នាង ដាវីន បដិសេធ ហើយសុំលាក់សិន ព្រោះលោកមិនចង់ឲ្យការប្រឡងរបស់លោក ពាក់ព័ន្ធនឹងការតស៊ូនៃឆាកជីវិតឡើយ។
ក្រោយប្រឡងចប់ ទោះមិនបានពាន ក៏ នាង ដាវីន ស្ថិតក្នុងចំណោមTop4 ផងដែរ ហើយកេរ្តិ៍ឈ្មោះរបស់លោកពេលនេះ ក៏មានគេស្គាល់ច្រើន ទីផ្សារសិល្បៈ ក៏មានហាងឆេង មិនធម្មតានោះដែរ។ ជាពិសេសចូលដល់ឆ្នាំថ្មីភ្លាម តារាចម្រៀង ពន្លកថ្មីរូបនេះ បានឲ្យម្ដាយស្រោចទឹកឲ្យពីមុខរថយន្តព្រុសរបស់ខ្លួនទៀតផង។
បង្ហោះភ្ជាប់ជាមួយរូបថត អង្គុយមុខរថយន្តព្រូស ហើយម្ដាយស្រោចទឹកឲ្យ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នោះ, តារាចម្រៀង នាង ដាវីន បានពោលពាក្យយ៉ាងខ្លីថា «សុំពរសុំជ័យពីអ្នកម្តាយ បើកទំព័រជីវិតទទួលយកអាយុថ្មី ហើយយប់នេះ កុំភ្លេចជួបគ្នាណាបងប្អូន អ្នកបន្ទាយមានជ័យ(ក្រុងប៉ោយប៉ែត)»។
តាមរយៈនេះ អ្នកគាំទ្រ ជាច្រើន បានជូនពរឲ្យហេងៗក្នុងឆ្នាំថ្មី ក្នុងនោះទំព័រហ្វេសប៊ុក «គាំទ្រតារាខ្មែរ» បានលើកឡើងពីការតស៊ូរបស់នាង ដាវីន ថា «ឃើញរូបមួយសន្លឹក របស់ លោក នាង ដាវីន ហើយមានអារម្មណ៍ថា រំភើបចិត្ត និងទឹកចិត្តដ៏ប្រពៃ របស់កូនចំពោះអ្នកម្តាយ
ការតស៊ូព្យាយាមរបស់គាត់ ចាប់ផ្ដើមច្រៀងCover ជាច្រើនបទបន្ទាប់មកក៏ចាប់ផ្ដើមច្រៀងនៅផលិតកម្មមួយ រហូតដើរមកដល់ថ្ងៃមួយ បានចូលប្រឡងCambodia Idol ឆ្លងកាត់ឧបសគ្គជាច្រើនរឿង ទាំងពេលខ្លះ ស្ទើរតែស្រក់ទឹកភ្នែក តែមិនជាថ្វីក្មេងប្រុសម្នាក់ នៅតែបំពេញក្តីស្រម៉ៃរបស់ខ្លួន មានថ្ងៃមួយពិតមែន គឺបានTop4 និងទទួលបានការគាំទ្រយ៉ាងច្រើន ព្រមទាំងបាន ច្រៀងក្នុងផលិតកម្មមួយ ដែលខ្លួនប្រាថ្នា»៕