កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ នាយព្រែក និង តារាសម្ដែង វ័យក្មេង ឈិន មុន្នីនាថ បានច្រៀងឆ្លើយឆ្លងគ្នាយ៉ាងពីរោះ បង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងទីកតុក ទទួលបានការចាប់អារម្មណ៍ម្ដងរួចមកហើយ។
ដោយឡែក កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ តារាសម្ដែង វ័យក្មេង ឈិន មុន្នីនាថ បានចាប់ដៃគូច្រៀងជាមួយឪពុករបស់ខ្លួន ដែលជាតារាចម្រៀង និងពិធីករ ឈ្មោះ ឈិន កុសល ម្ដង ដោយទទួលបានការចាប់អារម្មណ៍ខ្លាំងជាង កាលពីចាប់ដៃគូច្រៀងជាមួយនាយព្រែកទៅទៀត។
ជាក់ស្ដែង គ្រាន់តែបង្ហោះចូលទំព័រហ្វេសប៊ុករបស់ខ្លួនរយៈពេលត្រឹម១ថ្ងៃប៉ុណ្ណោះ មានអ្នកចុចReact ជាមេដៃ បេះដូង…រហូតដល់ទៅជាង១០ម៉ឺន បញ្ចេញមតិជាង២ពាន់ និងចែករំលែកបន្តជិត៧ពាន់ដងឯណោះ។
បង្ហោះភ្ជាប់ជាមួយវីដេអូច្រៀងឆ្លើយឆ្លងគ្នានេះ តារាសម្ដែង ឈិន មុន្នីនាថ បានដាក់Captionថា «មកជាមួយប៉ាម្ដងមិនដែលច្រៀងជាមួយប៉ាទេ ខុសត្រូវកុំប្រកាន់ណា»។ បន្ថែមលើនេះ តារាសម្ដែងវ័យក្មេងខាងលើ ថែមទៀតសរសេរនៅក្រោមវីដេអូរបស់ខ្លួនទៀតថា «ខ្ញុំនិងប៉ាសូមអរគុណបងប្អូនទាំងអស់គ្នាដែលនឹករលឹកប៉ា ប៉ាគាត់សំណាងណាស់ ដែលមានកូនស្អាតដូចខ្ញុំ និយាយលេងទេណា»។
ដោយមិនអស់ចិត្ត ឈិន មុន្នីនាថ បានរៀបរាប់ក្រោមវីដេអូ នោះទៀតថា «អរគុណបងប្អូនអ៊ំពូមីងម្ដងទៀតសម្រាប់ការស្រឡាញ់និងចូលចិត្ត ប៉ាផ្ដាំមកថាប៉ាមិនចាស់ណា ប៉ានៅសង្ហា សម្រាប់អ្នកសួរពីអាយុ ប៉ាទើបក្បែរ 50 ទេណា ប៉ាមានសុខភាពល្អណាស់មើលតែសាច់ដឹងហើយ»។
ចំណែក នាយព្រែក ដែលកំពុងមានទំនាក់ទំនងស្នេហាជាមួយ តារាសម្ដែងខាងលើនេះ បានបញ្ចេញមតិ សរសើរអនាគត ប៉ាក្មេកថា «ប៉ាៗច្រៀងពីរោះជាង»។ ដោយឃើញបែបនេះ អ្នកគាំទ្រ បានតបថា « ពូព្រែកយកចិត្តប៉ានាថហើយ, ប៉ាក្មេក»៕ ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖