លែង​ទុក​មុន! អ្នក​ស្រី ទ្រី ដាណា ​និយាយ​បែប​នេះចំពោះដំណើរកម្សាន្តថ្ងៃមុន ស្រាប់តែ​ក្រុមហ៊ុន​ទេសចរណ៍​តប​វិញ​ថា…

ក្នុងឱកាសឆ្នាំសកលកន្លងទៅនេះ អ្នកស្រី បានចំណាយពេលវេលានាំកូនៗជាទីស្រឡាញ់របស់ខ្លួនដើរលេងកម្សាន្តទៅប្រទេសម៉ាឡេស៊ី។ បែរជាកើតការមិនពេញចិត្តចំពោះក្រុមហ៊ុនទេសចរណ៍ ធ្វើឲ្យអ្នកស្រីបានត្រឹមបង្ហោះសារសុំទោសកូន អមដោយស្ទីកឃ័រទឹកភ្នែកប៉ុណ្ណោះ។

បង្ហោះរូបថតកូនៗ១សន្លឹកកាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ អ្នកស្រី ទ្រី ដាណា បាន​រៀបរាប់​ថា «អោយ​ម៉ាក់​សុំទោស​កូនៗ​ម៉ាក់​ខំ​ជឿ​លើ​ក្រុមហ៊ុន​ទេសចរណ៍​ថា នាំ​កូនមក​ខោនដោន​អោយ​សប្បាយៗ ដឹង​អី​ក្រុមហ៊ុន​នេះ យកមកទុកដោយអត់មានកម្មវិធីអ្វីទាំងអស់​ ម៉ាក់និងប៉េះពូវពេលវេលាអោយកូនៗវិញ​ អាណិតណាស់
ខ្ញុំនិងបង្ហាញឈ្មោះក្រុមហ៊ុនទេសចរណ៍នេះក្នុងពេលឆាប់ៗនេះ តែលូវសុំពេលលួងកូនៗសិន​អាណិតឡើងស្រក់ទឹកភ្នែក​»។

ក្រោយមកនៅរាត្រីឆ្លងចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ អ្នកស្រី ទ្រី ដាណា បានបង្ហោះសារទៀតថា «ខ្ញុំទុកពេលអោយ24ម៉ោង បើគ្មាន​ដំណោះស្រាយណាសំស្របអោយខ្ញុំទទួល​យកបានទេខ្ញុំនិងផុសក្រុមហ៊ុនទេសចរណ៍ដែលបានធ្វើអោយខកនិងរំលោភលើសេចក្តីទុកចិត្តរបស់ខ្ញុំហើយនិងនៅតែត្រូវដោះស្រាយ​ដដែល លុះត្រា​តែមានដំណោះស្រាយដែលខ្ញុំអាចទទួលយកបាន»។

បន្ថែមលើនេះ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះ អ្នកស្រី បានទម្លាយឈ្មោះក្រុមហ៊ុន, ​មុខម្ហូប និងបន្ទប់ ដែលក្រុមហ៊ុនទេសចរណ៍នោះ រៀបចំសម្រាប់គ្រួសារអ្នកស្រី អមដោយសាររៀបរាប់ថា «នាងខ្ញុំបានទុកពេលវេលាហើយ ប៉ុន្តែគ្មានការឆ្លើយតបសមស្របណាមួយពីក្រុមហ៊ុនទេសចរណ៍ 2World Travel Cambodia សម្រាប់នាងខ្ញុំ។

ខ្ញុំពិតជាសោកស្ដាយសម្រាប់ពេលវេលា និងឱកាសដ៏ល្អសម្រាប់កូនៗខ្ញុំក្នុងការមើលកាំជ្រួចឆ្លងឆ្នាំ ដែលមួយឆ្នាំមានតែម្ដង ខណៈសេវាកម្មទេសចរណ៍ ដែលនិយាយថាជាកញ្ចប់ VIP មិនអាចទទួលបានសូម្បីកន្លែងគេងដ៏ល្អសមស្រប។ ម្យ៉ាងវិញទៀត ខាងបុគ្គលិកក្រុមហ៊ុន បានរៀបចំអោយខ្ញុំ និងកូនៗទៅស្នាក់នៅកន្លែងមួយក្នុងប្រទេសម៉ាឡេស៊ី ជិតព្រំដែនប្រទេសសិង្ហបុរី ដែលជាកន្លែងស្ងាត់ គ្មានការរៀបចំកម្មវិធីអ្វីទាំងអស់ ទាំងដែលនាងខ្ញុំផ្ទាល់បានបញ្ជាក់ហើយថា ត្រូវការកន្លែងដែលគេ Countdown សប្បាយៗ ព្រោះនាងខ្ញុំផ្ទាល់ មិនធ្លាប់ចូលប្រទេសទាំង២នោះ ទើបរកសេវាកម្មពីក្រុមហ៊ុនទេសចរណ៍។ នៅពេលទំនាក់ទំនងទៅសួរព័ត៍មានផ្នែកលក់ឈ្មោះ រ័ត្ន ដែលនាងខ្ញុំបាននិយាយជាមួយផ្ទាល់កាលពីដំបូង និងជាអ្នករៀបចំដំណើរ គាត់បែរជានិយាយតបមកវិញ ដោយគ្មានសុជីវធម៍ គ្មានទំនួលខុសត្រូវ ថានេះជាការចង់បានរបស់នាងខ្ញុំ គេរៀបអោយទៅតាមការចង់បានចឹងហើយ ដែលនេះជាការមើលងាយមកលើនាងខ្ញុំ និងកូនៗខ្ញុំ។

នេះនាងខ្ញុំជាអ្នកនិយាយដោយផ្ទាល់ ចុះចំពោះបងប្អូនផ្សេងទៀត ដែលមានបញ្ហា តើធ្លាប់ទទួលបានបទពិសោធន៍យ៉ាងណាដែរ?
ខ្ញុំមិនសោកស្ដាយចំពោះកញ្ចប់ថវិកាជាង ១ម៉ឺនដុល្លារ សម្រាប់មនុស្សធំ ៥នាក់ និងក្មេង៣នាក់នោះទេ តម្លៃនេះមិនទាន់រាប់បញ្ចូលថ្លៃសំបុត្រទស្សនាផ្សេងៗ ដែលខ្ញុំត្រូវចេញដោយខ្លួនឯងអស់ខ្ទង់ពាន់ដុល្លារទៀត។

ខ្ញុំស្ដាយពេលវេលា ទំនុកចិត្តទៅលើក្រុមហ៊ុន ជាពិសេសអាណិតកូនៗ ដែលត្រូវមើលគេឆ្លងឆ្នាំតាមបណ្ដាញសង្គមយ៉ាងរីករាយ ទាំងដែលពួកគាត់ត្រូវស្នាក់នៅកន្លែងយ៉ាងស្ងប់ស្ងាត់ ហើយទទួលទានអាហារ មិនមានសូម្បីភេសជ្ជៈមួយកំប៉ុង សម្រាប់កូនៗខ្ញុំផឹក។ នាងខ្ញុំសង្ឃឹមថា បងប្អូនយើងទាំងអស់ សម្រេចចិត្តអោយបានច្បាស់លាស់ មុនពេលទទួលយកសេវាកម្មពីក្រុមហ៊ុនណាមួយ ចៀសវាងមានការខាតបង់ពេលវេលា ដូចនាងខ្ញុំ។

ក្រុមហ៊ុនត្រូវធ្វើលិខិតសុំទោសដល់រូបនាងខ្ញុំ ដោយអោយបុគ្គលិកឈ្មោះ រ័ត្ន ទទួលស្គាល់នូវកំហុសរបស់ខ្លួនទាំងអស់ និងការមើលងាយមកលើរូបខ្ញុំ។ ម្យ៉ាងទៀត ទឹកប្រាក់ 10760$ ក្នុងដំណើរកម្សាន្ត ត្រូវវិលត្រលប់ជាជំនួយដល់មន្ទីរពេទ្យគន្ធបុផ្ផាវិញជាដាច់ខាត។ នាងខ្ញុំនឹងបន្តតាមផ្លូវច្បាប់! ខ្ញុំតែងប្រាប់ថា អស់ប៉ុន្មានក៏បាន ត្រូវថែមប៉ុន្មានក៏បាន តែខ្វះការយកចិត្តទុកដាក់ ហើយអ្នកនាំដើរ ក៏មិនបានធ្វើតាមអ្វីដែលចង់បាន! មិនស្ដាយលុយ តែស្ដាយពេលវេលា និងអាណិតកូនៗ!»។

ដោយមិនអស់ចិត្តនៅយប់ថ្ងៃដដែលនេះ អ្នកស្រី បានបង្ហោះសារទៀតថា «ខ្ញុំនឹងរកយុត្តិធម៍តាមផ្លូវច្បាប់ចំពោះក្រុមហ៊ុនទេសចរណ៍ 2World Travel Cambodia ដែលបានរំលោភលើសេចក្តីទុកចិត្តរបស់ខ្ញុំ ប្រើពាក្យសម្ដីគ្មានការទទួលខុសត្រូវ មើលងាយខ្ញុំ ហើយបើខ្ញុំឈ្នះក្តីនេះ ថវិកាដែលឈ្នះក្តីខ្ញុំយកចូល មន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ហើយខ្ញុំនឹងបន្ថែមថវិកាពីលើនោះទៀត!
ថវិកា 10760$ សម្រាប់មនុស្សធំ ៥នាក់ និងក្មេង៣នាក់ ខ្ញុំមិនស្ដាយទេ តែស្ដាយពេលវេលា និងអាណិតកូនៗ ហើយរឹតតែមិនអាចទទួលយកបាន គឺការគ្មានទំនួលខុសត្រូវ និងមើលងាយមកលើនាងខ្ញុំ!»។

ក្រោយពីអ្នកស្រីបង្ហោះសារជាបន្តបន្ទាប់យ៉ាងវែងអន្លាយរួចមក ខាងក្រោមហ៊ុនទេសចរណ៍2WORLD TRAVEL CAMBODIA បានបង្ហោះសារយ៉ាងខ្លីនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា «រឿងខ្លះស្តាប់តែម្ខាងកុំទាន់វិនិច្ឆ័យ រង់ចាំការបកស្រាយភាគីម្ខាងទៀតសិន»៕

Related posts