កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយអ្នកស្រី ទ្រី ដាណា បានគ្រងឈុតកូនក្រមុំ ហើយប្រាប់ថា ថតដាក់មុខរោង ដោយសារតែអ្នកនាងត្រូវភ្ជាប់ពាក្យនៅក្នុងខែធ្នូ ឆ្នាំ២០២២ ហើយត្រូវរៀបការនៅអំឡុងខែមីនា ឆ្នាំ២០២៣។
ក្រោយពីប្រកាសបែបនេះ ស្រាប់តែនៅចុងខែធ្នូ ដើមឆ្នាំ២០២២កន្លងទៅនេះ មានការបែកធ្លាយរូបថតប៉ុន្មានសន្លឹកចេញពីគេហដ្ឋានអ្នកស្រីទ្រី ដាណា ក្នុងនោះមានទាំងវត្តមានជំទាវជាច្រើនបានចូលរួម ពិសេសវត្តមានរបស់លោកជំទាវ ហ៊ុន ស៊ីណាតតែម្ដង។
អ្វីកាន់តែចាប់អារម្មណ៍នោះ គេសង្កេតឃើញវត្តមានបុរសសង្ហាខ្ពស់ស្រឡះម្នាក់ឈរក្បែរអ្នកស្រីទ្រី ដាណា អមជុំជិតដោយលោកជំទាវមួយចំនួន ធ្វើឲ្យអ្នកគាំទ្រគិតថា អ្នកស្រី បានធ្វើការភ្ជាប់ពាក្យស្ងាត់ៗក្នុងឱកាសនោះ ហើយកូនកំលោះ មិនមែនជាសេង មង្គល នោះឡើយ។
បន្ទាប់ពីរឿងនេះបានល្បីសុសសាយរួចមក ស្រាប់តែអ្នកគាំទ្រ បានចូលទៅខំមិន ពេលអ្នកស្រី ទ្រី ដាណា កំពុង ឡាយ កាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ដោយលើកឡើងថា «ចែព័ត៌មានផ្ទុះថា ចែភ្ជាប់ពាក្យជាមួយអ្នកផ្សេង មិនមែន សេង មង្គល ទើបហ្វេនអាណិត សេង មង្គល»។
ឆ្លើយតបទៅនឹងខំមិននេះ អ្នកស្រី ទ្រី ដាណា បានបញ្ជាក់ថា ពួកយើងបានប្រាប់រួចហើយ សេង មង្គល និងពួកយើង បាននិយាយគ្នាអស់ហើយថា ពួកយើងស្រឡាញ់គ្នាបែបលក្ខណៈការងារ ហើយពួកយើងមានអារម្មណ៍ល្អជាមួយគ្នា ញុំាអីជាមួយគ្នា ទើបធ្វើឲ្យបងប្អូនមានការយល់ច្រឡំ។
ជាមួយគ្នានេះ មានអ្នកគាំទ្រផ្សេងទៀត បានខំមិនថា «ហ្វេនៗលែងឃើញស្នាមញញឹមស្វីតៗរបស់ចែ និងពូមង្គលទៀតហើយ។ អរគុណពេលវេលាកន្លងមក ហ្វេនច្រើនណាស់ មានស្នាមញញឹមជាមួយ ដាណា និងមង្គល»។ ឆ្លើយតបទៅនឹងការលើកឡើងនេះ អ្នកស្រី ទ្រី ដាណា បញ្ជាក់ទៀតថា ពួកយើងនៅមានពេលវេលាជាមួយគ្នាទៀតតើ ហើយពួកយើងក៏អាចឡាយជាមួយគ្នាធម្មតាទាំងអស់ អត់មានបញ្ហាអ្វីនោះទេ។ ពួកយើងនៅតែស្រឡាញ់រាប់អានគ្នាធម្មតា»៕