កាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្តម ហ៊ុន ជា បានបង្ហោះរូបថតជាមួយស្ត្រីម្នាក់ ដែលមិនមែនជាប្រពន្ធដើម បង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីសម្ដេចតេជោ ត្រូវជាពូ បានឃើញ ហើយកើតជាចម្ងល់សួរត្រង់ៗទៅកាន់ក្មួយនោះ។
បង្ហោះភ្ជាប់ជាមួយស្ក្រីនសតផុតរបស់ឯកឧត្តម ហ៊ុន ជា កាលពីថ្ងៃទី១ ខែមករា, សម្ដេចតេជោ បានលើកជាសំណួរថា «ល្ងាចនេះឃើញហ្វេសបុកហ៊ុន ជាបង្ហោះរូបថតជាមួយស្រីម្នាក់ ដែលខ្ញុំចូលទៅសួរ តើជាប្រពន្ធហ៊ុន ជាឬជាស្រីហ៊ុន ជា? ពុំមានចម្លើយណាមួយជាក់លាក់ទេរាប់
ទាំងហ៊ុន ជាក៏មិនចេញមកបំភ្លឺដែរ។ ដើម្បីដឹងច្បាស់តើជាប្រពន្ធស្របច្បាប់ ឬជាស្រីយកប្តីគេខ្ញុំបង្ខំចិត្តប្រើផេកផ្លូវការ របស់ខ្ញុំដើម្បីសួរបញ្ជាក់ទៅហ៊ុន ជាទើបច្បាស់។»។
បន្ថែមលើនេះ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់នៅខេត្តក្រចេះ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានឲ្យឯកឧត្តម នេត្រ សាវឿន អគ្គស្នងការនគរបាលជាតិហៅលោក ហ៊ុនជា ទៅធ្វើការសាកសួរផងដែរ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏ព្រមានចាត់ការតាមច្បាប់ឯកពន្ធភាពលើលោក ហ៊ុន ជា ដោយមិនមានការយោគយល់ក្មួយអ្វីនោះឡើយ។ សម្តេចក៏បានលើកឡើងថា ហ៊ុន ជា ខូច ដោយសារមានប្រពន្ធកូន២នាក់ហើយ បានយកទៅថតជាមួយសម្តេច នៅពិធីមង្គលការមួយនៅកន្លងមក។សម្តេចក៏បានលើកឡើងថា ការបង្ហោះរូបបែបនេះធ្វើឲ្យប្រពន្ធកូនដើមឈឺចាប់ ហើយសម្តេចជាឪពុកមាក៏មានការឈឺចាប់ផងដែរ។
ទោះយ៉ាងណានៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចតេជោ បានបង្ហោះរូបថតជាច្រើនសន្លឹក ហើយបញ្ជាក់ថា «ល្ងាចនេះប្រើពេល២ម៉ោងដើម្បីហាត់វាយកូនគោលនៅតារាងក្បែរផ្ទះ។ចូលឆ្នាំសកលមិនបានសម្រាកព្រោះមានកម្មវិធីការងារ។
ជាមួយនឹងការវាយបានល្អក៏បានទទួលព័ត៌មានពីនេត សាវឿន ដែលជាអ្នកសម្របសម្រួលឲ្យប្អូនៗថាហ៊ុន ជានឹងវិលត្រឡប់ទៅនៅជាមួយភរិយានិងកូនៗវិញខ្ញុំកាន់តែសប្បាយចិត្តដោយឃើញក្មួយៗចេះរួបរួមគ្នាដោះស្រាយបញ្ហាគ្រួសារបានយ៉ាងល្អ៕