និយាយដល់ តារាចម្រៀងតន្ត្រីសម័យជំនាន់ដំបូងបង្អស់នៃប្រទេសកម្ពុជា (រវាងចុងទ.វ.ឆ្នាំ១៩៤០-ដើមទ.វ.ឆ្នាំ១៩៥០) ប្រិយមិត្តភាគច្រើន ប្រហែលជាមិនដឹងថា ជាអ្នកណា នោះទេ ហើយប្រហែលជាមិនធ្លាប់ឮឈ្មោះគាត់ផងក៏មិនដឹង។
ទោះយ៉ាងណា បើនិយាយដល់បទចម្រៀង វីយូឡុងស្នេហា និង បទ សំបុត្រក្រោមខ្នើយ ប្រិយមិត្តភាគច្រើនច្បាស់ជាស្គាល់ និងធ្លាប់ស្ដាប់មិនខាន ដោយសារតែបទទាំងនេះ ត្រូវបានតារាចម្រៀងបច្ចុប្បន្ន យកមកច្រៀងឡើងវិញ ល្បីសុសសាយតាមបណ្ដាញសង្គមនោះ។
ការយកមកច្រៀងឡើងវិញពីសំណាក់តារាចម្រៀងមួយចំនួននោះ ក៏បានដាក់ម្ចាស់បទដើមផងដែរ តែឃើញថា ដាក់មិនត្រឹមត្រូវនោះទេ។ ដោយហេតុនេះហើយ ទំព័រហ្វេសប៊ុកមួយឈ្មោះ «Amazing Cambodia» បានបើកបង្ហាញទម្លាយការពិតជុំវិញរឿងនេះ ដើម្បីកុំឲ្យមានការយល់ច្រឡំទៀត។
បង្ហោះភ្ជាប់ជាមួយរូបថត ម្ចាស់បទដើមខាងលើនេះ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ទំព័រហ្វេសប៊ុក«Amazing Cambodia» បានរៀបរាប់ថា «តារាចម្រៀងតន្ត្រីសម័យជំនាន់ដំបូងបង្អស់នៃប្រទេសកម្ពុជា (រវាងចុងទ.វ.ឆ្នាំ១៩៤០-ដើមទ.វ.ឆ្នាំ១៩៥០) លោកស្រី ម៉ារីយ៉ា ប៉ូឡែត (ឈ្មោះដើម: កាន់ ម៉ារីយ៉ា ?) ហៅ សាវតី ម្ចាស់បទ វីយូឡុងស្នេហា និង បទ សំបុត្រក្រោមខ្នើយ ច្រៀងផ្សាយចេញតាមវិទ្យុជាតិ (ខ្លះយល់ច្រឡំថា ជាបទដើមរបស់ សៀង ឌី/ កែវ សុខា/ ម៉ៅ សារ៉េត) ដែលគិតមកដល់បច្ចុប្បន្ននេះទំនងជាតារាចម្រៀងផ្នែកស្ត្រីដែលនៅរស់រានមានជីវិតមានអាយុវែងជាងគេរបស់កម្ពុជា (ជិត៩០ឆ្នាំ)។
តាមរយៈនេះ មានការលើកឡើងថា «ច្រៀងពីរោះណាស់។ នៅខ្ញុំមិនច្រឡំទេ គាត់ដូចជាអ្នកអានព័ត៌មានជាភាសារបារាំងតាមវិទ្យុជាតិទៀត !។ ពីក្មេង ខ្ញុំធ្លាប់ឃើញគាត់ជាស្ត្រីខ្មែរទីមួយ ដែលស៊ីវិល័យតាមរបៀបបស្ចឹមប្រទេសថ្លៃថ្នូរ ជិះ Vespa។, ខ្ញុំពិតជាមិនដែលស្គាល់ ឬឮឈ្មោះសោះ! បើអាចខ្ញុំសូមសំណូមពរជួយបង្ហាញអ្នកចម្រៀងសម័យមុនៗពូស៊ិនស៊ីសាមុត រស់សេរីសុធាផងបាទ។,
ក្រៅពីមតិខាងលើនេះ ក៏មានការលើកជាសំណួរ និងចម្ងល់ថា «ដូច្នេះបទចម្រៀង វីយូឡុងស្នេហា ក្នុងយូធូបដែលគេដាក់ថាច្រៀងដោយ កែវ សុខា ជាសំនៀងរបស់គាត់? បើអាច សុំជួយបន្ថែមប្រវត្តិនៃបទ «វីយូឡុងស្នេហា» ផង។»។ ចំពោះចម្ងល់នេះ ត្រូវបានមតិមួយឆ្លើយតបថា «បទនេះច្រៀងតៗគ្នារាប់មិនអស់ទេ។ តែសំនៀងដើមមិនសល់ទេ»។
ចំពោះសំណួរថា តើ គាត់អាយុប៉ុន្មានហើយសព្វថ្ងៃ ហើយរស់នៅឯណានោះ? ត្រូវបានទំព័រហ្វេសប៊ុក «Amazing Cambodia» ដែលជាអ្នកទម្លាយរឿងនេះ និងគណនីហ្វេសប៊ុកមួយឈ្មោះ«Leng Chen» ធ្វើការឆ្លើយតបថា «កើតឆ្នាំ ១៩៣៣ ដូចនេះ ៨៨ឆ្នាំហើយ ដំណាលលោកយាយ ឯម ធាយ», គាត់រស់នៅប្រទេសបារាំង»៕