ប្រិយមិត្ត មួយចំនួន បានជ្រាបរួចមកហើយថា មុននឹងឈានដល់ការស្គាល់គ្នា រហូតភ្ជាប់ពាក្យជាមួយលោក សម្បត្តិ មធូរ៉ា ហៅKelvinដែលជាឡាយហ្គេម នោះ កញ្ញា តេង ដាណា ហៅអាម៉ី គ្រាន់តែជាអ្នកគាំទ្ររូបគេប៉ុណ្ណោះ។ ការគាំទ្រយូរៗ ក៏ក្លាយជាសេចក្ដីស្នេហា រវាងហ្វេន និងអាយដលតែម្ដង។
ទោះយ៉ាងណា មុនស្គាល់គ្នានេះ អ្នកគាំទ្រ អាម៉ី ទំនងជាមិនជ្រាបនោះទេ ថាតើនាងគិតអ្វីខ្លះ ធ្វើអ្វីខ្លះ ទើបបានជួបបុរស ដូចសេចក្ដីប៉ងប្រាថ្នាបែបនេះ ហើយដើម្បីជាការបញ្ជាក់ជូនអ្នកគាំទ្ររបស់ខ្លួននោះ អាម៉ី បានទម្លាយរឿងរ៉ាវទាំងនេះ នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួនតែម្ដង។
បង្ហោះភ្ជាប់ជាមួយវីដេអូ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ក្នុងថ្ងៃភ្ជាប់ពាក្យរបស់ខ្លួន កាលពីថ្ងៃ២៥ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនោះ អាម៉ី បានរៀបរាប់ដូច្នេះថា « ក្នុងនាមជាមនុស្សស្រី ខ្ញុំពិតជាពិបាកណាស់ក្នុងការស្វែងរកបុរសម្នាក់ ដើម្បីក្លាយជាអនាគតស្វាមី និងជាមនុស្សម្នាក់ ដែលគ្រួសាររបស់ខ្ញុំព្រមប្រគល់ខ្សែជីវិតរបស់ខ្ញុំឲ្យគាត់។ មនុស្សស្រីដូចគ្នាទើបយល់អារម្មណ៍មួយនេះ ព្រោះខ្លាចស្គាល់មនុស្សខុស ខ្លាចជួបស្វាមីខុស ពិតជាខ្លាចខ្លាំង ទើបខ្ញុំខំធ្វើបុណ្យដាក់ទានដើម្បីផ្សងជួបមនុស្សល្អម្នាក់ ដែលអាចផ្ដល់សុភមង្គលដល់ខ្ញុំ
ភាពកក់ក្ដៅ ភាពសប្បាយរីករាយ ស្នាមញញឹម និងជាបង្គោលដ៏រឹងមាំក្នុងគ្រួសារ ហើយថែមទាំងជាអនាគតឪពុកដ៏ល្អម្នាក់របស់កូនខ្ញុំ។ ខ្ញុំតែងតែសួរខ្លួនឯងថា បុរសម្នាក់នោះ ជាអ្នកណា មានឈ្មោះអ្វី គេនៅទីណា ឬក៏គេមិនទាន់កើតទេមែនទេ?
ខ្ញុំតែងតែឮគ្រួសាររបស់ខ្ញុំប្រាប់ខ្ញុំថា “ធ្វើស្រែខុសមួយឆ្នាំ តែអាចធ្វើម្ដងទៀតបាន ប៉ុន្តែបើរើសប្ដីខុសម្ដង គឺខុសមួយជីវិត” ជាហេតុធ្វើខ្ញុំកាន់តែមានការបារម្ភកាន់តែខ្លាំង ពេលខ្លះគិតថា មិនចង់យកប្ដីទៀត។
ប៉ុន្តែមកដល់ពេលនេះ ខ្ញុំបានជួបហើយ បានស្គាល់ហើយ បានឃើញមុខរបស់គាត់ហើយ ពិតជាសប្បាយចិត្តណាស់ ដែលមានវត្តមានរបស់គាត់ អរគុណដែលបានផ្ដល់ក្ដីសុខ សុភមង្គល ស្នាមញញឹមដល់អូន។
ផលបុណ្យពិតជាមានពិត ខ្ញុំមិនដឹងថា ថ្ងៃអនាគតយ៉ាងណានោះទេ តែខ្ញុំដឹងត្រឹមថាបច្ចុប្បន្ននេះខ្ញុំសប្បាយចិត្ត រស់នៅក្នុងជីវិតដែលមានសុភមង្គល សង្ឃឹមថា បងនឹងផ្ដល់ភាពកក់ក្ដៅនេះ រហូតដល់ចាស់។ អរគុណដល់គ្រួសារទាំងសងខាង ដែលបំពេញបំណងកូនទាំងពីរ អរគុណសម្រាប់ភាពកក់ក្ដៅរបស់គ្រួសារបង
ខ្ញុំនឹងបន្តធ្វើបុណ្យដាក់ទាន ព្រោះខ្ញុំជឿលើបាបបុណ្យ ហើយក៏អរគុណដល់បងប្អូនទាំងអស់គ្នាដែលតែងតែស្រលាញ់គាំទ្រខ្ញុំទាំងពីរកន្លងមក សូមជូនពរដល់ក្រុមគ្រួសារពួកខ្ញុំទាំងសងខាង និងបងប្អូនទាំងអស់គ្នាឲ្យជួបតែសំណាងល្អ សេចក្ដីសុខ សេចក្ដីចម្រើន និងជៀសផុតពីជំងឺទាំងឡាយ ហើយធ្វើដំណើរទៅទីជិតទីឆ្ងាយប្រកបដោយសុវត្ថិភាពគ្រប់ៗគ្នា»។ បង្ហោះភ្ជាប់ជាមួយវីដេអូនេះដែរ អាម៉ី បានដាក់ចំណងជើងថា «រយៈពេល២០ឆ្នាំ ដែលខ្ញុំរង់ចាំវត្តមានបុរសម្នាក់នេះ»៕ សូមទស្សនាវីដេអូខាងក្រោមនេះ ៖