កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងជើងចាស់ អ្នកនាង ម៉េង កែវពេជ្ជតា បានបញ្ចេញបទចម្រៀងថ្មីស្នាដៃប្លែកមួយ ជាបទចម្រៀងបែបមនោសញ្ចេតនាលាយឡំនឹងការរ៉េប សហការរួមគ្នាជាមួយនឹងតារារ៉េបវ័យក្មេង២រូប ធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង។
បទថ្មីនេះ មានចំណងជើងថា «បណ្ដាំ» ជាការច្រៀងសហការជាមួយ តារារ៉េប សាំង សុខសេរី និង តារាចម្រៀង កាន់ ពេជ្រ។ បទថ្មីនេះដែរ ជាបទរ៉េប លាយឡំនឹងបនោសញ្ចេតនាជ្រាលជ្រៅ បង្ហាញពីទំហំទឹកចិត្តអ្នកមានគុណ ជាពិសេស អារម្មណ៍ឈឺចាប់ របស់ម្ដាយ ដែលទើបតែបាត់បង់ស្វាមី ជាបង្គោលគ្រួសារនោះ។
ក្រោយពីបង្ហាញបទនេះរួចមក នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២នេះ អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះសារបញ្ជាក់ថា «គឺជាសិល្បៈនៃការច្រៀងបែបថ្មី ..ថ្មីសម្រាប់បងប្អូនអ្នកស្តាប់ ក៏ថ្មីសម្រាប់នាងខ្ញុំ ដែលជាតារាចម្រៀងជំនាន់ចាស់ផងដែរ
ប្អូនៗតារាចម្រៀងសិស្សប្អូនគាត់មកច្រៀងបទពីដើម ឬ Cover បទខ្ញុំ អ្នកខ្លះ បានទទួលការសរសើរណាស់ ទោះអ្នកខ្លះនៅមានចំណុចខ្វះខាតច្រើនក៏ដោយ ដូច្នេះខ្ញុំមិនជឿថាពេលដែលខ្ញុំមកច្រៀង រ៉េបវិញ គ្មានការពេញចិត្តនោះទេ ហេហេ និយាយដូចអួតខ្លួនឯង ច្រៀងបទនេះរួចហើយ ខ្ញុំញញឹមបិទមាត់មិនជិតទេ មានគេពោលសរសើរច្រើន
សប្បាយចិត្ត ដែលខ្ញុំអាចបំពេញបំណងប្អូនៗទាំងពីរបាន Sang Sok Serey – សាំង សុខសេរី ប្អូន Kan Pich ( បងសូមអរគុណអូន សិរី ដែលចេះនឹកឃើញបង អរគុណប្អូនពេជ្រ ដែលជួយប្រាប់បងពីកិច្ចការនេះ ) ម្យ៉ាង ខ្ញុំបាន ដឹងថា វិជ្ជាគុនរបស់ខ្ញុំនៅតែខ្លាំងហើយកំពុងស្ទុះឡើងថែមមួយកម្រិតទៀតហើយ យ៉ាងណា ខ្ញុំមិនភ្លេចអរគុណទៅដល់ប្រិយមិត្ត Fans ពិតរបស់ខ្ញុំទេ ដែលពួកគាត់តែងគោរពការសម្រេចចិត្តរបស់ខ្ញុំ គោរពនូវស្នាដៃរបស់ខ្ញុំគ្រប់កាលៈទេសៈ គ្រប់ស្ថានការណ៍ …»។
បន្ថែមលើនេះ នៅថ្ងៃទី៨ ខែធ្នូ អ្នកនាង បានបង្ហាញអារម្មណ៍ទៀតថា «មើលឃើញខមិនហើយ កាន់តែមានកម្លាំង នេះត្រឹមតែខមិនរបស់បងប្អូនទស្សនិកជនតែប៉ុន្មាននាក់ផង នៅមានច្រើនទៀត ជាដំបូង បងសូមអរគុណប្អូនស្រី Sang Sok Serey – សាំង សុខសេរី ដែលប្អូនជា New generation តែប្អូននឹកឃើញដល់បង ផ្តល់ភាពជឿជាក់លើបងក្នុងយុទ្ធនាការបទថ្មីបែបទំនើបនេះ ទី២សូមអរគុណដល់ប្អូនប្រុស Kan Pich ដែលប្អូនមានចិត្តដូចគ្នានឹងសេរី គឺប្អូនទាំងពីរតែងផ្តល់ស្នាមញញឹមដល់បងដោយក្តីស្រលាញ់ និងគោរពទី៣ សូមអរគុណដល់កូនៗ ក្រុមគ្រួសារបងប្អូនកូនក្មួយនាងខ្ញុំដែលតែងតែផ្តល់កម្លាំងចិត្តប្រកបដោយភាពកក់ក្តៅអោយខ្ញុំគ្រប់ពេល និងមិនភ្លេចអរគុណដល់បងប្អូនទស្សនិកជនគ្រប់ស្រទាប់ គ្រប់វ័យ និងគ្រប់លំដាប់ថ្នាក់ដែលបានផ្តល់ការគាំទ្រដល់នាងខ្ញុំជារៀងដរាបមិនថាស្ថានភាពបែបណា ក៏បងប្អូននៅតែទទួលយកបានអំពីនាងខ្ញុំ ..នាងខ្ញុំពិតជាអរគុណខ្លាំងណាស់»៕