អាង សុជាតា ជាតារាសម្ដែងវ័យក្មេងមួយរូប ដែលមានទេពកោសល្យពីធម្មជាតិ រួមនឹងសម្រស់ផូរផង់ផងនោះ ជាហេតុធ្វើឲ្យនាងដើរតាមគន្លងអ្នកម្តាយ សឿន ផាភួង បាន យ៉ាងងាយស្រួល ខណៈបច្ចុប្បន្ន មានទីផ្សារការងាររីកទូលាយមិនថាការសម្តែងរឿង ឬថតផ្សាយពាណិជ្ជកម្មនោះទេ។
ដោយឡែកកាលពីថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ ជាថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នោះ គេឃើញ តារាស្រីស្ថិតក្នុងវ័យ ១៧ឆ្នាំ អាង សុជាតា បានបង្ហាញវត្តមានក្នុងការប្រឡងនោះផងដែរ។
ក្រោយប្រឡងចប់, តារាស្រីវ័យក្មេងរូបនេះ បានផ្តល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន «ផ្ទះតារា» ដោយប្រាប់ថា ខ្លួនរៀនអត់សូវបានគ្រប់គ្រាន់ ដេកភ័យបុកពោះ តែ ពេលដល់មណ្ឌលប្រឡងមានអារម្មណ៍រាងបាត់ភ័យដែរ ហើយធ្វើបានរៀងច្រើនដែរ តែលទ្ធផលយ៉ាងណា នាងទទួលយកបាន។
ក្រៅពីការផ្ដល់បទសម្ភាសន៍នេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកវិញ, តារាស្រីរូបនេះ បានបង្ហោះរូបថត១សន្លឹក បញ្ជាក់ពីការប្រឡងរបស់ខ្លួនបានបញ្ចប់រួចរាល់។ តាមរយៈនេះ អ្នកគាំទ្រ ជូនពរព្រាតថា «ជូនពរប្រលងជាប់ណា, ជូនពរidol ទទួលបានលទ្ធផលល្អ, កុំភ័យអូនក្រសួងមិនធ្លាក់ទេ បើប្រឡងជាប់»។
គួរបញ្ជាក់ថា ដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រព្រឹត្តិទៅរយៈពេល ២ ថ្ងៃនេះ មានបេក្ខជនអវត្តមានចំនួន ២៤០០ នាក់ ស្រី ១០៣៦ នាក់ ត្រូវជា ១,៨៧ ភាគរយ ក្នុងចំណោមបេក្ខជនសរុបចំនួន ១២៨១៣៥៣ នាក់។
ចំណែកបេក្ខជនមានបញ្ហាសុខភាពមានចំនួន ៧០ នាក់ ក្នុងនោះករណីគ្រោះថ្នាក់ចរាចរណ៍កម្រិតស្រាល ០៤ ករណី និងសង្ស័យវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤ ករណី។ បេក្ខជនដែលមិនអាចបន្តដំណើរការសំណេរដោយសារបញ្ហាសុខភាពមានចំនួន ០៣ ករណី។ ចំណែកគណៈមេប្រយោគមានបញ្ហាសុខភាពមានចំនួន ១៤ នាក់ ក្នុងនោះ ១ នាក់ មានស្ថានភាពធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ មានបេក្ខជនប្រព្រឹត្តកំហុសឆ្គងមានចំនួន ០១ ករណីប៉ុណ្ណោះ៕