គេសង្កេតឃើញថា តារាចម្រៀង លោក សុខ មេសា ហៅនាយចឺម កាន់តែមានភាពជោគជ័យខ្លាំង ដោយកាលពីប៉ុន្មានខែមុន បានទិញផ្ទះមិនទាន់បានប៉ុន្មានផង ក៏ទិញឡានស៊េរីទំនើបមួយគ្រឿងទៀត។ លើសពីនេះ ថែមទាំងធ្វើផ្លូវឲ្យអ្នកភូមិរបស់ខ្លួន ស្ថិតក្នុង ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទៀតផង។
ក្រៅពីនេះ នាយចឺម ត្រូវបានគេដឹងថា ជាមនុស្សកតញ្ញូ ដោយកន្លងមក ក្នុងអំឡុងពេលបង្ហាញវត្តមានចូលរួមក្នុងកម្មវិធីមួយ តារាចម្រៀងមានដើមកំណើតមកពីទឹកដីខេត្តកំពង់ស្ពឺ រូបនេះ បានលើកឡើងពីជីវិតតស៊ូដ៏ជូរចត់មួយចំនួន ដែលខំប្រឹងដើរច្រៀងដើម្បីបំពេញបំណងជូនដល់អ្នកមានគុណ(ឪពុក-ម្ដាយ) និងបងស្រីរបស់ខ្លួន ស្ទើររកពេលសម្រាកគ្មាន រហូតធ្វើឲ្យមហាជនសម្តែងការអាណិត ហើយសរសើរទឹកចិត្តជាកូនកតញ្ញូគ្រប់គ្នា។
និយាយពីរឿងស្នេហាវិញ អ្នកណាមិនល្បីនាយចឺម ជាបុរសសម្បូរស្នេហ៍ មានសង្សារច្រើន ហើយសុទ្ធតែស្រីស្អាតនោះ។ ទោះយ៉ាងណា លោកធ្លាប់បញ្ជាក់រួចហើយថា មនុស្សប្រុសមានសង្សារច្រើន មិនប្រាកដថា សាវាទេ គ្រាន់តែថា យើងស្វែងរកមនុស្សស្រី ដែលរស់នៅជាមួយយើងបាន អាចយកទៅជាអនាគតបាន។ យើងស្វែងរកមនុស្សល្អ អ្នកណាក៏ចង់បានមនុស្សល្អដែរ ប្រពន្ធសំខាន់ណាស់។
អ្វីដែលចាប់អារម្មណ៍នោះ, ស្របពេលកំពុងល្បីរឿងនាយចឺមសម្បូរស្នេហ៍នោះ ស្រាប់តែពេលនេះ លោកប្រាប់ថា នៅរយៈពេល២ឆ្នាំទៀត ម្ដាយរបស់លោកឲ្យយកប្រពន្ធហើយ។ បង្ហោះភ្ជាប់ជាមួយរូបថត២នាក់ម្ដាយរបស់ខ្លួននៅថ្ងៃទី៦ ខែធ្នូ, នាយចឺម បានពោលពាក្យថា «អ្នកម្តាយខ្ញុំគាត់និយាយប្រាប់ថា 2ឆ្នាំទៀតគាត់ឲ្យខ្ញុំយកប្រពន្ធហើយបងប្អូន»៕