ប្រិយមិត្តមួយចំនួន បានជ្រាបរួចមកហើយថា កាលពីរាត្រីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ តារាចម្រៀងK-Popកូរ៉េខាងត្បូងដ៏មានឈ្មោះល្បីល្បាញ CL បានមកចូលរួមច្រៀងក្នុងកម្មវិធី Vattanac All In Festival ធ្វើឲ្យកក្រើកអស់អ្នកគាំទ្រនៅកម្ពុជា។
នៅរាត្រីដ៏អស្ចារ្យក្រោមដំណក់ទឹកភ្លៀងនោះ ក្រៅពីCL ក៏មានតារាល្បីៗ នៅក្នុងប្រទេសកម្ពុជាជាច្រើនទៀត បានបង្ហាញវត្តមានច្រៀងសម្ដែង មានដូចជា G-Devith,មាស សុខសោភា, ពន្លឺ, ភិទិ,នីកូ, ដាវីន, ពូឃ្លាំង, រ៉ាប៊ី, តិចម៉េង។
នៅយប់នោះ គេឃើញថា តារាចម្រៀង ងួន ចាន់ដេវីត បានច្រៀង រាំលោតកញ្ឆេង បង្កបរិយាកាសរីករាយនៅរាត្រីនោះ។ តែអ្វី ដែលគួរឲ្យសោកស្ដាយ ស្រាប់តែថ្មីៗនេះ លោក បានប្រកាសថា លោកសប្បាយពេក បានជ្រុះបន្ដោងខ្សែក អក្សរ «ជី»បាត់ នៅសល់តែ «ដេវីត» ប៉ុណ្ណោះ។
ជាមួយគ្នានេះ បើតាមគណនីហ្វេសប៊ុកឈ្មោះ«MY DitWay» បានបញ្ជាក់កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ថា «ខ្សែកបងវីត ជ្រុះអក្សជី ថ្ងៃ concert CL រាំ លោតខ្លាំងៗពេក បើមានអ្នករើសបានចង់អោយidolវិញ ចាំទាក់ទងគាត់ផងណា ឬផេកហាងលក់គ្រឿងអលង្ការ សេង ចិន្តា Page : Seng Chenda *បងវីតថាបើចង់យកទៅលក់ លក់នៅហាង សេង ចិន្តាបាន»។
ក្រោយពីមានការប្រកាសបែបនេះ មិនយូរប៉ុន្មាន នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ G-Devith បានឡាយ ប្រាប់អ្នកគាំទ្ររបស់ខ្លួនឲ្យដឹងថា បន្តោងខ្សែក អក្សរ «ជី» នោះ ត្រូវបានរកឃើញវិញហើយ ដោយអ្នករើសបាន ជា Fan របស់ខ្លួនថែមទៀតផង។
ទីបំផុតអ្នករើសបាន និងតារាចម្រៀងG-Devithបានណាត់ជួបគ្នាហើយ។ បង្ហោះភ្ជាប់ជាមួយរូបថត១សន្លឹក នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ G-Devith បានរៀបរាប់ថា «The ជី is Back – ខ្ញុំតែងតែជឿជាក់លើទង្វើល្អ ថ្ងៃនេះប្អូនប្រុសជាអ្នករើសបាន ជី គាត់បានប្រគល់អោយខ្ញុំវិញ ជាទឹកចិត្តល្អ ធនធានល្អ, ដើរមួយជុំផែនដីទើបបានជួប បងប្អូនអាចហៅឈ្មោះគាត់បាន គាត់ឈ្មោះ រិទ្ធ ចិត្តល្អ ៕»។
គួរបញ្ជាក់ថា បន្ដោងខ្សែកទាំងមូលរបស់តារាចម្រៀង ងួន ចាន់ដេវីត ដែលមានឈ្មោះ«ជីដេវីត» នេះ មានតម្លៃរហូតដល់ទៅ១៩៩០០ដុល្លារឯណោះ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ហាងពេជ្រ សេង ចិន្តា៕ សូមទស្សនាវីដេអូខាងក្រោមនេះ ៖