ការច្រៀង-សម្ដែងរបស់ តារាចម្រៀងK-Popកូរ៉េខាងត្បូងដ៏មានឈ្មោះល្បីល្បាញ CL ក្នុងកម្មវិធី Vattanac All In Festival នៅថ្ងៃទី១ កាលពីរាត្រីថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅឯបរិវេណ OCIC ជ្រោយចង្វារ ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងណាស់។
ក្រៅពីការច្រៀង សម្ដែង ជាមួយក្រុមរាំរបស់ខ្លួន ទាំងមេឃកំពុងភ្លៀងក្នុងកម្មវិធីខាងលើ ហើយនោះ បើក្រឡេកទៅមើលសម្លៀកបំពាក់ ការតុបតែង របស់CLមួយតួខ្លួនវិញ កាន់តែញាក់សាច់ថែមទៀត ដោយសរុបត្រួសៗមិនក្រោម១០ម៉ឺនដុល្លារនោះទេ។
ជាក់ស្ដែង បើតាមទំព័រហ្វេសប៊ុក «2NE1 កម្ពុជា» បានបញ្ជាក់នៅមុននេះបន្តិចថា «[ក្តៅៗ] តម្លៃឈុតរបស់ CL ក្នុងការសម្តែងនៅ Vattanac All In Festival នៅភ្នំពេញប្រទេសកម្ពុជាយប់មិញនេះ: ស្បែកជើង $1,800 សំពត់ $1,635 ខ្សែ ក $60,900 ចិញ្ចៀន $27,350 មិនមានបូកអាវ វ៉ែនតានោះទេ លេងខ្លួនសាហាវណាស់»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោងប្រមាណជា៨យប់ អតីតប្រធានក្រុម 2NE1តារាចម្រៀង CL បានមកដល់កម្ពុជា ក្រោមការ ទទួលស្វាគមន៍ពីសំណាក់អ្នកគាំទ្រកម្ពុជា យ៉ាងច្រើនកុះករ។ ក្នុងនោះអ្វីជាការចាប់អារម្មណ៍ គ្រាន់តែអាវក្រៅមួយរបស់នាងពាក់ពេលនោះ ត្រូវបានគេដឹងថា មានតម្លៃរហូតដល់ទៅ៣៩៨០ដុល្លារឯណោះ៕