វត្តមានរបស់ តារាចម្រៀងK-Popកូរ៉េខាងត្បូងដ៏មានឈ្មោះល្បីល្បាញ CL បានមកកាន់ប្រទេសកម្ពុជា ជាលើកទី២ ដើម្បីចូលរួមច្រៀងក្នុងConcertដ៏ធំប្រចាំឆ្នាំ២០២២នេះ បានធ្វើឲ្យអ្នកគាំទ្រកម្ពុជាមានក្ដីរំភើបចិត្តខ្លាំងណាស់។
បន្ទាប់ពីនាងបង្ហាញវត្តមានម្ដងរួចមកហើយកាលពីអំឡុងឆ្នាំ២០១៧នោះ, តារាចម្រៀង អតីតប្រធានក្រុម 2NE1 រូបនេះ បានមកដល់កម្ពុជា នៅម៉ោងប្រមាណជា៨យប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមការទទួលស្វាគមន៍ពីសំណាក់អ្នកគាំទ្រកម្ពុជាយ៉ាងច្រើនកុះករពេញព្រលានយន្តហោះតែម្ដង។
ការបង្ហាញខ្លួននៅកម្ពុជាម្ដងទៀតរបស់តារាចម្រៀងបំបែកខ្លួនចេញពីក្រុម 2NE1 ក្លាយជាតារាចម្រៀងទោលរូបនេះ ដើម្បីសម្ដែងក្នុងកម្មវិធី Vattanac All In Festival នារាត្រីថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២២ នេះ នៅឯបរិវេណ OCIC ជ្រោយចង្វារ។
នៅក្នុងការច្រៀងលើឆាកដ៏ធំអស្ចារ្យនោះ គេឃើញគេមានអ្នកគាំទ្រ បានទៅចូលរួមទស្សនាផ្ទាល់យ៉ាងច្រើនក្រោមដំណក់ទឹកភ្លៀងស្រែកហ៊ោពោរពេញដោយថាមពល ខណៈCLច្រៀងទាំងមេឃភ្លៀង អមដោយក្រុមរាំផងដែរ។
ក្រោយច្រៀងចប់ នៅថ្ងៃទី២៧ ខែវិច្ឆិកា នេះ CL បានបង្ហោះរូបថតជាច្រើនសន្លឹករបស់ខ្លួន អមដោយសារ ជាភាសាអង់គ្លេស ដែលមានន័យជាភាសាខ្មែរថា «ពេញចិត្តនឹងការរាំជាមួយអ្នកក្រោមដំណក់ទឹកភ្លៀង អរគុណសម្រាប់ការស្រលាញ់ និងឥទ្ធិពលគាំទ្រ»។
ជាមួយគ្នានេះ ទំព័រហ្វេសប៊ុក «2NE1 កម្ពុជា» បានបញ្ជាក់ពីមូលហេតុ អត់បានផ្សាយផ្ទាល់ថា «[ក្តៅៗ] មូលហេតុ ដែលមិនធ្វើការ LIVE ការសម្តែងរបស់ CL នៅលើបណ្តាញសង្គម បានអោយដឹងល្ហិចល្ហៀងចចាមរាមថា ជាការសំណូមពរពី Team CL ព្រោះគាត់ចង់អោយសំបុត្រ ដែលហ្វេនចំណាយថវិការទិញនោះមានភាពយុត្តិធម៌ ហើយជាពិសេសនោះគឺវត្តមានហ្វេនដែលនៅទីនោះ ចាំគាត់ និងទស្សនាទាំងមេឃភ្លៀងទទឹកជោកនោះអោយមានតម្លៃ ជោកខ្លាំងមែនទែន ប្រៀបបាន Waterbomb នៅភ្នំពេញចឹង»៕