កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោងប្រមាណជា៨យប់ អតីតប្រធានក្រុម 2NE1តារាចម្រៀង CL បានមកដល់កម្ពុជា ក្រោមការ ទទួលស្វាគមន៍ពីសំណាក់អ្នកគាំទ្រកម្ពុជា យ៉ាងច្រើនកុះករ។
អ្វីជាការកត់សម្គាល់នោះ អ្នកឧកញ៉ា រូបសង្ហា សំអាង វឌ្ឍនៈ ដែលជាម្ចាស់ក្រុមហ៊ុនឧបត្ថម្ភ និង អញ្ជើញ CL មកសម្តែង ក៏បានមកស្វាគមន៍អតីតប្រធានក្រុម 2NE1ដ៏ស្រស់ស្អាត រូបនេះផ្ទាល់ផងដែរ។
ទោះយ៉ាងណា នៅក្នុងពេលទទួលCLនោះ មានអ្នកគាំទ្រម្នាក់ បានប្រជ្រៀតគ្នាទៅរកCL ហើយអង្គរក្សរបស់នាងរារាំង ច្រានដាច់ផ្ងារ។ វីដេអូបង្ហាញពីសកម្មភាពបែបនេះ ត្រូវបានគេចែករំលែកតៗគ្នា ផ្ទុះការវែកញែកពេញបណ្ដាញសង្គម។
ក្នុងនោះមានការឡើកឡើងថា «តួនាទីក្នុងនាមពួកគាត់អ្នកការពារគឺគេប្រាកដជាការពារហើយ, ធ្លាប់តែលឺពាក្យថាហ្វេនផ្កាប់មុខអីឡូវបានឃើញហើយ, ដោយសារបងនឹងគាត់ដូចរត់បុកចូល ទៅបានគេច្រានគាត់ដួល, គាត់ស្មានតែគេហក់ទៅវ៉ៃCLបានគាតច្រានចេញ, មកពីយើងខ្លួនឯងគេអ្នកការពារគេធ្វើតាមតួនាទីគេ»។
ងាកមក លោក យុទ្ធ ជាអ្នកលក់ស្បែកជើងកីឡាប្រ៊េនៗដ៏ល្បីមួយរូបនៅលើបណ្ដាញសង្គមទីកតុក ដែលត្រូវគេច្រានដាច់ផ្ងារឯណោះវិញ មិនទោមនស្សចំពោះរឿងនេះនោះទេ ដោយលោក បានបង្ហាញអារម្មណ៍សប្បាយចិត្ត ដែលទទួលបានការស៊ីញ៉េពីCLដំបូងគេក្នុងចំណោមអ្នកគាំទ្រជាច្រើនផ្សេងទៀតនោះ។
បន្ថែមលើនេះ ក្រោយពីត្រូវអ្នកលេងបណ្ដាញសង្គមមួយចំនួនប្រើពាក្យមិនសមរម្យលើខ្លួននោះ, លោកយុទ្ធ បានបង្ហោះសារតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួនឈ្មោះ «Harayuth» នៅថ្ងៃទី២៧ ខែវិច្ឆិកា ថា «អ្នកជេរខ្ញុំ តែអ្នកមិនដែលស្គាល់ខ្ញុំ តែខ្ញុំស្គាល់ពីភាពថ្លៃថ្នូរក្នុងការរស់នៅក្នុងសង្គមរបស់អ្នកទាំងអស់គ្នា កុំអោយតម្លៃខ្ញុំ តែអោយតំលៃទៅលើខ្លួនឯងវិញចុះ ជេរដោយក្ដីគោរពខ្ញុំមិនតបទេកុំបារម្ភ»៕