ក្រោយធ្លាក់ខ្លួនឈឺអស់រយៈពេលជាយូរមកនោះ, តារាកំប្លែងល្បីឈ្មោះ លោក ខាត់ ចំរើន ដែលជាប្អូនប្រុសរបស់អ្នកនាង ខាត់ សុឃីម បានទទួលមរណភាព កាលពីវេលាម៉ោង ៥:០០នាទីព្រឹក ថ្ងៃអាទិត្យ ១២រោចខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងជន្មាយុ ៤០ឆ្នាំ ដោយរោគាពាធ។
ការលាចាកលោករបស់តារាកំប្លែងរូបនេះ បានបន្សល់ទុកប្រពន្ធ និងកូនៗទំាងបី (ប្រុស២ ស្រីម្នាក់) ឲ្យរស់នៅកំព្រាឪពុក។ ទោះយ៉ាងណា អ្នកនាង ខាត់ សុឃីម បានសន្យាក្នុងនាមជាបងស្រីទាំងរំជួលចិត្តហើយថា នឹងជួយមើលថែរក្សាកូនៗរបស់លោកឲ្យបានរៀនសូត្រចប់ចុងចប់ដើម។
បន្ថែមលើនេះ ឆ្លងកាត់បទពិសោធន៍ប្អូនរបស់ខ្លួន ដែលចែកឋានទៅនោះ, អ្នកនាង ខាត់ សុឃីម បានណែនាំកុំឲ្យមហាជនធ្វើរឿង៦ចំណុចនេះ ដោយអ្នកនាង រៀបរាប់ថា «ប្រាំមួយយ៉ាង៖
1. កុំរង់ចាំរហូតដល់យើងស្រេកទឹកដើម្បីផឹកទឹក។ ២. កុំរង់ចាំរហូតដល់យើងងងុយទើបទៅដេក។ ៣. កុំរង់ចាំរហូតដល់យើងអស់កម្លាំងដើម្បីសម្រាក។
4. កុំរង់ចាំរហូតដល់អ្នកឈឺដើម្បីទទួលការពិនិត្យសុខភាព។ ៥. កុំបាត់បង់ទំនុកចិត្តលើខ្លួនឯង។ ៦.រក្សាភាពវិជ្ជមានហើយសង្ឃឹមថាថ្ងៃស្អែកនឹងល្អប្រសើរជាងមុន …សូមប្អូន ខាត់ ចំរើន ដ៏ល្អរបស់បងទៅកាន់ឋានសុខ»៕