ក្រោយពីរួមរស់ជាមួយគ្នាជាង១០ឆ្នាំ រហូតមានកូន៤នាក់ ប្រកបដោយសុខសុភមង្គលនោះ, អ្នកឧកញ៉ាគិតម៉េង បានសម្រេចចូលរោងការជាមួយ អ្នកនាង ស្រីតូច ចំណាន កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ ដោយគិតមកដល់ពេលនេះ មានរយៈពេល៦ឆ្នាំហើយ។
ជារឿយៗគេសង្កេតឃើញថា អ្នកឧកញ៉ា គិត ម៉េង តែងតែបង្ហាញក្ដីស្រឡាញ់ចំពោះប្រពន្ធ កូន ខ្លាំងណាស់ ដោយរាល់ថ្ងៃពិសេសម្ដងៗអ្នកឧកញ៉ា មិនភ្លេចឡើយ នូវការបង្ហោះរូបថត អមសារបង្ហាញពីទឹកចិត្តរបស់ខ្លួនចំពោះគ្រួសារ បន្ថែមលើថ្ងៃធម្មតានោះ។
លើសពីនេះ ឧកញ៉ា គិត ម៉េង តែងតែចែករំលែកចំណេះដឹង, អត្ថបទផ្សេងៗដើម្បីជាផ្នត់គំនិតសម្រាប់អ្នកគាំទ្ររបស់ខ្លួន ក្នុងការមានទំនុកចិត្តលើខ្លួនឯង ឲ្យតម្លៃខ្លួនឯងជាដើមនោះ។
ជាក់ស្ដែង ពេលបានប្រពន្ធល្អហើយនោះ, នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អ្នកឧកញ៉ា បានបង្ហោះសារណែនាំថា «សូមអ្នកជ្រើសរើសរស់នៅគ្រប់ពេលវេលាជាមួយស្ត្រី ដែលពោរពេញដោយក្តីសុបិន ជាអ្នកពូកែធ្វើ ជាមនុស្សមានភាពជឿជាក់ និងស្ត្រីដែលមានការគិតគូរដិតដល់។
ជាពិសេសទៅទៀតនោះ សូមជ្រើសរើសស្ត្រី ដែលមើលឃើញភាពល្អឆ្នើមនៅក្នុងខ្លួនអ្នក ទោះបីជាអ្នកមិនបានឃើញវាដោយខ្លួនឯងក៏ដោយ។ បងមិនអាចពិពណ៌នាច្រើនពីភាពពិសេសរបស់ អូនចំណាន ចំពោះបងឱ្យបានអស់នោះទេ ប៉ុន្តែអ្វីដែលបងអាចនិយាយបានខ្លីៗនោះគឺ ពិភពលោករបស់បងពោរពេញដោយស្នាមញញឹមគ្រប់ពេលដែលបងគិតដល់អូន»៕