កាលពីពេលថ្មីៗកន្លងទៅនេះ មហាជនមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ក្រោយពីលោកគ្រូមហាជន ដែលល្បីល្បាញខាងហៅទឹកភ្លៀង និងទស្សន៍ទាយពីអនាគតជំងឺកូវីដ១៩នោះ បានប្រកាសដំណឹងដ៏រីករាយរបស់ខ្លួន។
លោកគ្រូ មហាជន បានប្រកាសដំណឹងដំណឹងល្អរបស់ខ្លួនកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ដូច្នេះថា «ក្នុងថ្ងៃដ៏នក្ខត្តឫក្សនេះ!!! ខ្ញុំបាទ លោកគ្រូមហាជ័យម្ចាស់វិមានមហាជ័យ មានសេចក្ដីត្រេកអរ និងអរព្រះរាជគុណយ៉ាងជ្រាលជ្រៅ ក្នុងឱកាសដែលសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្រេចត្រាស់ខ្ញុំបាទជាទីប្រឹក្សាផ្ទាល់ មានគោរម្យ៍ងារ ជាបុណ្យមីត្រៃលោកនាថមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍នៃព្រះរាជាណាចក្រកម្ពុជា»។
ក្រោយពីមានការប្រកាសដូច្នេះ មតិមួយចំនួនក៏សម្ដែងការអបអរសាទរ ខណៈមួយចំនួនទៀត បានបង្ហោះសារជាបន្តបន្ទាប់ធ្វើការរិះគន់ឥតសំចៃទៅលើ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ថា ខ្វះមនុស្សមែន បានជាយកលោកគ្រូម្នាក់នេះ ធ្វើជាទីប្រឹក្សាផ្ទាល់នោះ។
ឆ្លើយតបនឹងការរិះគន់នេះ មានមតិមួយចំនួន បានធ្វើការបកស្រាយច្បាស់ៗថា «ឧបាសក/ឧបាសិកាពុទ្ធសាសនរូបត្ថមក៍មិនមែនជាទីប្រឹក្សាផ្នែកផ្តល់យោបល់ពុទ្ធសាសនាទេ ហើយក៏មិនមិនជាប់ពាក់ព័ន្ធនឹងការបកស្រាយផ្នែកទ្រឹស្ដីរបស់ព្រះពុទ្ធជាអម្ចាស់ដែរ ប៉ុន្តែជាអ្នកដែលតែងតែទំនុកបម្រុងសាសនា មានជាអាទិ៍បច្ច័យសម្រាប់ការកសាង ចង្ហាន់ ឬសម្ភារៈផ្សេងៗ ទៀតសម្រាប់ទ្រទ្រង់ដល់ព្រះសង្ឃ និងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តជាដើម…»។
«បងប្អូនកុំទម្លាប់ជេរតាម គ្នា ត្រូវស្វែង យល់ពីពាក្យថាសាសនូបត្ថម្ភអោយបានច្បាស់សិន….នេះជាឧទាហរណ៍ មួយ គឺ អ្នកដែលបានឧបត្ថម្ភលើសលប់ដល់ព្រះពុទ្ធសាសនា គឺគេតែងផ្តល់ងារ ជាការលើកទឹកចិត្តជូនពួកគាត់….បងប្អូនស្រលាញ់សាសនាណាស់ តែអត់ប្រើបញ្ញាមកពិចារណា គឺគិតតែពីជេរដៀល ទោះមិនធ្លាក់នរកនឹងបាបអីផ្សេងក៏ មកបាបត្រឹម បងប្អូនមុសា បច្ច័យទានគេដែរ»៕