លោក ឆាយ វីរៈយុទ្ធ ជា កូនទី៦ ក្នុងចំណោមបងប្អូន៧នាក់ ដែលមានស្រី២នាក់ និងប្រុស៥នាក់។ បងប្អូនទាំង៧នាក់ របស់លោក មានឈ្មោះដូចជា ទី១ ឆាយ ស្រីពេជ្រ ទី២ ឆាយ សំណាង ទី៣ ឆាយ ពៅ ទី៤ ឆាយ ចាន់ម៉ៅ ទី៥ ឆាយ ចាន់ឆាន ទី៦ រូបលោកផ្ទាល់ ឆាយ វីរៈយុទ្ធ និងទី៧ ឆាយ សុវណ្ណារី។
តារា ចម្រៀងរូបនេះ កើតនៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ១៩៨៧ ក្នុងភូមិ ពោធិសាលាទី២ ឃុំព្រែកក្របៅ ស្រុក កងមាស ខេត្តកំពង់ចាម។ លោកមានឪពុកឈ្មោះ ឆយ គឹមឆាយ ជាអតីតមន្ត្រីយោធា និងម្ដាយមានឈ្មោះ គង់ ឡៃស៊ឹង ជាអតីតគ្រូបង្រៀន។
លោក បានរៀបអាពាហ៍ពិពាហ៍បង្កើតជីវិតគ្រួសារ ជាមួយនឹងកូនថៅកែរោងម៉ាស៊ីនកិនស្រូវដ៏ធំនៅទឹកដីខេត្តកំពង់ចាម អ្នកស្រី សែ ចាន់ឌី ដោយពិធីនោះធ្វើឡើងយ៉ាងឱឡារិក នៅតាមបណ្តាយផ្លូវជាតិលេខ ៦A ស្ថិតនៅក្នុង ភូមិតាសែន ឃុំសុទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧។
ក្រោយរៀបការរយៈពេលប្រហែល២ឆ្នាំ លោកក៏ទទួលបានកាដូកូនស្រីម្នាក់ និងបានបង្ហោះសាររៀបរាប់ថា «វីរៈយុទ្ធ អភិជាតាទេវី ហៅ អាតារ៉ា កើតថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៨.២៧ នាទីព្រឹក ទំងន់ ៣ គីឡូក្រាម ខណៈកូនប្រុស នាយ ចយ កើតនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ សម្រាលនៅវេលាម៉ោង ៩៖៣២ នាទីយប់ មានទំងន់ ៣គីឡូ ៣ខាំ»។
ក្រឡេកមកមើលសកម្មភាពជាមួយអ្នកមានគុណវិញ, បើទោះមិនសូវបានផុសរូបញឹកញាប់ក៏ពិតមែន ប៉ុន្តែឲ្យតែពេលដល់ថ្ងៃពិសេសណាមួយនោះ លោក តែងតែរំលឹកដល់គុណឪពុកម្ដាយ ជាមួយនឹងការជូនពរពួកគាត់ផងដែរ។
ជាក់ស្ដែង កាលពីទិវាគុណម្ដាយ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ លោកបានបង្ហោះរូបថតជាមួយម្ដាយពេលនៅតូច និងពេញវ័យ អមដោយសារថា «រីករាយទិវាគុណម្តាយ កូនសូមជូនពរម៉ែមានសុខភាពល្អជាម្លប់ដល់កូនចៅទាំងអស់គ្នា»។
ដោយឡែក នៅទិវាគុណឪពុក នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ វិញ លោក បានបង្ហោះរូបថតជាមួយឪពុករបស់ខ្លួន អមដោយសារជូនពរបែបនេះថា «ជូនពរលោកឪពុកជាទីគោរពស្រលាញ់ មានសុខភាពល្អរហូតតទៅ (ទម្រាំតែបានមួយបុស្តិ៍ ហិហិហិ) ពីកូនប្រុស»៕
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបថតខាងក្រោមនេះទាំងអស់គ្នា ៖