យល់ដឹង៖ សន្ទស្សន៍នៃការកើនឡើងកាំរស្មីព្រះអាទិត្យ UV អាចនឹងបង្កគ្រោះថ្នាក់ដល់យើងទាំងអស់គ្នា ដូចជាប៉ះពាល់ដល់ស្បែកនិងភ្នែក ប្រសិនបើយើងមិនបានរកវិធីការពារឲ្យបានត្រឹមត្រូវ។ បើតាមការចេញផ្សាយសេចក្ដីជូនដំណឹងរបស់ក្រសួងក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា ផ្អែកទៅលើការស្រាវជ្រាវរបស់អង្គការឧតុនិយមពិភពលោក WMO បង្ហាញថា នៅតំបន់ឥណ្ឌូចិន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នឹងទទួលរងឥទ្ធិពលកាំរស្មីព្រះអាទិត្យ UV មានសន្ទស្សន៍កម្រិត១០គួរឲ្យប្រុងប្រយ័ត្ន នៅចន្លោះម៉ោង១០ព្រឹកដល់២រសៀល។
ជាទូទៅ ប្រសិនបើអ្នកចង់ដឹងពីកម្រិតនៃសន្ទស្សន៍កាំរស្មីព្រះអាទិត្យ UV អ្នកអាចចូលមើលកម្មវិធីអាកាសធាតុនានាក្នុងទូរសព្ទ មុននឹងធ្វើដំណើរចេញទៅខាងក្រៅ។ ប៉ុន្តែថ្ងៃនេះ ខ្មែរឡូតនឹងលើកយកកម្មវិធីទូរសព្ទមួយដ៏ល្បីមកនិយាយ គឺ The Weather Channel ដែលមានបង្ហាញទាំងកម្រិតនៃសន្ទស្សន៍កាំរស្មីព្រះអាទិត្យ UV និងផែនទីផងដែរ។ ចំណុចខុសប្លែកពីកម្មវិធីអាកាសធាតុដទៃទៀត គឺថាកម្មវិធី The Weather Channel មានបង្ហាញផែនទីនៃកម្រិតសន្ទស្សន៍កាំរស្មី UV ដែលព្យាករណ៍ប្រចាំម៉ោងនិងថ្ងៃ ងាយស្រួលឲ្យយើងដឹងពីគ្រោះថ្នាក់ និងត្រូវបង្ការខ្លួនទុកជាមុន។ អ្នកអាចទាញយកកម្មវិធីមួយនេះបាន ទាំងនៅលើប្រព័ន្ធប្រតិបត្តិការ iOS និង Android។
ដើម្បីឆែករកមើលកម្រិតសន្ទស្សន៍កាំរស្មីព្រះអាទិត្យ UV នៅលើផែនទីនៃកម្មវិធីមួយនេះ អ្នកទាំងអស់គ្នាត្រូវធ្វើដូចវិធីខាងក្រោម៖
១. ដំបូងអ្នកត្រូវចូលចុចលើពាក្យ Radar (រ៉ាដា)
២. វានឹងនាំយើងចូលទៅកាន់ផែនទី បន្ទាប់មកចុចលើចំណុចពាក្យ Layers
៣. រួចវានឹងនាំយើងទៅដល់ផ្ទាំងថ្មីមួយទៀត ដោយយើងត្រូវអូសរកមើលនិងចុចលើពាក្យ UV Index ហើយចេញទៅមើលផែនទីវិញ
ចូរចងចាំថា នៅពេលកម្រិតនៃសន្ទស្សន៍កាំរស្មីព្រះអាទិត្យ UV កើនឡើងខ្លាំង ពួកយើងត្រូវរកវិធីការពារខ្លួន មុននឹងចេញទៅខាងក្រៅផ្ទះ ដូចជាស្លៀកសម្លៀកបំពាក់បិទជិត (អាវដៃវែងនិងខោជើងវែង) ពាក់មួកឬបាំងឆ័ត្រ ប្រើប្រាស់វ៉ែនតាការពារពន្លឺព្រះអាទិត្យ លាបឡេការពារកម្ដៅថ្ងៃ និងព្យាយាមជ្រកនៅក្រោមម្លប់ឲ្យបានច្រើន៕ នេះបើតាមការចុះផ្សាយរបស់khmerload។
គួរបញ្ជាក់ថា UV ពាក្យពេញគឺ ultraviolet ray កាំរស្មីយូវីមាន៣ប្រភេទគឺ UVC, UVB និង UVA
☀️UVC: កាំរស្មីព្រះអាទិត្យដែលចាំងជះមកប៉ះនឹងស្រទាប់ខាងលើគេបង្អស់នៃស្បែករបស់យើង ដែលគេហៅថា Epidermis
☀️UVB: កាំរស្មីព្រះអាទិត្យដែលមានសមត្ថភាពអាចទំលុះដល់ស្រទាប់ទី២ នៃស្បែករបស់យើងដែលគេហៅថា Dermis ហើយធ្វើឲ្យស្បែឡើងក្រហម ហើម ជាំ និងអាចម៍រុយជាដើម
☀️UVA: គឺជាកាំរស្មីដែលខ្លាំងបំផុតអាចចូលទៅទំលុះដល់ស្រទាប់ទី៣ នៃស្បែកដែលគេហៅថា Hypodermis វាអាចបង្កឲ្យស្បែកខូចខ្លាំង បាត់បង់ខូឡាហ្សែន DNA និងចាប់ផ្ដើមជ្រាវជ្រួញឬយារធ្លាក់៕