ភ្នំពេញ ៖ បើទោះមកដល់ពេលនេះ ប្រពន្ធរបស់តារាចម្រៀងមាឌល្អិតកែវ វាសនា អ្នកនាង លឹម សុគន្ធធារី ហៅ ឆី ឆី មានកូនរហូតដល់ទៅ២យ៉ាងណាក្ដី តែបើនិយាយពីរូបសម្រស់ ស្អាតមិនចាញ់ក្រមុំនោះឡើយ ធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ផងដែរ។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ អ្នកនាង លឹម សុគន្ធធារី ហៅ ឆី ឆី បានបង្ហោះរូបថតមួយសន្លឹកនៅមុខវិឡារដ៏ស្កឹមស្កៃតម្លៃជិត១លានដុល្លាររបស់ខ្លួន ធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរពីរូបសម្រស់នៅតែស្អាត សាច់ខ្ចីដូចបណ្ដូលចេក កាន់តែក្មេងទៀតផង បើទោះកូន២ទៅហើយក្ដី។
គូស្នេហ៍មួយគូនេះ ធ្លាប់បានបញ្ជាក់រឿងពួកគេស្រឡាញ់គ្នារហូតដល់១៣ឆ្នាំ ជួបរឿងប្រេះឆារាប់ភ្លេច ព្រមទាំងមានអ្នកតាមបំបែកផងដែរ តែទីបំផុតពួកគេអាចជម្នះបាន រហូតឈានដល់ជីវិតអាពាហ៍ពិពាហ៍មានសុភមង្គលរហូតដល់សព្វថ្ងៃនេះតែម្ដង។
គួរបញ្ជាក់ថា ម្ចាស់បទ«កុលាបពុលដី» លោក កែវ វាសនា បានសម្រេចចិត្តបញ្ចប់ភាពនៅលីវហើយ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ជាមួយនឹងកូនស្រី របស់សេដ្ឋីជនបទ ឈ្មោះ«សេដ្ឋីលី» ក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
ក្នុងពិធីមង្គលការរបស់លោកនោះ គេកត់សម្គាល់ឃើញថា អ្នកសិល្បៈជិតស្និទ្ធ មួយចំនួនធំ មិនបានទៅចូលរួមដោយផ្ទាល់នោះទេ ពោលគឺពួកគេអាចនឹងចាំ ជួបជុំគ្នា ម្ដងទៀត នៅក្នុងទីក្រុងភ្នំពេញ ក្នុងពិធីកាត់ចំណងដៃ។
ក្រោយរៀបការ បើគិតមកទល់ពេលនេះ លោក កែវ វាសនា បានជោគជ័យយ៉ាងខ្លាំងជាមួយនឹងការសាងសង់វិឡារតម្លៃជាង៨០ម៉ឺនដុល្លាររួចរាល់ ព្រមទាំងមានកូនក្នុងបន្ទុកគ្រួសារចំនួន២នាក់ទៅហើយ តែសម្រាប់ទំនាក់ទំនង និងក្តីស្រលាញ់ រវាងប្រពន្ធ នៅតែស្រលាញ់លើសដើម មិនប្រែប្រួលទៅណាទេ។
ថ្មីៗនេះ ភរិយា លោកកែវ វាសនា បានទម្លាយពីប្រភពចំណូលរបស់ខ្លួនថា មានចំនួន៣ផ្នែក ហើយការមានបានដូចសព្វថ្ងៃ ក៏មិនមែន ដោយសារទ្រព្យសម្បត្តិរបស់ឪពុកម្ដាយ១រៀលដែរ គឺបានគ្រប់យ៉ាងដូចសព្វថ្ងៃជាញើសឈាមរបស់ពួកគេទាំង២តែម្ដង។ តាមរយៈនេះ ឃើញថា ប្រពន្ធលោក កែវ វាសនា មិនត្រឹមតែស្អាតនោះទេ ថែមទាំងឆ្លាតក្នុងការរកស៊ី ទៀតផង៕