រាជធានីភ្នំពេញ ៖ រយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ តារាជើងចាស់ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញកាលពីជាង១០ឆ្នាំមុន លោក ឈឿន ឧត្តម ត្រូវបានគេសង្កេតឃើញថា លោកបានស្ងប់ស្ងាត់បាត់មុខសូន្យឈឹងក្នុងវិថីសិល្បៈចម្រៀង ដែលធ្វើឲ្យមហាជនអ្នកគាំទ្ររបស់លោកមានការងឿងឆ្ងល់ជាខ្លាំង ។
យ៉ាងណាការបាត់ដំណឹងពីសិល្បៈចម្រៀងរបស់ម្ចាស់បទ «រនោចខែប្រាំង» លោក ឈឿន ឧត្ដម ត្រូវបានប្រភពបង្ហើបឲ្យដឹងថា គឺដោយសារតែមានតារាចម្រៀងស្រករក្រោយច្រើន ទើបមិនសូវមានការអញ្ជើញលោក ឲ្យឡើងតាមស្ថានីយទូរទស្សន៍ ស្របពេលដែលសុខភាព និងវ័យរបស់លោកកាន់តែជ្រេរ ពោលគឺបច្ចុប្បន្ននេះលោកមានវ័យចូល៤៦ឆ្នាំហើយ ជាហេតុធ្វើឱ្យការងារសិល្បៈស្ងប់ស្ងាត់តែម្ដង ។
គួររំឭកផងដែរថា តារាជើងចាស់លោក ឈឿន ឧត្ដម គឺជាតារាចម្រៀងដ៏ល្បីល្បាញផ្នែកចម្រៀងមនោសញ្ចេតនា ហើយលោកបានចូលប្រឡូកក្នុងសិល្បៈនាឆ្នាំ១៩៩៨ តាមរយៈការប្រឡងចម្រៀងក្នុងកម្មវិធី «គន្លងតារា» របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្ថិ៍លេខ៥ ។ ដោយពេលនោះលោកទទួលបានជ័យលាភីលេខ ២ និងក្រោយមក លោកមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង នៅក្នុងផលិតកម្ម រស្មីស្ទឹងសង្កែ មានដូចជាបទ «ខ្លាចរកាដែក», «ឱបស្រមោល», «រនោចខែប្រាំង», «ទឹកភ្នែកជនពាល», «ទូរស័ព្ទអ្នកណា?» និង «ប្រពន្ធនរណាគេហ្ន៎» ព្រមទាំងបទចម្រៀងល្បី មួយចំនួនទៀតផងដែរ ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖